រាជធានីភ្នំពេញ ៖ កម្លាំងមានសមត្ថកិច្ចធ្វើការបង្ក្រាបករណីជួញដូរមនុស្សទៅប្រទេសចិនចំនួន២នាក់ និងរំដោះនារីរងគ្រោះចំនួន២នាក់ ។ ជនសង្ស័យប្រុសស្រី២នាក់ជាបងប្អូនបង្កើតនឹងគ្នានោះត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបញ្ជូនខ្លួនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមនីតិវិធី នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ នេះ ។
សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ បានចុះប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ដែលជាមេខ្យល់ និងរំដោះជនរងគ្រោះបាន២នាក់ដែលជាប់ពាក់ព័ន្ធទៅនឹងករណីជួញដូរមនុស្សឆ្លងដែនពីប្រទេសកម្ពុជាទៅប្រទេសចិនតាមបណ្ដោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ប្រតិបត្តិការនេះក្រោមការចង្អុលបង្ហាញពីសំណាក់លោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញដោយមានការសម្របសម្រួលពីលោក គុជ គីមឡុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដឹកនាំបញ្ជាផ្ទាល់ដោយឧត្តមសេនីយ៍ត្រី ចាន់ កិត្តិខុម ស្នងការរងទទួលផែនប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ ។
ជនសង្ស័យទាំង២នាក់បងប្អូនទី១-ឈ្មោះ ទេព ជី ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ត្រូវបានឃាត់ខ្លួននៅចំណុចហាងកាហ្វេ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងទី២-ឈ្មោះ ទេព សុគន្ធ ភេទស្រី អាយុ៣៨ឆ្នាំ ស្នាក់នៅស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ត្រូវបានឃាត់ខ្លួនចំណុចមុខរោងចក្រ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជនសង្ស័យទាំង២ត្រូវជាបងប្អូនបង្កើត និងមានជនសង្ស័យម្នាក់ទៀតត្រូវជាបងប្អូនជាមួយជនសង្ស័យទាំង២នាក់ដែរដែលកំពុងរស់នៅប្រទេសចិនតែម្ដងឈ្មោះ ទេព សាលី ។
បើតាមប្រភពព័ត៌មានឲ្យដឹងថា នៅមុនពេលឈានដល់ការឃាត់ខ្លួនជនសង្ស័យប្រុសស្រីទាំង២នាក់កម្លាំងនគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានធ្វើការស្រាវជ្រាវតាមជំនាញអស់រយៈពេលជាច្រើនថ្ងៃ រហូតដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ ទើបចុះប្រតិបតិ្តការឃាត់ខ្លួនជនសង្ស័យទាំង២នាក់បងប្អូននៅទីតាំងផ្សេងគ្នាដែរម្ដង ។
ប្រភពពីនារីរងគ្រោះរាប់រៀបប្រាប់ថា កាលពីថ្ងៃបុណ្យចូលឆ្នាំរូបនាងបានស្គាល់គ្នាជាមួយស្ត្រីម្នាក់ឈ្មោះ ទេព សាលី អាយុ៣០ឆ្នាំ បានបបួលរូបនាងឲ្យទៅប្រទេសចិនដោយថា ងាយរកលុយហើយបើរូបនាងព្រមទៅពេលទៅដល់ប្រទេសចិននឹងវេរលុយឲ្យឪពុកម្ដាយនាងចំនួន៣៥០០ដុល្លារតែម្ដង ។ ពេលនោះរូបនាងថា ចាំគិតមើលសិន ។ មួយរយៈក្រោយមកស្ត្រីឈ្មោះ ទេព សាលី បានទាក់ទងមកបញ្ជុះបញ្ជូលរាល់ថ្ងៃថាបើព្រមទៅប្រទេសចិនរូបគាត់នឹងថែមលុយឲ្យច្រើនជាងនេះទៀតស្ដាប់យូរៗទៅរូបនាងក៏សម្រេចចិត្តថាទៅ ព្រោះគិតថាចង់បានលុយដើម្បីផ្ញើជូនឪពុកម្ដាយ ។ បន្ទាប់ពីនាងសម្រេចចិត្តថា ទៅហើយនោះ ស្ដ្រីឈ្មោះ សាលី បានឲ្យប្អូនប្រុសរបស់គាត់ឈ្មោះ ទេព ជី ទាក់ទងមកនាងដើម្បីយកទៅធ្វើលិខិតឆ្លងដែន(ធ្វើ១ថ្ងៃយកតែម្ដងតម្លៃ២៣០ដុល្លារ) ។
នគរបាលបញ្ជាក់ថា ជនសង្ស័យដែលនគរបាលឃាត់ខ្លួនបានមានគោលបំណងនាំនារីគ្រោះចេញទៅប្រទេសចិន តាមច្រកបាវិត ចូលប្រទេសវៀតណាម រួចឡើងយន្តហោះទៅប្រទេសចិនតែម្ដង ប៉ុន្តែត្រូវភ្លាត់ស្នៀតត្រូវមន្ត្រីជំនាញឃាត់ខ្លួន ។ ចំណែកនារីរងគ្រោះត្រូវបានកម្លាំងនគរបាលប្រគល់ជូនមន្ទីរសង្គមកិច្ចរាជធានីដើម្បីធ្វើការអប់រំ ៕
ចែករំលែកព័តមាននេះ