ទីក្រុង Guangzhou ៖ សហរដ្ឋអាមេរិកមានគម្រោងដាក់ពន្ធលើផលិតផលនាំចូលពីប្រទេសចិន ប្រមាណ៥០ប៊ីលានដុល្លារ និងទប់ស្កាត់ការវិនិយោគពីប្រទេសចិនថែមទៀត។ ការសម្រេចចិត្តនេះ ធ្វើឲ្យមានការភ័យព្រួយថា អាចបង្កឲ្យមានសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសសេដ្ឋកិច្ចធំជាងគេទាំងពីរនៅលើពិភពលោក ។
យោងតាមអ្នកវិភាគឲ្យដឹងថា ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់របស់ប្រទេសចិន រួមមាន ឧស្សាហកម្មផលិតឧបករណ៍អេឡិចត្រូនិក, បច្ចេកវិទ្យាព័ត៌មាន និងថាមពលថ្មី អាចជាគោលដៅនៃគម្រោងដាក់ពន្ធរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ។
ក្នុងរយៈពេល១សប្តាហ៍កន្លងមកនេះ ក្រុមហ៊ុនផលិតរបស់ប្រទេសចិនជាច្រើន ក៏ទទួលរងសម្ពាធពីផ្នែកខ្សែសង្វាក់ផលិតកម្មពិភពលោកផងដែរ ។
លោក Tang Guobao អនុប្រធានក្រុមហ៊ុន Guangzhou Rusong Technology Co Ltd ដែលជាក្រុមហ៊ុនផលិតម៉ាស៊ីនសម្រាប់ការធ្វើឧស្សាហកម្ម បាននិយាយថា ៖« ស្ថានភាពនៅពេលនេះ គឺពិបាករក្សាគំនិតសុទិដ្ឋិនិយមណាស់ » ។
លោកបន្តថា ប្រទេសចិនមានក្រុមហ៊ុនផលិតធំជាងគេផ្នែកម៉ាស៊ីនក្នុងវិស័យឧស្សាហកម្ម ប៉ុន្តែឧបករណ៍ជាច្រើនសម្រាប់ម៉ាស៊ីនទាំងនេះ ត្រូវបានផលិតដោយក្រុមហ៊ុននៅសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងសហភាពអឺរ៉ុប ។ លោកថា ៖« យ៉ាងហោចណាស់ ក្នុងអាជីវកម្មម៉ាស៊ីនឧស្សាហកម្ម នឹងគ្មានអ្នកណាឈរមើលទេ គឺមានតែអ្នកទទួលរងផលប៉ះពាល់ពីសង្គ្រាមពាណិជ្ជកម្មប៉ុណ្ណោះ » ។
ជាមួយគ្នានេះ ប្រធានក្រុមហ៊ុនផលិតស្មាតហ្វូនម្នាក់សុំមិនបញ្ចេញឈ្មោះនិយាយថា ៖«ការផលិតស្មាតហ្វូនក្នុងប្រទេសចិន គឺជាផ្នែកមួយដ៏សំខាន់ ។ ការបែងចែកពលកម្ម និងចែករំលែកប្រាក់ចំណេញ គឺរួមទាំងក្រុមហ៊ុនអាមេរិកផងដែរ » ។
ក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃព្រហស្បតិ៍ លោក Gao Feng អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានជំរុញឲ្យសហរដ្ឋអាមេរិកបន្តការធ្វើពាណិជ្ជកម្មវិញ ដោយគាំទ្រកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះរវាងប្រទេសទាំងពីរ ៕
ចែករំលែកព័តមាននេះ