ខេត្តក្រចេះ ៖ ថ្នាំញៀនប្រភេទម្សៅពណ៌ស ដែលគេហៅថាម៉ាទឹកក មានទម្ងន់ជាង១គីឡូក្រាម ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន ធ្វើការអង្កេតស្រាវជ្រាវ ឈានឲ្យដល់ការចាប់បង្ក្រាបពីជនសង្ស័យម្នាក់។ ស្នងការនគរបាលខេត្តលោកឧត្តមសេនីយ៍ទោ លន់ សុផាត បានមានប្រសាសន៍ប្រាប់ឲ្យដឹងថា បន្ទាប់ពីមានការកំណត់លើមុខសញ្ញាលើជនសង្ស័យ បានច្បាស់លើមុខសញ្ញាសង្ស័យដែលកម្លាំងនគរបាលបានស្រាវមានរយៈពេលជាយូរមកហើយនោះទើបឈានឲ្យមានការចាប់ខ្លួនជននេះបានកាលពីយប់ថ្ងៃទី១៧ ខែមករា នៅលើផ្លូវជាតិមួយកន្លែងក្នុងឃុំ ចង្ក្រង់ ស្រុកចិត្របុរី។ ជាមួយនឹងការឃាត់ខ្លួននេះ ក៏ត្រូវបានលោកឧត្តមសេនីយ៍ទោស្នងការបញ្ជាក់ថា នគរបាលបានឆែកឆេររកឃើញគ្រឿងញៀនមានចំនួន១០កញ្ចប់ មាន៣កញ្ចប់ធំ និងមធ្យមព្រម ទាំង៧កញ្ចប់តូច សរុបទម្ងន់ជាង១គីឡូក្រាម(១,០៤១១គីឡូក្រាម)។
ស្នងការរងកណ្តាល ប្រឆាំងបទល្មើស លោកឧត្តមសេនីយ៍ត្រី គង់ វណ្ណារិទ្ធ បានបង្ហាញ អត្តសញ្ញាណជនសង្ស័យ ជាមុខសញ្ញាម្នាក់នេះថា មានឈ្មោះ ខាន់ វុទ្ធី ហៅឆក អាយុ៣២ឆ្នាំ មានមុខរបរមិនពិតប្រាកដ និងមានទំនៅក្នុងឃុំថ្មគ្រែ ស្រុកចិត្របុរី ហើយក៏ជាមុខសញ្ញាចាស់ ដែលធ្លាប់បានឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីគ្រឿងញៀនផងដែរ។ បើតាមលោកឧត្តមសេនីយ៍ស្នងការរងបានបញ្ជាក់ទៀតថា ក្រោយការកំណត់លើមុខសញ្ញាបានច្បាស់ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកព្រះរាជអាជ្ញាររងខេត្ត។ កម្លាំងនគរបាលបានស្ទាក់ចាប់ខ្លួនជននេះ នៅពេលដែលរូបគេកំពុងតែជិះម៉ូតូលើផ្លូវជាតិតែម្នាក់ឯង។
ក្នុងនោះនគរបាលបានឆែកមើលក្នុងកាបូបស្ពាយរបស់ជននេះ ហើយបានរកឃើញមានលាក់ គ្រឿងញៀនមួយចំនួនធំ។ ក្រោយការចាប់ខ្លួន និងឆែកឆេររកឃើញគ្រឿងញៀនដែលជន នេះបានដឹកជញ្ចួនរួចមក កម្លាំងនគរបាលបានបន្តនីតិវិធីមកឆែកឆេរដល់លំនៅឋានរបស់ ជននេះបន្តទៀត ហើយបានរកឃើញគ្រឿងញៀនមួយចំនួនធំទៀតផងដែរ។ នគរបាលការិយាល័យ ប្រឆាំងការជួញដូរគ្រឿងញៀនខេត្តបានឲ្យដឹងថា ក្រោយការចាប់ខ្លួនរួចមក ជនសង្ស័យក្នុងអំពើជួញដូរ គ្រឿងញៀនទ្រង់ទ្រាយធំម្នាក់នេះរួមទាំងគ្រឿងញៀនទម្ងន់ជាង១គីឡូក្រាម ត្រូវបានចាត់ បញ្ជូនខ្លួនមកកាន់ស្នងការដ្ឋានដើម្បីបន្តនីតិវិធី៕
https://youtu.be/7qLXu0wGAJg
ចែករំលែកព័តមាននេះ