រាជធានីភ្នំពេញ ៖ វិស័យភាពយន្តនៅកម្ពុជាប៉ុន្មានឆ្នាំចុងក្រោយនេះ គឺទទួលបានការគាំទ្រខ្លាំង ហើយការផលិតទៀតសោតក៏មានចំនួនកើនឡើងផងដែរ ទាំងការចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ និងតាមរោងភាពយន្ត ។
ទំហំនៃការផលិតភាពយន្តខ្មែរមួយរឿងគិតជាមធ្យមប្រមាណ៥ម៉ឺនដុល្លារ ។ នេះបើយោងតាមលោកប៉ុក បូរក្ស ប្រធានស្តីទីនាយកដ្ឋានភាពយន្តនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ឲ្យដឹងកាលពីពេល ថ្មីៗកន្លងមក ។
លោកប៉ុក បូរក្ស បញ្ជាក់ថា ចំនួនទឹកប្រាក់សម្រាប់ការផលិតគឺមិនអាចទៀងទាត់ឡើយ ពោលវាអាចប្រែប្រួលទៅតាមការផលិតជាក់ស្តែង ព្រោះការផលិតភាពយន្តខ្លះការចំណាយក៏អាចទាបជាងនេះ ឬច្រើនជាង៥ ម៉ឺនដុល្លារសហរដ្ឋអាមេរិកក៏មានដែរ ។ ការចំណាយក្នុងការផលិតភាពយន្ត គឺប្រែប្រួលទៅតាមការចង់បានរបស់ផលិតករផ្ទាល់ ដែលចង់ឲ្យសាច់រឿងរបស់ខ្លួនមានគុណភាព ។ ប៉ុន្តែជាទូទៅបើគិតជាមធ្យម គឺការចំណាយប្រហាក់ប្រហែល៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក ក្នុងការផលិតភាពយន្តមួយរឿងសម្រាប់រឿងដុំ ឬក៏រឿងភាគ ។ ជាក់ស្តែងនៅឆ្នាំ២០១៧នេះ មានខ្សែភាពយន្តខ្មែរមួយរឿង គឺរឿង «ហ្លួងព្រះស្តេចកន» បានចំណាយការវិនិយោគច្រើន ។
លោកប៉ុក បូរក្ស ឲ្យដឹងថា គិតត្រឹម៩ខែនៅឆ្នាំ២០១៧នេះ មានខ្សែភាពយន្តខ្មែរចំនួន១៨រឿងត្រូវក្រសួងផ្តល់ទិដ្ឋាការឱ្យផ្សព្វផ្សាយ ខណៈពេលដែល៣២រឿងទៀតកំពុងតែបញ្ជូនមកក្រសួងដើម្បីសុំសិទ្ធិក្នុងការផលិត។
បើតាមលោកប៉ុក បូរក្ស ទំហំនៃការវិនិយោគ និងការផលិតខ្សែភាពយន្តខ្មែរ បើទោះបីមានសន្ទុះកើនឡើងក៏ពិតមែន តែនៅមានចំណែកតូចនៅក្នុងទីផ្សារក្នុងស្រុក ក្នុងពេលដែលការនាំចូលខ្សែភាពយន្តបរទេសនៅតែមានការកើនឡើងខ្លាំង ។
ដោយឡែកពាក់ព័ន្ធនឹងការរិះគន់របស់បណ្តាផលិតករខ្មែរមួយចំនួនទៅលើការចេញច្បាប់យកពន្ធពីការផលិតខ្សែភាពយន្តខ្មែរនោះ លោកប៉ុក បូរក្ស អះអាងថាអ្វីដែលនាំឲ្យកើតមានការរិះគន់នេះឡើង គឺភាគច្រើនចេញពីផលិតករដែលមិនបានចូលរួមសិក្ខាសាលាដែលក្រសួងបានធ្វើឡើងនាពេលកន្លងមក ។ វិធានការ៥ចំណុចដែលយើងបានដាក់ជូននៅសិក្ខាសាលានាពេលនោះគឺដើម្បីលើកស្ទួយដល់វិស័យភាពយន្តខ្មែរប៉ុណ្ណោះ ។
លោកប៉ុក បូរក្ស ថ្លែងថា៖ «ជាក់ស្តែងការយកពន្ធពីការលក់សំបុត្រក្នុងការដាក់បញ្ចាំងតាមរោងភាពយន្តនោះ ជាទូទៅគឺផលិតករត្រូវកាត់ពន្ធ១០% ទៅលើ Vat លើតម្លៃសំបុត្រ៣ដុល្លារ ប៉ុន្តែក្នុងអង្គសិក្ខាសាលាយើងបានសម្រេចឲ្យពួកគាត់លក់សំបុត្រ ៣,៣ដុល្លារវិញ ហើយ៣កាក់នេះសម្រាប់បង់ពន្ធចូលរដ្ឋ ។ ការបង់ពន្ធរដ្ឋក្នុងចំនួននេះមិនមែនជាបន្ទុករបស់ផលិតករនោះឡើយ ប៉ុន្តែផ្ទុយទៅវិញវាជាបន្ទុករបស់អ្នកមើល ចំណែកចំណូលសម្រាប់ផលិតករគឺនៅរក្សាដដែលមិនមានការកាត់ឡើយ»។
កាលពីថ្ងៃ២៥ ខែតុលា សិក្ខាសាលាមួយរៀបចំឡើងដោយនាយកដ្ឋានភាពយន្ត ដែលមានការអញ្ជើញចូលរួមពីលោកជំទាវរដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្នាក់ដឹកនាំក្រសួងព័ត៌មាន និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្ដីពីវិបត្តិពន្ឋដារក្នុងវិស័យភាពយន្ត ។ ក្រោយបូកសរុបអង្គសិក្ខាសាលាថ្នាក់ដឹកនាំតំណាងឱ្យក្រសួងទាំងពីរក៏បានឯកភាពតាមការស្នើសុំរបស់ប្រធានសមាគមភាពយន្ត លោកឆាយ ប៉ូរា ដែលបានដាក់សំណើ៥ចំណុចជូនតាមរយៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្នើសុំរដ្ឋាភិបាល «មេត្តាពិនិត្យ និងអនុគ្រោះពន្ធចំនួន១០ឆ្នាំលើវិស័យភាពយន្ត» ដោយយោងលើកម្មវត្ថុ៖ បន្ថយបន្ទុកពន្ធ ទុកឱកាសឱ្យផលិតករភាពយន្តកាត់បន្ថយលើការចំណាយ មានភាពងាយស្រួលដើម្បីបង្កើនផលិតស្នាដៃភាពយន្តឲ្យមានគុណភាព ស្របតាមការជំរុញការអនុវត្តវិធានការ៥ចំណុចរបស់រដ្ឋាភិបាល ដើម្បីលើកស្ទួយវិស័យសិល្បៈនិងភាពយន្តខ្មែរ។ តំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ បានឯកភាពលើសំណើទាំ៥ចំណុចនេះ ស្នើទៅរដ្ឋាភិបាលហើយ។ ក្រោយសិក្ខាសាលានេះចប់ ថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធបានសំណូមពរដល់ផលិតករ ចាងហ្វាងផលិតកម្មទាំងអស់ «មេត្តារក្សាភាពស្ងប់ស្ងាត់ ក្រសួងវប្បធម៌បានទទួលសំណើ ហើយក្រសួងនឹងធ្វើការងារក្នុងនាមជាស្ថាប័នអាណាព្យាបាល ដើម្បីលើកស្ទួយវិស័យនេះ» ។
លោកប៉ុក បូរក្ស អះអាងថាក្រសួងមានផែនការក្នុងការយកពន្ធនៃការចាក់បញ្ចាំងភាពយន្តបរទេសតាមកញ្ចក់ទូរទស្សន៍នៅដើមឆ្នាំក្រោយផងដែរ ។ លោកបញ្ជាក់ថា៖ «ដោយឡែកបញ្ហាមួយទៀតពាក់ព័ន្ធទៅនឹងការនាំចូលភាពយន្តបរទេស ជាពិសេសភាពយន្តភាគដែលដាក់បញ្ចាំងតាមកញ្ចក់ទូរទស្សន៍ គឺយើងនឹងចាប់អនុវត្តការយកពន្ធគិតចាប់ពីដើមឆ្នាំ២០១៨នេះតទៅ»។
ក្រសួងវប្បធម៌ក៏បាន និងកំពុងបង្កើតនូវមូលធិនិទ្រទ្រង់ដល់វិស័យសិល្បៈដែលប្រឈម ហើយក្រសួងបានប្រមែប្រមូលនូវធនធាន ដើម្បីឲ្យមូលនិធិនេះដំណើរការបានសម្រាប់ជួយដល់វិស័យសិល្បៈខ្មែរ ។ វិស័យសិល្បៈដែលមានការប្រឈមនោះបច្ចុប្បន្នមាន ល្ខោនខោល របាំ អាយ៉ៃ ។ល។ ក្នុងនោះក៏មានវិស័យភាពយន្តនេះផងដែរ ។
ចំពោះបញ្ហាទីតាំងដែលផលិតករមួយចំនួនតែងតែត្អូញត្អែរពីការលំបាកសុំការថតនោះ ក្រសួងបានបង្កើតជាគណៈកម្មការអន្តរក្រសួងមួយរៀបចំឯកសារបញ្ជូនទៅកាន់គណៈរដ្ឋមន្ត្រីរួចហើយ ដើម្បីសម្រួលឲ្យចេញលិខិតអនុញ្ញាតដល់ផលិតករសុំទីតាំងថតដែលទទួលស្គាល់ពីភាគីពាក់ព័ន្ធទាំងអស់ ។ រដ្ឋាភិបាលក៏បានអនុគ្រោះក្នុងការព្យួរទុកពន្ធអាករជាបន្ទុករបស់រដ្ឋលើការនាំចូលសម្ភារ ដើម្បីបម្រើការផលិតរបស់ផលិតករក្នុងស្រុកផងដែរ ។ មានន័យថា ប្រសិនបើផលិតកម្មណាមួយមានភាពស្របច្បាប់ ហើយមានបំណងទិញសម្ភារក្នុងការផលិតនោះ គឺរដ្ឋាភិបាលមិនយកពន្ធនាំចូលឡើយ តែផ្ទុយទៅវិញគឺរដ្ឋាភិបាលជាអ្នកបង់ពន្ធជំនួស ។
លោកប៉ុក បូរក្ស បញ្ជាក់បន្ថែមថា អ្វីដែលក្រសួងខិតខំជំរុញ និងលើកស្ទួយដល់វិស័យសិល្បៈក្នុងស្រុកទៀតនោះ គឺលោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌បានសម្រេចដោយតម្រូវឲ្យការថតស្ប៉តពាណិជកម្ម ផ្សេងៗ គឺត្រូវប្រើប្រាស់តួសម្តែង និងប្រើប្រាស់ទីតាំងនៅក្នុងស្រុកឲ្យបានច្រើនបំផុត ៕
ចែករំលែកព័តមាននេះ