រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ បានធ្វើសកម្មភាពលួចយកម៉ូតូកញ្ចាស់ទុកមុខផ្ទះមួយគ្រឿងបានសម្រេច ហើយបណ្ដើរដល់ពាក់កណ្ដាលផ្លូវ ត្រូវបានម្ចាស់តាមទាន់ ចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច ចំណែកបក្សពួកម្នាក់ទៀតរត់គេចខ្លួនបាត់ កាលពីវេលាម៉ោង០៥ទាបភ្លឺ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ ជិតច្រកចូលវិទ្យុសំបុកឃ្មុំ ផ្លូវ៣៧១ ភូមិត្នោតជ្រំ៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ ចយ ចន្នី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលជិតច្រកចូលវត្តសន្សំកុសល ផ្លូវ២៧១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។ ចំណែកជនសង្ស័យមានឈ្មោះ សុខ ឌីណា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបើកឡានដឹកខ្សាច់ ស្នាក់នៅម្តុំផ្លូវ២៧១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ម៉ូតូដែលជនសង្ស័យលួចម៉ាក ស៊ុយសុគី ស្មាស ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៥ ពាក់ស្លាកលេខ ភ្នំពេញ ១D-៩៤៧៩ ។ តាមសម្ដីជនរងគ្រោះ ជាម្ចាស់ម៉ូតូបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានទុកម៉ូតូនៅមុខផ្ទះចោលដូចធម្មតា ជារៀងរាល់ថ្ងៃ ពីព្រោះអីគាត់គិតថា ម៉ូតូរបស់គាត់ចាស់ហើយគ្មានចោរឯណាមកលួចនោះទេ តែមកដល់ថ្ងៃកើតហេតុ រូបគាត់ជាម្ចាស់ម៉ូតូក៏មិនដឹងថាម៉ូតូរបស់ខ្លួនត្រូវចោរលួចដែរ តែនៅពេលនោះរូបគាត់កំពុងតែសម្រាន្តលង់លក់ ក៍ស្រាប់តែមានអ្នកជិតខាងឃើញមានបុរស២នាក់បានបណ្តើរម៉ូតូរបស់ពួកគាត់យកចេញ ហើយអ្នកជិតខាងរូបនោះ បានស្គាល់ម៉ូតូថា ជាម៉ូតូរបស់គាត់ ដូចច្នេះហើយទើបអ្នកជិតខាងបានមកប្រាប់ ទើបរូបគាត់ភ្ញាក់ពីដំណេកនាំគ្នាជិះម៉ូតូដេញតាម រហូតដល់ជិតច្រកចូលវិទ្យុសំបុកឃ្មុំ ផ្លូវ៣៧១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ទើបឃាត់ខ្លួនបានសង្ស័យម្នាក់កំពុងតែបណ្ដើរម៉ូតូ ចំនែកបក្ខពួកម្នាក់ទៀតបានរត់គេខ្លួនបាត់ ។ ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យម្នាក់នោះបានហើយ ពួកគាត់បានទូរស័ព្ទប្តឹងសមត្ថកិច្ចមូលដ្ឋាន ឲ្យមកយកជនសង្ស័យម្នាក់នោះ ទៅសាកសួរនៅប៉ុស្តិ៍នគរបាលបឹងទំពុន ។ ដោយឡែកជនសង្ស័យវិញ នៅចំពោះមុខសមត្ថកិច្ចបានសារភាពទាំងសភាពរវើរវាយថា រូបគេពិតជាបានប្រព្រឹត្តអំពើលួចម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន ។
ក្រោយពេលកើតហេតុ បន្ទាប់ពីសាកសួរជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលបឹងទំពុន ចំណែកជនសង្ស័យវិញ ត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅអធិការដ្ឋានខណ្ឌមានជ័យដើម្បីចាត់ការបន្ត ៕
ចែករំលែកព័តមាននេះ