ខេត្ដស្ទឹងត្រែង ៖ ការជួបគ្នារកដំណោះស្រាយពីបញ្ហាព្រំដែនកម្ពុជានិងឡាវ បានធ្វើឡើងកាលពីថ្ងៃទី២៧ ខែកុម្ភៈ នៅសេពៀន ក្នុងទឹកដីឡាវ ដែលភាគីកម្ពុជាតំណាងដោយលោក ដួង ពៅ អភិបាលរងខេត្ត រួមជាមួយមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹងរងស្ទឹងត្រែង និងកងកម្លាំងមួយចំនួនទៀត ដោយឡែកភាគីឡាវ តំណាងដោយអាជ្ញាធរខេត្តអត្តពឺ ។
តាមមន្ដ្រីយោធាការពារព្រំដែនកម្ពុជា បានឲ្យដឹងថា ទាហានឡាវមួយ«ខ» ចំនួន៥៥នាក់ ដែលបានដាក់ពង្រាយនៅលើទឹកដីកម្ពុជាបានដកថយទៅវិញយ៉ាងស្ងាត់ៗ ដោយបន្សល់ទុករណ្តៅត្រង់លេណដ្ឋានចំនួន៣៣នៅលើដីកម្ពុជា និងក្រដាសផែនទីគូសរៀបរាប់ពីគោលដៅយុទ្ធសាស្ត្ររបស់ខ្លួន ។ ដោយឡែក ទាហានឡាវនៅតាមខ្សែបន្ទាត់ព្រំដែនលើដីរបស់ខ្លួន នៅបន្តឈរជើងត្រៀមរារាំងដដែល ។
នៅក្នុងជំនួបនោះ អាជ្ញាធរ និងទាហានឡាវបានស្នើឱ្យកម្ពុជាបញ្ឈប់ការឈូសឆាយរង់ចាំជជែកគ្នាបន្ត តែភាគីកម្ពុជាឆ្លើយតបថា កម្ពុជាមិនអាចបញ្ឈប់បានទេព្រោះការស្ថាបនាផ្លូវយុទ្ធសាស្ត្រក្រវាត់ព្រំដែនគឺស្ថិតនៅលើទឹកដីកម្ពុជា ។
ទោះជាយ៉ាងណា ជំនួបនោះមិនបានលទ្ធផលល្អប្រសើរឡើយ តែបច្ចុប្បន្នស្ថានការណ៍បញ្ហាព្រំដែនបានស្ងប់ស្ងាត់បន្តិច ខណៈទាហានឡាវបានដកចេញពីដីកម្ពុជា ឯទាហានកម្ពុជាបន្តការពារបូរណទឹកកម្ពុជាតាមបន្ទាត់ព្រំដែនដដែល ។ មន្ត្រីនគរបាលការពារព្រំដែនវរលេខ៧០១ប្រចាំព្រំដែនកម្ពុជា បានឱ្យដឹងនៅព្រឹកថ្ងៃទី១ ខែមីនាថា គ្រឿងចក្រកងវិស្វកម្មមិនទាន់ដំណើរការបន្តនៅឡើយទេ តែកងរាវមីននៅបន្តរុករកដដែល ។ រីឯទាហានឡាវក៏បានដកចេញពីទឹកដីកម្ពុជាទៅដែរ ខណៈទាហានកម្ពុជានៅតែបន្តឈរជើងការពារទឹកដីរបស់ខ្លួនជាធម្មតា ។
គួរបញ្ជាក់ថា មុនពេលទាហានឡាវដកចេញពីទឹកដីកម្ពុជា ពួកគេបានជីករណ្តៅលេណដ្ឋានត្រៀមយ៉ាងច្រើន ដែលកម្ពុជាដឹងគ្រប់សកម្មភាពដែលទាហានឡាវប្រព្រឹត្តនៅលើទឹកដីរបស់ខ្លួន តែភាគីកម្ពុជាមានការអត់ធ្មត់ខ្ពស់ក្នុងសម្ព័ន្ធភាពជាមិត្តរវាងប្រទេសភូមិផងរបងជាមួយគ្នា ៕
ចែករំលែកព័តមាននេះ