ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​យោធា​ចាប់​ប្រពន្ធ​និង​ប្រុស​សហាយ​ឱ្យ​ប៉ូលិស

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​មាន​ប្ដី​ជា​មន្ត្រី​យោធា និង​មានកូន​ប្រុស​ម្នាក់​រួច​ទៅ​ហើយ មិនដឹង​ថា​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​បែប​ណា បែរជា​មាន​ស្នេហា​លួចលាក់​ជាមួយនឹង​បុរស​

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​មាន​ប្ដី​ជា​មន្ត្រី​យោធា និង​មានកូន​ប្រុស​ម្នាក់​រួច​ទៅ​ហើយ មិនដឹង​ថា​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​បែប​ណា បែរជា​មាន​ស្នេហា​លួចលាក់​ជាមួយនឹង​បុរស​ម្នាក់​ដែល​ជា​កម្មករ​រោងចក្រ ហើយ​បុរស​រូប​នេះ​ក៏​មាន​ប្រពន្ធ និង​កូនប្រុស​ម្នាក់​និង​ស្រី​ម្នាក់​រួច​ទៅ​ហើយ​ដែរ ។

ការ​ទំនាក់ទំនង​ស្នេហ៍​ខុស​តម្រា​នេះ​មាន​រយៈពេល​ជាង​១​ឆ្នាំ​កន្លង​មក​ហើយ ។ ពួក​គេ​ទាំង​ពីរ​នាក់ បាន​ផិតក្បត់​ប្ដី និង​ប្រពន្ធ​រៀង​ៗ​ខ្លួន ដោយ​បាន​ដឹក​ដៃ​គ្នា​ចូល​ផ្ទះសំណាក់​ទ្វារ​នាគ រួមរ័ក​មេត្រី​ជាមួយ​គ្នា​យ៉ាង​ត្រេកត្រអាល​ជា​បន្តបន្ទាប់ ហើយ​លើក​ចុង​ក្រោយ​នេះ អ្នក​ទាំង ពីរ​បាន​ដេក​ជាមួយ​គ្នា​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​ខាង​ស្រី​តែ​ម្ដង ទើបត្រូវ​បាន​បុរស​ជា​ប្ដី ដែល​ជា​មន្ត្រី​យោធា​នៅ​កងពលតូច​លេខ​៧០​ទៅ​ទាន់ ក៏​បាន​ចាក់សោ​ទ្វារ​បន្ទប់​ពី​ខាងក្រៅ ចាប់ខ្លួន​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​ចាត់ការ​តាម​ច្បាប់ ។

ហេតុការណ៍​នោះ​បាន​បង្ក​ឲ្យ​មានកា​ភ្ញាក់ផ្អើល កាល​វេលា​ម៉ោង​៩​និង​១០​នាទី​យប់​ថ្ងៃ​ទី​២១ កុម្ភៈ នៅ​ចំណុច​បន្ទប់​ផ្ទះ​ជួល​របស់​ស្ត្រី​រូប​នោះ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ល្វា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ស្ត្រី​ដែល​ផិតក្បត់​ប្តី​ទៅ​លួច​មាន​ប្រុស​សហាយ​នេះ ឈ្មោះ ម៉េ​ត ចាន់​ណា អាយុ​២៥​ឆ្នាំ ជា​កម្មការិនី​រោងចក្រ​កាត់ដេរ ស្នាក់​នៅ​បន្ទប់​ផ្ទះ​ជួល ក្នុងភូមិ​កើតហេតុ​ខាងលើ ។ រីឯ​ប្ដី​មានឈ្មោះ វី សា​លាង អាយុ​៣២​ឆ្នាំ ជា​មន្ត្រី​យោធា​នៅ​កងពលតូច​លេខ​៧០ ហើយ​អ្នក​ទាំង​ពីរ​បាន​រៀប​ការ​ជាមួយ​គ្នា​ច្រើន​ឆ្នាំ​មក​ហើយ​ថែម​ទាំង​មានកូន​ប្រុស​ម្នាក់​អាយុ​៧​ឆ្នាំ ។ ដោយឡែក​បុរស​ជា​ប្រុស​សហាយ​ឈ្មោះ កែវ ហៃ អាយុ​២៩​ឆ្នាំ ជា​កម្មករ រោងចក្រ​កាត់ដេរ​ស្នាក់​នៅ​ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មានស្រុក​កំណើត​នៅ​ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ។

បុរស​នេះ​មាន​ប្រពន្ធ​ឈ្មោះ ភឿ​ង ផា​រឹម អាយុ​២៩​ឆ្នាំ ហើយ​ក៏​មាន កូនស្រី​ម្នាក់​និង​ប្រុស​ម្នាក់​នៅ​ក្នុង​បន្ទុកគ្រួសារ ។ ប្រពន្ធ​របស់​គេ​ក៏​ជា​កម្មការិនី​រោងចក្រ​ដែរ មានស្រុក​កំណើត នៅ​ឃុំ​សំបូរ ស្រុក​សំបូរ ខេត្តក្រចេះ ។

មន្ត្រី​យោធា​ជា​ប្តី​បាន​និយាយ​ថា ប្រពន្ធ​របស់​គាត់ លួច​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ឈ្មោះ កែវ ហៃ អស់​រយៈពេល​ជាង​១​ឆ្នាំ​មក​ហើយ មិនតែប៉ុណ្ណោះ​នៅ​ពេល​ដែល​គាត់​មិន​នៅផ្ទះ នាង​តែងតែ​ហៅ​ប្រុស​សហាយ​នេះ ចូល​ទៅ​ដេក​រួមរ័ក​គ្នា​យ៉ាង​ត្រេកត្រអាល នៅ​ក្នុង​បន្ទប់​ជួល​របស់​ខ្លួន ប៉ុន្តែ​ដោយសារ​តែ​ស្រឡាញ់​អាណិត​ប្រពន្ធ​ខ្លាំង​ពេក គាត់​បាន​ធ្វើ​ជា​មិនដឹងមិនឮ មិន​ចាប់កំហុស​នាង​នោះ​ទេ ។ ម្យ៉ាងទៀត​ដោយសារ​តែ​ពួក​គេ​ទាំង​២​នាក់​បាន​កុហក​ថា គ្រាន់តែ​រាប់អាន​គ្នា​ទៅ​វិញ​ទៅ​មក​ប៉ុណ្ណោះ ។ ទោះជា​បែប​ណា​ក្តី​គាត់​ក៏​ធ្លាប់​បាន​ព្រមាន​ទៅ​កាន់​បុរស​ជា​ប្រុស​សហាយ​និង​ប្រពន្ធ​ម្តង​រួច​ហើយ ដោយ​ប្រាប់​ថា អ្នក​ទាំងអស់​គ្នា​គឺ​សុទ្ធតែ​ជា​អ្នកមាន​ប្តី មាន​ប្រពន្ធ​និង​កូន រៀង​ៗ​ខ្លួន​ទៅ​ហើយ យក​ល្អ​គួរតែ​ឈប់​ធ្វើ​រឿង​ផ្ដេសផ្ដាស់​ទៅ និង​កុំ​ទាក់ទង​គ្នា​ទៀត​អី ។ ប៉ុន្តែ​ពួក​គេ​មិន​ស្ដាប់​ឡើយ នៅ​តែ​បន្ត​លួច​ទាក់ទង​គ្នា​ដដែល ដោយសារ​ងុប​នឹង​ល្បែង​ស្នេហ៍​ប្លែក​មាត់​ដកចិត្ត​មិន​រួច​ទៅ​ហើយ ។ មន្ត្រី​យោធា​ដដែល​បាន​បន្ត​ថា គាត់​ជាប់រវល់​ការងារ​ខ្លាំង​ណាស់ មិនសូវ​បាន​នៅផ្ទះ​នោះ​ទេ ដូច្នេះ​ហើយ​ទើប​ប្រពន្ធ​និង​ប្រុស​សហាយ​មានឱកាស បាន​នៅ​ជាមួយ​គ្នា ។

ប្តី​និយាយ​ទៀត​ថា នៅ​វេលា​យប់​ថ្ងៃ​កើតហេតុ ប្រពន្ធ​របស់​គាត់​បាន​ហៅ​ប្រុស​សហាយ ទៅ​ដេក​រួមរ័ក​គ្នា​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល ដែល​គាត់​និង​ប្រពន្ធ​ជួល​ស្នាក់​នៅ​នោះ ។ ខណៈនោះ​គាត់​ក៏​បាន​ទៅ​ទាន់ ហើយ​បាន​យក​សោ​ចាក់​ទ្វារ​ពី​ខាងក្រៅ មិន​ឲ្យ​ពួក​គេ​ចាក​ចេញពី​ក្នុង​បន្ទប់​បាន រួច​បាន​នាំ​ខ្លួន​ទៅ​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​ចាត់ការ​តាម​ច្បាប់ ។

នៅ​ប៉ុស្ដិ៍​ចោម​ចៅ ចំពោះ​ស្ត្រី​ជាប់ចោទ​ផិត​ប្ដី​បាន​បដិសេធ​ថា ពួក​គេ​ទាំង​ពីរ​នាក់​នោះ មិនមែន​ជា​សហាយ​ស្មន់នឹងគ្នា​នោះ​ទេ គឺ​គ្រាន់តែ​រាប់អាន​គ្នា​ប៉ុណ្ណោះ ហើយ​បាន​ហៅ​បុរស​នោះ​ទៅ​ហូប​បាយ​ជុំ​គ្នា​ធម្មតា​ទេ បែរជា​ប្ដី​របស់​នាង​ចោទប្រកាន់​ថា ជា​សហាយ​ស្មន់នឹងគ្នា​បែប​នេះ​ទៅ​វិញ ។

ចំណែក​បុរស​ជាប់ចោទ​ជា​សហាយស្មន់​នោះ​បាន​សារភាព​ថា ខ្លួន​បាន​មាន​ទំនាក់ទំនង​ជាមួយ​នាង​មាន​រយៈពេល​ជាង​មួយ​ឆ្នាំ​មក​ហើយ ដោយ​បាន​រួមរ័ក​គ្នា​ចំនួន​៣​ដង គឺ​នៅផ្ទះ​សំណាក់​ម្ដង និង​នៅ​ក្នុង​បន្ទប់​ជួល​របស់​នាង​ចំនួន​២​ដង ។ នគរបាល​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​សួរនាំ​មួយ​ជំហាន​រួច​មក នគរបាល​ចោម​ចៅ បាន​បញ្ជូន​អ្នក​ទាំង​ពីរ​នាក់​នោះ​ទៅ​កាន់ ផ្នែក​ព្រហ្មទណ្ឌ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ចាត់ការ​បន្ត ហើយ​រហូត​ដល់​វេលា​រសៀល​ថ្ងៃ​ទី​២២ ខែកុម្ភៈ នៅ​មិន​ទាន់​ដឹង​ថា តើ​ត្រូវ​ចាត់ការ​បែប​ណា​នៅឡើយ​ទេ ប៉ុន្តែ​អ្នក​ទាំង​ពីរ​កំពុង​ត្រូវ​បាន​ឃុំខ្លួន​នៅ​ក្នុង​ផ្នែក​ព្រហ្មទណ្ឌ​ដដែល ។

មតិ​មហាជន​ដែល​បានដឹង​ឮ​រឿង​នេះ​បាន​ស្ងើច​សរស​សើរ​ទឹកចិត្ត​មន្ត្រី​យោធា​ជា​ប្តី​ស្ត្រី​ជាប់ចោទ​ដែល​ចិត្ត​ត្រជាក់ ព្រោះថា​ទាន់​ប្រពន្ធនៅ​ជាមួយ​ប្រុស​សហាយ​បែប​នេះ​ក្តី ក៏​រំលត់ភ្លើង​ទោសៈ​បាន ដែល​ចាត់ទុកជា​សំណាង​ធំ ដែល​ប្រុស​សហាយ​លួច​បេះដូង​ប្រពន្ធ​ទាហាន​ហើយ បាន​រួច​ផុត​ពី​ហិង្សា ដែល​មិន​អាច​ស្មាន​ដល់​បាន​៕