ខេត្តកំពង់ចាម ៖ សេចក្តីរាយការណ៍បានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី១៤ កុម្ភៈ នេះ ស្ថិតនៅស្នងការដ្ឋាននគរបាលខេត្ត មានធ្វើសន្និសីទកាសែតបង្ហាញមុខក្រុមចោរប្លន់៣នាក់ ក្នុងចំណោម៨នាក់ ដែលកម្លាំងចាប់ខ្លួនបាន ក្រោយធ្វើសកម្មភាពនៅតាមបណ្តាខេត្តជាច្រើន ហើយបានអស់លក្ខណ៍ត្រឹមប្លន់អាជីវករលក់មាស និងប្តូរប្រាក់នៅខាងលិចផ្សារធំ ក្រុងកំពង់ចាម ។
ការបង្ហាញមុខក្រុមចោរប្លន់នេះ គឺដឹកនាំដោយលោកឧត្តមសេនីយ៍ត្រីឯ ម កុសល ស្នងការនគរបាលខេត្ត ដោយលោកបានសន្យាថា នឹងតាមប្រមាញ់ចាប់បក្សពួក ដែលកំពុងគេចខ្លួននោះទៀត ។
ប្រភពឱ្យដឹងថា ជនសង្ស័យទាំង៣នាក់ ១-ឈ្មោះសុខ ស៊ីនួន អាយុ៥៦៧ឆ្នាំ មានទីលំនៅនាងគង្ហីង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ២-ឈ្មោះស្រី សំអឿន អាយុ៤៧ឆ្នាំ មានទីលំនៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ និង៣-ឈ្មោះពៅ សំអឿន អាយុ៣៥ឆ្នាំ មានទីលំនៅក្នុងសង្កាត់ពន់សាំង ខណ្ឌព្រែកព្នៅ ក្នុងនោះត្រូវកម្លាំងដកហូតរថយន្ត២គ្រឿងផងដែរ ។
គួរបញ្ជាក់ថា ក្រោយពីចាប់ខ្លួនក្រុមចោរប្លន់ទាំង៣នាក់ខាងលើនោះ ពួកគេឆ្លើយសារភាពថា កន្លងមក ពួកគេធ្លាប់ធ្វើសកម្មភាពប្លន់នៅតាមបណ្តាខេត្តដូចជា ១-ខេត្តកំពង់ចាម ២-នៅទឹកឈូ ខេត្តកំពត ៣-ខេត្តពោធិ៍សាត់ ៤-កំពង់សោម (២លើក) ៥-ខេត្តកំពង់ធំ (២លើក) ៦-ខេត្តសៀមរាប (២លើក) និងខេត្តព្រះវិហារ ក្នុងឆ្នាំ២០១៧ នេះ ។
ចុងក្រោយ ក្រុមចោរទាំងនេះ គឺបានប្លន់អ្នកលក់មាសយីហោ «សុខ លក្ខិណា» ស្ថិតនៅភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម ដោយយកកាបូបដាក់គ្រឿងអលង្ការ ក្នុងនោះ រួមមានប្រាក់ដុល្លារ៣,០០០ដុល្លារ, ប្រាក់រៀលលានរៀល, ប្រាក់បាតចំនួន១០ម៉ឺនបាត, ទូរស័ព្ទដៃ៤គ្រឿង និងគ្រឿងអលង្ការមួយចំនួនទៀត ។
ចែករំលែកព័តមាននេះ