ប្រជានេសាទរាប់រយទូកលើកគ្នាមករកអន្តរាគមន៍ទប់ស្កាត់ទូកវៀតណាម
ខេត្តកំពត ៖ ក្រុមប្រជានេសាទទូកខាវបង្គារាប់រយទូក កាលពីរសៀលថ្ងៃទី១០ កុម្ភៈ បានប្រមូលផ្តុំគ្នានៅមុខសាលាខេត្ត ធ្វើការតវ៉ាបញ្ហាពីរចំណុចសុំឱ្យលោក
ខេត្តកំពត ៖ ក្រុមប្រជានេសាទទូកខាវបង្គារាប់រយទូក កាលពីរសៀលថ្ងៃទី១០ កុម្ភៈ បានប្រមូលផ្តុំគ្នានៅមុខសាលាខេត្ត ធ្វើការតវ៉ាបញ្ហាពីរចំណុចសុំឱ្យលោក
ខេត្តកំពត ៖ ក្រុមប្រជានេសាទទូកខាវបង្គារាប់រយទូក កាលពីរសៀលថ្ងៃទី១០ កុម្ភៈ បានប្រមូលផ្តុំគ្នានៅមុខសាលាខេត្ត ធ្វើការតវ៉ាបញ្ហាពីរចំណុចសុំឱ្យលោកអភិបាលខេត្តជួយដោះស្រាយ ។ ចំណុចទាំងពីរគឺទី១-សូមជួយទប់ស្កាត់ទូកអូសគូវៀតណាមដែលចូលមកធ្វើនេសាទអូសគូលើសមុទ្រខេត្តកំពត ។ ទី២-ទូកខាវបង្គារបស់ខ្មែរគ្នាឯងប្រើឧបករណ៍ឆក់សុំជួយមានវិធានការកុំឱ្យមានតទៅទៀត ។
ប្រជានេសាទម្នាក់ឈ្មោះ នាក់ សេន តំណាងប្រជានេសាទដែលមករកអន្តរាគមន៍បានរាយការណ៍ជូនក្រុមការងាររបស់ខេត្តថា កន្លងមកពេលកំពុងនេសាទបានជួបទូកអូសគូវៀតណាម ពួកគាត់បានចាប់យកមកប្រគល់ឱ្យសមត្ថកិច្ចជាញឹកញាប់ ប៉ុន្តែពុំឃើញសមត្ថកិច្ចមានចំណាត់ការអ្វីដើម្បីបញ្ឈប់ការចូលអូសគូរបស់ទូកវៀតណាមនោះឡើយ គឺឃើញតែគេចូលមកអូសក្នុងសមុទ្រខ្មែរដដែល ។ ក្រៅពីទូកអូសគូវៀតណាម នៅមានទូកនេសាទខ្មែរជាច្រើនគ្រឿងមកពីភូមិព្រែកតានេន ក្នុងខេត្តកែបបានប្រើឧបករណ៍អូសមងឆក់នៅក្នុងសមុទ្រខេត្តកំពតដែរ តែពុំឃើញសមត្ថកិច្ចជំនាញជលផល និងខាងបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រជួយទប់ស្កាត់ និងមានវិធានការនោះទេ ។
ឆ្លើយតបសំណូមពររបស់ប្រជានេសាទខាងលើ លោក ទូច ពលៈ អនុប្រធាននាយកដ្ឋាន និងជាប្រធានបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រកែប-កំពតបានប្រាប់ដល់បងប្អូនអ្នកនេសាទថា កន្លងមកលោកបានទទួលស្គាល់ថាពិតជាមានទូកអូសគូវៀតណាមធ្លាប់អូសក្នុងតំបន់ទឹកជាមួយគ្នាមែន ប៉ុន្តែពួកគេក៏មិនហ៊ាននេសាទចូលជ្រៅនៅក្នុងភូមិសាស្ត្រសមុទ្រខេត្តកំពតនោះទេ ។
យើងត្រូវដឹងថា រវាងយើងនិងវៀតណាមមិនទាន់កំណត់ព្រំដែនទឹកសមុទ្រច្បាស់លាស់នៅឡើយទេ ដូច្នេះយើងនៅសហការគ្នា សាមគ្គីគ្នារវាងប្រទេសជិតខាងគ្នាសិនចុះ សូមកុំបែកបាក់គ្នា ។ លោកបន្តថា ថ្នាក់ដឹកនាំខេត្តទាំងពីរកំពត-គៀងយ៉ាង កំពុងចរចារកដំណោះស្រាយដើម្បីរិតចំណងសាមគ្គីភាព មិនអនុញ្ញាតឱ្យមានបញ្ហាអ្វីមួយកើតឡើងរវាងប្រជាជននៃប្រទេសទាំងពីរនោះឡើយ ។ បើមានហេតុការណ៍អ្វីកើតឡើង សូមបងប្អូនរាយការណ៍ជូនកម្លាំងសមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តក៏បាន ឬរាយការណ៍មកខាងកម្លាំងនគរបាលជើងទឹក ដែលប្រចាំការនៅក្នុងសមុទ្រ ដើម្បីសមត្ថកិច្ចយើងជួយដោះស្រាយរាល់បញ្ហាដែលបានកើតនៅលើផ្ទៃសមុទ្រ ។
ក្រោយពីមានការសម្របសម្រួលដោះស្រាយពីគណៈកម្មការចម្រុះសាលាខេត្ត បងប្អូនប្រជានេសាទទាំងអស់ទទួលយល់ព្រមចេញទៅនេសាទវិញដោយក្តីសង្ឃឹមពីការដោះស្រាយរបស់អាជ្ញាធរក្នុងការរក្សាដែនទឹកសម្រាប់អ្នកនេសាទខ្មែរ ៕
ចែករំលែកព័តមាននេះ