ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​ទុ​ស្សេ​ខ្សែភ្លើង ឆេះ​ឃ្លាំង​ដាក់​សម្ភារ​រោងចក្រ ​QMI​ ខូចខាត​ទាំងស្រុង

7 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ អគ្គី​ភ័យ​មួយ​បាន​ឆាបឆេះ​ឃ្លាំង​ដាក់​សម្ភារ​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​《QMI》​ទាំង​យប់​ដែល​សង្ស័យ​បណ្ដាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង ហើយ​បាន​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ឃ្លាំង

ខេត្តកណ្ដាល ៖ អគ្គី​ភ័យ​មួយ​បាន​ឆាបឆេះ​ឃ្លាំង​ដាក់​សម្ភារ​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​《QMI》​ទាំង​យប់​ដែល​សង្ស័យ​បណ្ដាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង ហើយ​បាន​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ឃ្លាំង និង​សម្ភារ​នៅ​ក្នុង​នោះ​ទាំងស្រុង​។ ប៉ុន្តែ​មិន​បាន​បណ្ដាល​ឲ្យ​ឆេះ​រាលដាល​ដល់ អាគារ​ផ្សេង​នៅ​រោងចក្រ​នោះ​ទៀត​ទេ ដោយសារ​តែ នគរបាល​ស្រុក​អង្គស្នួល​បាន​នាំ​យក​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​២​គ្រឿង​ដែល​ប្រចាំការ​នៅ អធិការដ្ឋាន​ស្រុក ទៅ​បាញ់​ពន្លត់​ទាន់​ពេលវេលា និង​ប្រើប្រាស់​ទឹក​អស់​ចំនួន​៤​ស៊ីទែន​។

ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៨​និង​៤៥​នាទី​យប់ ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០១៧ នៅ​ក្នុង​រោងចក្រ​កាត់ដេរ​《QMI》​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ត្រ​យឹ​ង ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។ នគរបាល​ស្រុក​អង្គស្នួល​បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​បណ្តាល​ឲ្យ​មានការ​ឆាបឆេះ​នោះ គឺ​សង្ស័យ​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង ហើយ​ឃ្លាំង​នោះ​សាងសង់​ពី​បេតុង ដំបូល​ប្រក់ស​ង្ក័​សី មាន​កម្ពស់​៣​ម៉ែត្រ បណ្តោយ​៦​ម៉ែត្រ និង​ទទឹង​៤​ម៉ែត្រ ក្រោយ​ពេល​ឆេះ​មាន​ស្នាម​ប្រេះ​ជា​ច្រើន​កន្លែង​។

ដោយឡែក​សម្ភារ នៅ​ក្នុង​ឃ្លាំង​នោះ ត្រូវ​បាន​ភ្លើង​ឆេះ​ដែរ​មាន​ដូច​ជា ទូរ​ឈើ​ចំនួន​៣ ម៉ាស៊ីនបោកខោអាវ ចំនួន​២​គ្រឿង​,​សា​ឡុ​ង និង​ពូក​ចំនួន​៣ , ធុងបាស់​ចំនួន​២​គ្រឿង​,​ធុង​ថ្នាំ​អូ​សា​វ៉ែ​លលា​ង​បន្ទប់ទឹក​ចំនួន​១០​ធុង​,​ធ្នើរ​ដែក​សម្រាប់​ក្រាល​ក្តារ​ឈើ​ចំនួន​៤, អំ​ភ្លី​១​គ្រឿង​,​សំបក​ដប​ទឹក​សុទ្ធ​(​ថ្មី​)​មិន​ទាន់​ប្រើ​ចំនួន​៤៦០០​សំបក​ដប ,​និង​សម្ភារ​បន្ទាប់បន្សំ​មួយ​ចំនួន​ទៀត​។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ អ្នក​ស្នាក់​នៅ​ក្នុង​រោងចក្រ​នោះ បានឮ​សំឡេង​ផ្ទុះ​ប្រាវ​ៗ លុះ​មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​មាន អណ្ដាតភ្លើង និង​ផ្សែងហុយ​ចេញពី​ក្នុង​ទីតាំង​ឃ្លាំង​មួយ​នោះ​យ៉ាង​ឆាប់រហ័ស ទើប​គេ​ដឹង​ថា​ឃ្លាំង​នោះ​ត្រូវ​បាន​ភ្លើង​ឆេះ ហើយ​នៅ​ក្នុង​ខណៈនោះ មិន​មាន​មនុស្ស​ស្នាក់​នៅ​ក្នុង​នោះ​ឡើយ​។

ភ្លាម​ៗ​នោះ​កម្លាំង​នគរបាល​ស្រុក​អង្គស្នួល បាន​ចេញ​អន្តរាគមន៍​ដោយ​នាំ​យក​រថយន្ត​ពន្លត់​អគ្គិភ័យ​ដែល​ប្រចាំការ​នៅ​អធិការដ្ឋាន​ស្រុក​អង្គស្នួល ចំនួន​២​គ្រឿង​ទៅ​បាញ់​ពន្លត់ ដោយ​ប្រើប្រាស់​ទឹក​អស់ ចំនួន​៤​ស៊ីទែន រួម​នឹង​បំពង់​ពន្លត់អគ្គីភ័យ​របស់​រោងចក្រ​អស់​ចំនួន​៥៣​បំពង់​ទៀត ទើប​ភ្លើង​រលត់​ទៅ​វិញ​ទាំងស្រុង​នៅ​មោង​៩​និង​៣០​នាទី​យប់ និង​មិន​បាន​ឆេះ​រាលដាល​ដល់​អាគារ​ផ្សេង​ទៀត​របស់​រោងចក្រ​ឡើយ​៕