ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ចាប់ខ្លួន​ស្ត្រី​រើស​អេ​ត​ចាយ នគរបាល​ស្រុក​ភ្នំស្រួច​រង​ការ​រិះគន់​យ៉ាង​ចាស់ដៃ

7 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ នគរបាល​ស្រុក​ភ្នំស្រួច​បាន​រង​ការ​រិះគន់​យ៉ាង​ចាស់ដៃ​ពី​សំណាក់​ប្រជាពលរដ្ឋ​យ៉ាង​ចាស់ដៃ បន្ទាប់​ពី​ចាប់ខ្លួន​ស្ត្រី​អ្នក​រើស​អេ​ត​ចាយ​ម្នាក់​ដោយ​ចោទប្រកាន់​ថា …

ខេត្តកំពង់ស្ពឺ ៖ នគរបាល​ស្រុក​ភ្នំស្រួច​បាន​រង​ការ​រិះគន់​យ៉ាង​ចាស់ដៃ​ពី​សំណាក់​ប្រជាពលរដ្ឋ​យ៉ាង​ចាស់ដៃ បន្ទាប់​ពី​ចាប់ខ្លួន​ស្ត្រី​អ្នក​រើស​អេ​ត​ចាយ​ម្នាក់​ដោយ​ចោទប្រកាន់​ថា បាន​បាន​លួច​ដែក​របស់​ក្រុមហ៊ុន​ឯកជន​មួយ ដែល​តាម​ធាតុ​ពិត​ស្ត្រី​សង្ស័យ​គ្រាន់​តែ​ជាន់​ដាន​ចោរ​សោះ ក៏​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​ចាត់ការ​តាម​ច្បាប់​ដែរ ។

មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹង​ថា ស្ត្រី​សង្ស័យ​ឈ្មោះ សោម សុខ ហៅ នី សុខ អាយុ​២៥​ឆ្នាំ ជា​អ្នក​រើស​អេ​ត​ចាយ រស់នៅ​ក្នុងភូមិ​ពាម​អន្ទង់ ឃុំ​តាំង​សំរោង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ត្រែង​ត្រ​យឹ​ង​ចាប់ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​ទី​១ ឃុំ​ត្រែង​ត្រ​យឹ​ង តាម​ពាក្យបណ្តឹង​របស់​ឈ្មោះ ជៀន គី​ម​យ៉ូ រស់នៅ​រាជធានី​ភ្នំពេញ ដែល​ប្តឹង​ចោទប្រកាន់​ពី​បទ​លួច​ដែក ។

ជួប​ជាមួយ​អ្នក​យក​ព័ត៌មាន ស្ត្រី​សង្ស័យ​បាន​រៀបរាប់​ទាំង​ទឹកភ្នែក​ថា នាង​គឺជា​ស្ត្រី​មេម៉ាយ​កូន​២​នាក់ កូនស្រី​បង​អាយុ​៨​ឆ្នាំ កូនប្រុស​ប្អូន​អាយុ​៥​ឆ្នាំ ហើយ​ម្តាយ​ឈ្មោះ យឹ​ម ហេង អាយុ​៥២​ឆ្នាំ មាន​ជំងឺ​ប្រចាំ​កាយ​ទៀត​ផង ។ តាំងពី​ចែកផ្លូវ​ជាមួយ​ប្តី​រួច​មក នាង​បាន​ប្រកប​របរ​ដើរ​រើស​អេ​ត​ចាយ​លក់​យក​ប្រាក់​ដើម្បី​ទិញ​អង្ករ និង​ម្ហូប ព្រមទាំង​ថ្នាំ​ព្យាបាល​ម្តាយ​ទៀត ។ រហូត​ដល់​ថ្ងៃ​ទី​១៩ ខែមករា នាង​បាន​ទៅ​រើស​កម្ទេច​ដែក​ក្នុង​ដី​ឡូត៍​មួយ​កន្លែង គោលបំណង​យក​ទៅ​លក់​ដើម្បី​ទិញ​បាយ​ឱ្យ​កូន និង​ម្តាយ​បាន​ហូប ពេល​កំពុង​រើស​ក៏​ស្រាប់តែ​ត្រូវ​ម្ចាស់​គេ​មក​ចាប់ខ្លួន​ប្រគល់​ឱ្យ​នគរបាល ដោយ​ចោទ​ថា ជា​ចោរលួច​ដែក​ទៅ​វិញ ។

ស្ត្រី​សង្ស័យ​រៀបរាប់​ទាំង​ទឹកភ្នែក​បន្ត​ទៀត​ថា បើ​សមត្ថកិច្ច​ចោទប្រកាន់​ថា នាង​ជា​ចោរ​ទៅ​ហើយ ហើយ​នាង​មិន​មាន​ពាក្យ​អ្វី​ប្រកែក​នោះ​ទេ មាន​តែ​ទទួលផល​តាម​យថាកម្ម តែ​អ្វី​ដែល​នាង​ព្រួយបារម្ភ គឺ​កូន​ៗ​របស់​នាង​នៅ​តូច​ៗ ត្រូវការ​ភាព​កក់ក្តៅ​ពី​ម្តាយ​នៅ​មើល​បីបាច់​ថែរក្សា បញ្ចុក​នំចំណី តើ​ពេល​នាង​ជាប់គុក​ទៅ​មាន​អ្នក​ណា​មើលថែ​កូន​ៗ ហើយ​ម្យ៉ាងវិញទៀត អ្វី​ដែល​ធ្វើ​ឱ្យ​នាង​រឹតតែ​ខ្លោចផ្សា​ក្នុង​ចិត្ត​ទៀត​នោះ គឺ​នាង​មាន​ម្តាយ​ជរា ដែល​មាន​ជំងឺ​ប្រចាំ​កាយ​ទៀត​ផង ។

មហាជន​ដែល​ដឹង​រឿង​បាន​នាំ​គ្នា​រិះគន់​ថា សមត្ថកិច្ច​បង្ក្រាប​បាន​តែ​ចោរ​តូចតាច​ប៉ុណ្ណោះ ចំណែក​ករណី​ចោរកម្ម​ធំ​ៗ គេ​មិន​ដែល​ឃើញ​អស់លោក​បង្ក្រាប​បាន​ម្តងណា​ឡើយ ។
មហាជន​បាន​នាំ​គ្នា​សំណូមពរ​ដល់​ស្ថាប័ន​សមត្ថកិច្ច ជា​ពិសេស​ស្ថាប័ន​អយ្យការ​តែ​ម្តង សូម​មេត្តា​ប្រោសប្រណី​ដល់​ស្ត្រី​ខាងលើ​ឱ្យ​មាន​សេរីភាព ដើម្បី​ត្រឡប់​ទៅ​ប្រកប​របរ​ចិញ្ចឹមជីវិត​កូន​តូច​ៗ និង​ម្តាយ​ជរា​វិញ​ផង ។

ស្ត្រី​ឈ្មោះ យឹ​ម ហេង អាយុ​៥២​ឆ្នាំ ម្តាយ​ស្ត្រី​សង្ស័យ បាន​លើកដៃ​សំពះ និង​សំណូមពរ​ដល់​តុលាការ សូម​មេត្តា​ផ្តល់​ក្តី​អាណិត​ដល់​រូប​គាត់ ជួយ​សម្រួល​ឱ្យ​កូនស្រី​របស់​គាត់​រួច​ផុត​ពី​ការ​ចោទប្រកាន់ ដើម្បី​វិល​មក​ផ្ទះ​ប្រកប​របរ​ចិញ្ចឹម​កូន​ៗ និង​រូប​គាត់​ជា​ម្តាយ​ផង សព្វថ្ងៃ​គាត់​រស់នៅ​បាន​អាស្រ័យ​លើ​កូនស្រី​ម្នាក់​នេះ​ដើរ​រើស​អេ​ត​ចាយ​យក​មក​លក់​ទិញ​ថ្នាំសង្កូវ​ព្យាបាល​ជំងឺ​គាត់ ដើម្បី​មានជីវិត​រស់នៅ​មើលឃើញ​មុខ​ចៅ​ៗ បើ​កូន​ត្រូវ​ជាប់គុក ជីវិត​គាត់ និង​ចៅ​មិនដឹង​ថា​រំពឹង​លើ​អ្វី​ទៀត​ទេ ។

ដោយ​មើលឃើញ​ពី​ទុក្ខ​លំបាក​ក្រុម​គ្រួសារ​ស្ត្រី​ជាប់ចោទ​ខាងលើ លោក វង្ស សន អ្នក​យក​ព័ត៌មាន​«​កោះសន្តិភាព​»​ប្រចាំ​ខេត្តកំពង់ស្ពឺ បាន​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​ចំនួន​១០​ម៉ឺន​រៀល ព្រមទាំង​បាយ​ទឹក នំចំណី​ដល់​កូន និង​ស្ត្រី​ជាប់​សង្ស័យ ជូន​ដល់​ស្ត្រី​ជា​ម្តាយ​ទុក​ដោះស្រាយ​បញ្ហា​ប្រឈម​ចំពោះ​មុខ​ផង​ដែរ ៕