ខេត្តព្រះវិហារ ៖ ជនសង្ស័យឈ្មោះ គង់ វិច រស់នៅភូមិគីឡូលេខ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង រួមជាមួយថ្នាំញៀនជាង១៤គីឡូក្រាម នឹងត្រូវបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីបន្ត នៅថ្ងៃទី១៧ តុលា ។
លោកវរសេនីយ៍ឯក មាឃ សំអូន ស្នងការរង និងជានាយការិយាល័យកណ្តាលប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលខេត្ត បានឲ្យដឹងនៅព្រឹកថ្ងៃទី១៧ តុលា ថា ជនសង្ស័យរកស៊ីជួញដូរគ្រឿងញៀន រួមទាំងវត្ថុតាងគ្រឿងញៀនចំនួន២៤សុង ស្មើនឹង១៤.៥៤០គ្រាប់ បើគិតជាសាច់ថ្នាំសុទ្ធមានប្រមាណជា១៤គីឡូក្រាម ជាប្រភេទមេតំហ្វេតាមីន ត្រូវសមត្ថកិច្ចចាប់បាន កាលពីយប់ថ្ងៃទី១៥ តុលា កន្លងទៅ នៅចំណុចភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ។
លោកវរសេនីយ៍ឯកបានបញ្ជាក់ទៀតថា ប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនដ៏សម្បើមនេះ សមត្ថកិច្ចបានកំណត់មុខសញ្ញារួចមកហើយ លុះដល់យប់ថ្ងៃទី១៥ តុលា ស្នងការដ្ឋាននគរបាលខេត្ត បានដាក់កម្លាំងត្រួតពិនិត្យអាវុធជាតិផ្ទុះ សហការជាមួយការិយាល័យជំនាញប្រឆាំងបទល្មើសគ្រឿងញៀន នៅចំណុចភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ។ ខណៈនោះសមត្ថកិច្ចបានឆែកឆេររថយន្តមួយគ្រឿង ដែលបើកបរតាមផ្លូវជាតិលេខ៩ ឆ្លងកាត់ផ្លូវជាតិលេខ៦២ ។ រថយន្តនេះត្រូវបានឆែកឆេរ ក៏ប្រទះឃើញគ្រឿងញៀនរួមទាំងដាវសាម៉ូរៃ ។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងពេលចុះពិនិត្យវត្ថុតាងគ្រឿងញៀនជាក់ស្តែង នៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ នៅរសៀលថ្ងៃទី១៦ តុលា លោក អ៊ុន ចាន់ដា អភិបាលខេត្ត បានឲ្យដឹងថា គ្រឿងញៀនដែលសមត្ថកិច្ចបង្ក្រាបបាននោះ ជាប្រភេទគ្រាប់មេតំហ្វេតាមីន(យ៉ាម៉ា) ចំនួន២៤ដុំ ស្មើនឹង១៤.៥៤០គ្រាប់ គិតជាគីឡូជាង១៦គីឡូក្រាម បើគិតជាទឹកប្រាក់លក់នៅផ្សារងងឹតប្រមាណជាង១លានដុល្លារ ។ លោកអភិបាលខេត្តព្រះវិហារ បានបន្ថែមថា សមត្ថកិច្ចកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនជនសង្ស័យនឹងវត្ថុតាងទៅសាលាដំបូងខេត្តព្រះវិហារ ចាត់ការតាមនីតិវិធី ។
សូមបញ្ជាក់ថា នេះជាលើកទី១ហើយនៃការបង្ក្រាបករណីជួញដូរគ្រឿងញៀនដ៏ធំខាងលើ ហើយនេះជាប្រវត្តិសាស្ត្រសម្រាប់ខេត្តព្រះវិហារ រហូតឃាត់បានថ្នាំញៀនដ៏ធំមហិមាបែបនេះ ។
គួររំឭកថា កាលពីថ្ងៃទី២០ មិថុនា ឆ្នាំ២០១៦ កន្លងទៅនេះ សមត្ថកិច្ចនៃស្នងការដ្ឋាន នគរបាលខេត្តព្រះវិហារ ក៏បានបង្ក្រាបករណីជួញដូរគ្រឿងញៀននៅព្រំដែនកម្ពុជាឡាវ ស្ថិត ក្នុងភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅ ស្រុកឆែប ឃាត់ខ្លួនជនជាតិឡាវម្នាក់ រួមទាំងវត្ថុតាង គ្រឿងញៀនប្រភេទម្សៅក្រាម ពណ៌សថ្លា(ម៉ាទឹកកក) បានប្រមាណជិត២គីឡូក្រាមផងដែរ ។
ប្រជាពលរដ្ឋបានសាទរចំពោះវិធានការក្តៅរបស់អាជ្ញាធរខេត្ត ក៏ដូចជាកងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ជាពិសេសស្នងការដ្ឋាននគរបាលខេត្ត ដែលវាបានស្វិតស្វាញក្នុងការបង្ក្រាបបទល្មើសទូទៅ ដែលបានបំពុលបរិយាកាសសង្គម និងធ្វើឲ្យមានអសន្តិសុខនៅតាមមូលដ្ឋាន ជាក់ស្តែងគឺបញ្ហាគ្រឿងញៀនតែម្តង ៕
មន្ដ្រីនគរបាលនិងយោធាការពារព្រំដែនពីរនាក់យកម៉ាទឹកកកទៅលក់នៅប្រទេសវៀតណាមត្រូវចាប់ខ្លួន
ខេត្ដរតនគិរី ៖ មន្ត្រីនគរបាលវរការពារព្រំដែនលេខ៦២៣ ឈ្មោះ ចាប សាមៀន និងមន្ត្រីយោធាវរការពារព្រំដែនលេខ១០២ ឈ្មោះ អាន ប៊ុនធី ត្រូវបានកម្លាំងប៉ុស្ដិ៍៧២១វៀតណាម សហការជាមួយកម្លាំងអង្គភាពប្រឆាំងគ្រឿងញៀនឃាត់ខ្លួននៅវេលាម៉ោង៨និង២០នាទីព្រឹកថ្ងៃទី១៥ តុលា ដោយដកហូតថ្នាំញៀនម្សៅពណ៌សចំនួន១គីឡូក្រាមខណៈកំពុងឆ្លងដែនចូលប្រទេសវៀតណាម នៅស្រុកដាក់កឺ ខេត្តយ៉ាឡាវ ។
លោកវរសេនីយ៍ឯក ងួន សុវណ្ណា មេបញ្ជាការវរការពារព្រំដែនលេខ៦២៣ បានប្រាប់អ្នកយកព័ត៌មានតាមទូរស័ព្ទនៅវេលាម៉ោង១១និង៤០នាទីព្រឹកថ្ងៃទី១៦ តុលា ថា ឈ្មោះ ចាប សាមៀន ពិតជាមន្ត្រីនគរបាលនៅអង្គភាពលោកប្រាកដមែន ៕
ចែករំលែកព័តមាននេះ