រាជធានីភ្នំពេញ ៖ តារាចម្រៀងក្រមិចក្រមើមអ្នកនាងឆៃ លីដាឡែន បានវិលមកដល់ប្រទេសកម្ពុជាវិញហើយ ក្រោយជាប់កុងត្រាសម្តែងនៅសហរដ្ឋអាមេរិកជាងកន្លះឆ្នាំ គ្រាដែលអ្នកនាងមានការនឹករលឹកស្រុកខ្មែរជាខ្លាំងនោះ ។ យ៉ាងណាក៏ដោយ តារាចម្រៀងចូលចិត្តតែងកាយយេរៗរូបនេះ នឹងត្រៀមសម្ពោធផ្ទះថ្មី ដែលបានទិញទុកជាមួយស្វាមីនៅពេលខាងមុខនេះ ដើម្បីរស់នៅសាងស្នេហ៍ជាមួយបណ្តូលចិត្តរបស់នាង ។
អ្នកនាងឆៃ លីដាឡែន បានមកដល់មាតុភូមិកម្ពុជាវិញ កាលពីល្ងាចថ្ងៃទី០៨ កក្កដា ២០១៦ ដោយមានឪពុកម្តាយ បងប្អូន មិត្តជាសិល្បករជិតដិត មកទទួលនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។ ដោយគ្រាន់តែមកដល់ភ្លាម ម្នាក់ៗត្រេកអរ ខ្លះរលីងរលោងទឹកភ្នែក បង្ហាញក្តីនឹករលឹកគ្នា បន្ទាប់ពីនៅឆ្ងាយបែកបងប្អូនរាប់ថ្ងៃនោះ ។
យ៉ាងណា ឆៃ លីដាឡែន បានតែងកាយយ៉ាងស្រស់ប្រណីត មុខញញឹមរីករាយ ជាមួយនិងស្ទីលប្តូរពណ៌សក់ពណ៌ស្វាយ កាន់តែធ្វើឱ្យសម្រស់នាងកាន់តែស្អាត ប្លែកមួយកម្រិតទៀត ។ ចំណែកស្វាមីរបស់នាង កាន់តែរំភើបរីករាយមិនតិចដែរ ពេលបានប្រពន្ធសំណព្វចិត្ត វិលមកក្បែរកាយវិញ បន្ទាប់ពីរងារឯកាតែម្នាក់ឯងអស់ជាច្រើនខែមក ។
ថ្លែងប្រាប់អ្នកយកព័ត៌មានយើង អ្នកនាងឆៃ លីដាឡែនបានឱ្យដឹងថា ការធ្វើដំណើរទៅសម្តែងនៅសហរដ្ឋអាមេរិកនេះ គឺជាលើកទី២ ដែលដំណើរទៅលើកចុងក្រោយនេះ ជាជំហានដំបូងនាងមានភារទៅតែ៣ខែប៉ុណ្ណោះ តែដោយមានការគាំទ្រពីពុកម៉ែបងប្អូននៅលើទឹកដីអាមេរិក ចូលចិត្តពេញចិត្តការសម្តែងរបស់នាង ក៏ដូចជាក្រុមរបស់នាង បានបន្តការសម្តែងដល់ទៅ៣ខែទៀត ពោលឡើងដល់៦ខែ ។
នាងនិយាយទៀតថា ក្រុមរបស់នាងមានគ្នា៣នាក់ ដូចជារូបនាងកញ្ញាលីលី, លោកមាស សាលី ដោយពួកគេមកមុននាង ។ ចំណែកនាង បានបន្តនៅទីនោះ ព្រោះជាប់សម្តែង ។ ការចាកចេញទៅអាមេរិកនេះ គឺពិតជាកក់ក្តៅ ព្រោះបានម្ចាស់ស្ពន់សឺ គាត់ស្រឡាញ់ដូចជាកូនចៅ ទៅណាមកណាគិតពីយើង ហើយបាននាំដើរកម្សាន្តតំបន់ផ្សេងៗ ល្បីៗនៅអាមេរិក ដែលយើងមិនបានស្គាល់ ។
ពិតជាអរគុណអ្នកនៅទីនោះទាំងអស់គ្នាណាស់ ។ ការមកដល់ប្រទេសកំណើតវិញ ក្រោយបែក៦ខែនេះ នាងសុំពេលសម្រាកមួយរយៈខ្លី ដើម្បីបានស្រួលខ្លួនខ្លះ និងសម្រកទម្ងន់ឱ្យស្រកជាងនេះ ដើម្បីត្រៀមខ្លួនឡើងសម្តែងនៅតាមស្ថានីយទូរទស្សន៍នានាដោយមិនចោលឡើយ ព្រោះនាងក៏នឹកទស្សនិកជនខ្មែរយើង នៅក្នុងស្រុកខ្លាំងណាស់ដែរ ។
ម្យ៉ាងទៀត នាងកំពុងតែគិតគូរទិញសម្ភារៈមួយចំនួនយកទៅដាក់ក្នុងផ្ទះថ្មីតុបតែងឱ្យស្អាត ឱ្យល្អ ឱ្យមានហុងស៊ុយ ដើម្បីរស់នៅជាមួយប្តី ដោយនាងត្រៀមសម្ពោធផ្ទះថ្មីនៅម្តុំច្បារអំពៅ នាពេលខាងមុខ ដោយកំពុងតែពន្លឿនឱ្យបានលឿន ដើម្បីបានចូលទៅស្នាក់នៅ ។ នៅពេលសួរនាំរឿងយកកូនពេលណានោះ ក្រោយរៀបការជាង១ឆ្នាំ តារាចម្រៀងរូបនេះបន្តថា នៅតែជាគម្រោង ដោយនាងមិនប្រកែកថា មិនយកកូននោះទេ ប៉ុន្តែស្រេចលើពេលវេលាកំណត់ទៅចុះ ។
បន្ទាប់ពីមកដល់ស្រុកខ្មែរវិញ ដាឡែនត្រៀមរៀបចំជូនបងប្អូន និងឪពុកម្តាយចេញទៅធ្វើបុណ្យហែទានវស្សា នៅស្រុកកំណើតរបស់នាងនៅខេត្តបាត់ដំបង ។ ក្រៅពីនេះ ក៏មានដំណឹងថា នាងមានផែនការសម្តែងនៅប្រទេសអូស្ត្រាលីទៀត ។ ដោយគម្រោងនេះ កំពុងតែរត់ការដែលជាសញ្ញាបញ្ជាក់ថា រូបនាងពិតជាមានហាងឆេងនៅក្រៅស្រុកដូចពីមុន បើទោះជានាងមានស្វាមីក៏ដោយតែសិល្បៈរបស់នាងនៅតែដូចពីមុន ។
ចែករំលែកព័តមាននេះ