ខេត្តស្ទឹងត្រែង ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងជំហានដំបូងមកថា ស្នូរផ្ទុះគ្រាប់កាំភ្លើងវែងខ្លីជាច្រើនគ្រាប់បានត្រូវគេឮចេញពីភូមិគ្រឹះលោក ឡូយ សុផាត តំណាងរាស្ត្រខេត្តស្ទឹងត្រែង បង្កឲ្យមានការភ្ញាក់ផ្អើលនៅទីរួមខេត្តកាលពីវេលាម៉ោង២និង២៤នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ឧសភា ២០១៦ ។
សេចក្តីរាយការណ៍បានស្រង់សំដីអ្នកភូមិជិតខាងឲ្យដឹងថា ករណីបាញ់បោះនេះបានកើតឡើង៣ដំណាក់កាល ដែលលើកទី១ គេឮស្នូរបាញ់កាំភ្លើងវែងសង្ស័យកាំភ្លើង AK ប្រមាណ៥ទៅ៦គ្រាប់ លើកទី២ស្នូរគ្រាប់កាំភ្លើងវែងដដែលដោយបាញ់រះជាច្រើនគ្រាប់និងលើកទី៣ស្នូរគ្រាប់កាំភ្លើងខ្លី(មិនទាន់ស្គាល់)ប្រហែល៤ទៅ៥គ្រាប់ ។
យ៉ាងណាក៍ដោយ រហូតមកដល់ម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី២៥ ឧសភាដដែលនេះ មិនទាន់មានប្រភពណាបញ្ជាក់ពីមូលហេតុនៃការផ្ទុះអាវុធជាច្រើនគ្រាប់នៅក្នុងភូមិគ្រឹះអតីតអភិបាលខេត្តស្ទឹងត្រែង លោក ឡូយ សុផាត នៅឡើយទេ តែប្រភពមិនទាន់ផ្លូវការណ៍បានបង្ហើបថា អ្នកបាញ់គឺជាកូនប្រុសលោក ឡូយ សុផាត ឈ្មោះ ផាត ផាន់ណា ជានាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចប្រចាំខេត្តស្ទឹងត្រែង ។
មកដល់ម៉ោង១០និង៣០នាទីព្រឹកថ្ងៃពុធនេះ គេហទំព័រកោះសន្តិភាពមិនអាចរកការសុំបំភ្លឺបាននៅឡើយទេពីលោកតំណាងរាស្ត្រ ឡូយ សុផាត ក៍ដូចជាលោក ផាត ផាន់ណា ជុំវិញប្រភពព័ត៌មានខាងលើ ៕
ចែករំលែកព័តមាននេះ