រាជធានីភ្នំពេញ ៖ ម៉ូតូម៉ាកហុងដា C125 ស៊េរី២០០៧ ពណ៌ខ្មៅ មួយគ្រឿង ត្រូវបានម្ចាស់ប្រទះឃើញវិញ បន្ទាប់ពីចោរលួចបាត់រយៈពេលប្រមាណជិត១ឆ្នាំមកហើយ ក៏បានប្តឹងប៉ូលិសប៉ុស្តិ៍ចាក់អង្រែក្រោម ខណ្ឌមានជ័យ ឱ្យឃាត់ខ្លួនជនសង្ស័យឈ្មោះយន់ លាភ ភេទប្រុស អាយុ៣២ឆ្នាំ ជាអ្នករត់ម៉ូតូឌុប មានទីលំនៅផ្ទះលេខ៧០០ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រួចប្រគល់ឱ្យ ប៉ូលិសខណ្ឌទួលគោកសួរនាំបន្ត។
ការឃាត់ខ្លួនជនសង្ស័យ ព្រមទាំងដកហូតម៉ូតូត្រឡប់មកវិញនេះ ប្រព្រឹត្តឡើងកាលពីវេលាម៉ោង៧យប់ថ្ងៃទី២៤ ឧសភា ។ ទោះបី ជាយ៉ាងណា ជនសង្ស័យបានឱ្យដឹងថា ម៉ូតូនេះខ្លួនបានទិញក្នុងតម្លៃ១.០៦០ដុល្លារ ពីឈ្មោះសារ៉េត ភេទប្រុសអាយុ៣៧ឆ្នាំ មានទីលំនៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ កាលពីថ្ងៃទី១១ ឧសភា ឆ្នាំ២០១១ ដោយមានឯកសារទិញ-លក់ត្រឹមត្រូវ ។ ម៉ូតូដែលចោរលួចនោះម៉ាកហុងដា C125 ស៊េរី២០០៧ ពាក់ស្លាកលេខ ភ្នំពេញ 1T-7658 ដែលមានម្ចាស់ឈ្មោះអ៊ឹង សុភារ័ត្ន ភេទប្រុស មានទីលំនៅផ្ទះលេខ៣ ផ្លូវលេខ៣៣៩ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ។
តាមព័ត៌មានបានឱ្យដឹងថា ម៉ូតូ១គ្រឿងខាងលើត្រូវបានចោរលួចយកទៅបាត់ទាំងប័ណ្ណសម្គាល់យានយន្តកាលពីអំឡុងខែកក្កដា ឆ្នាំ២០១០ បន្ទាប់ពីម្ចាស់ផឹកស្រវឹងវង្វេង ។ បន្ទាប់ពីបាត់ម៉ូតូ ម្ចាស់តាមរកគ្រប់ច្រកល្ហក ហើយប្រទះឃើញម៉ូតូនោះដែលជនសង្ស័យជិះរត់ឌុបនៅក្នុងសង្កាត់ចាក់អង្រែក្រោម ដោយស្លាកលេខនៅដូចដើមទាំងអស់ ហើយប្តឹងប៉ូលិសឱ្យឃាត់ខ្លួនអ្នកជិះ និងដកហូតម៉ូតូរួចបញ្ជូនមកអធិការដ្ឋានខណ្ឌទួលគោកដើម្បីចាត់ការតាមច្បាប់ ។ ពិតជាកម្រមានណាស់ដែលម៉ូតូបាត់ជិត១ឆ្នាំរកឃើញវិញ ៕
ចែករំលែកព័តមាននេះ