រាជធានីភ្នំពេញ ៖ ទីតាំងបើកហ្គេមបាញ់ត្រីដុះស្លែមួយកន្លែង ស្ថិតនៅតំបន់ត្រឡោកបែក ផ្ទះលេខ៤៨ ផ្លូវលេខ៥៩៨ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ត្រូវបានអាជ្ញាធរខណ្ឌសែនសុខចុះបង្ក្រាបដោយដកហូតបានទូហ្គេមបាញ់ត្រីភ្លោះ១គ្រឿង និងឃាត់ខ្លួនអ្នកមើលការព្រមទាំងអ្នកលេង១១នាក់ ក្នុងនោះមានស្ត្រី៣នាក់ព្រមទាំងកៅអីមួយចំនួន។ ការបង្ក្រាបល្បែងស៊ីសងហ្គេមបាញ់ត្រីនេះកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ដឹកនាំដោយលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌសែនសុខ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ផ្ទះហ្គេមបាញ់ត្រីនេះមានម្ចាស់ ជាមន្ត្រីនគរបាលដែលបានបើកលេងជាយូរមកហើយ ពុំដែលមានអ្នកណាហ៊ានបង្ក្រាបឡើយព្រោះមានការយោគយល់ តាំងពីជំនាន់លោកអភិបាលខណ្ឌមុនមកម្ល៉េះ។ តាមលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌសែនសុខ បានឲ្យដឹងថា ដោយមានការណែនាំពីលោក ប៉ិល កុសល អភិបាលខណ្ឌសែនសុខទើបលោកបានដឹកនាំកម្លាំងចុះមកបង្ក្រាបតែម្តង។
លោកអភិបាលរងបានឲ្យដឹងទៀតថាហ្គេមបាញ់ត្រីជាល្បែងស៊ីសង ដែលពុំមានច្បាប់អនុញ្ញាតឡើយ បានពង្វក់យុវជនអោយគេចសាលាមិនគិតពីការរៀនបានទៅសម្ងំលាក់ខ្លួននៅក្នុងផ្ទះហ្គេម ។ ដោយសារតែហ្គេមនេះបានធ្វើឲ្យយុវជនខ្លះបានលួចប្រាក់ឪពុកម្តាយ និងលក់របស់របរយកប្រាក់ទៅលេងហ្គេម និងខ្លះទៀត បានប្រព្រឹត្តបទល្មើសលួចឆក់ប្លន់ដើម្បីយកប្រាក់មកលេងល្បែងស៊ីសង។ លោកអភិបាលរងបានឲ្យដឹងទៀតថា ការចូលរួមអនុវត្តន៍គោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព អាជ្ញាធរខណ្ឌសែនសុខ មិនអនុញ្ញាតឲ្យមានល្បែងស៊ីសងឡើយ។ទោះបីជាយ៉ាង នៅក្នុងខណ្ឌសែនសុខ ត្រូវគេដឹងថាមានកន្លែងកត់ឆ្នោត យ៉ាងធំជាច្រើនកន្លែងនៅតាមផ្សារនានា គ្រាន់តែផ្សារចិន និងផ្សារឈូកមានដូចផ្សារត្រីដែលគេនាំគ្នាកត់ជាប់គ្នាតែម្តងមិនទាន់ត្រូវបានបង្ក្រាបឡើយ៕
ចែករំលែកព័តមាននេះ