ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំហាយ​ចូល​ឆ្នាំ​ខ្មែរ ចាក់​​គ្នា​ដូចរឿងហុងកុងពេល​រាំ​ធុងបាស់

8 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ យុវជន​ម្នាក់​ត្រូវ​គួ​បដិបក្ខ​លប​ចាក់​សម្លា.ប់​កាលពី​វេលា​ម៉ោង​ប្រមាណ​១០ និង​២០​នាទី​យប់ ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០១៦ នៅ​ក្នុង​ពិធី​រាំ​ធុងបាស់​នៅ​ក្នុង​វត្ត​បឹង​ទឹម

ខេត្តបាត់ដំបង ៖ យុវជន​ម្នាក់​ត្រូវ​គួ​បដិបក្ខ​លប​ចាក់​សម្លាប់​កាលពី​វេលា​ម៉ោង​ប្រមាណ​១០ និង​២០​នាទី​យប់ ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០១៦ នៅ​ក្នុង​ពិធី​រាំ​ធុងបាស់​នៅ​ក្នុង​វត្ត​បឹង​ទឹម ស្ថិត​ក្នុង​ឃុំ​តា​ប៉ុន ស្រុក​សង្កែ ខេត្តបាត់ដំបង ដែល​ពិធី​រាំ​ធុងបាស់​នេះ​គឺជា​ចំហាយ​សេសសល់​ពី​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ ។

សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ត្រូវ​គេ​ចាក់​សម្លាប់​ឈ្មោះ ឡង វ៉ាន់ស៊ុយ អាយុ​១៨​ឆ្នាំ នៅ​ភូមិ​ស្វាយស ឃុំ​តា​ប៉ុន ស្រុក​សង្កែ ដោយ​មាន​ស្នាម​ចាក់​ត្រូវ​ពី​ខាងក្រោយ​ខ្នង ហើយ​បាន​ស្លាប់​នៅ​តាម​ផ្លូវ​ពេល​សាច់ញាតិ​ព្យាយាម​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ។

មន្ត្រី​នគរបាល​ដដែល​បន្ត​ទៀត​ថា កាលពី​យប់​កើតហេតុ​ក្មេង​ស្ទាវ​២​ក្រុម​បាន​ទាស់​ពាក្យ​សំដី​គ្នា​ក្នុង​ពេល​រាំ​ធុងបាស់​នៅ​ក្នុង​វត្ត​បឹង​ទឹម បន្តិច​ក្រោយមក​ស្រាប់តែ​ពួក​គេ​បាន​ទាញ​ដំបង និង​កាំបិត​ដេញ​កាប់​ចាក់​គ្នា​ផ្អើល​ពេញ​វត្ត​តែ​ម្តង ។

សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​និយាយ​ថា ភាគី​ជន​រង​គ្រោះ​ដែល​ត្រូវ​គេ​ចាក់​សម្លាប់​នោះ​មាន​គ្នា​៤​នាក់ រីឯ​ភាគី​ម្ខាង​ទៀត​មាន​គ្នា​ច្រើន ។ ពួក​គេ​ទាំង​២​ក្រុម​ហាក់​មាន​គំនុំ​នឹង​គ្នា​យូរហើយ លុះ​ពេល​រាំ​ក្បែរ​គ្នា​ក៏​ប៉ះ​សំដី​គ្នា ទើប​ឈាន​ដល់​ការ​ប្រើ​ហិង្សា​យ៉ាង​ឃោរឃៅ និង​ដេញ​កាប់​ចាក់​គ្នា​ដូច​ក្នុង​រឿង​ហុងកុង​ផ្អើល​មនុស្ស​ម្នា​ពេញ​ក្នុង​វត្ត​តែ​ម្ដង ។ ប្រភព​ដដែល​បញ្ជាក់​ថា ជន​រង​គ្រោះ​ត្រូវ​គូបដិបក្ខ​របស់​ខ្លួន​ឆ្មក់​ចាក់​​ពីក្រោយ​ពេល​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ច្របូកច្របល់ ។ ក្រោយ​ពី​ចាក់​ត្រូវ​សត្រូវ​ឲ្យ​របួស​ហើយ  ភាគី​ដែល​ចាក់​បាន​នាំ​គ្នា​រំដោះខ្លួន​ចេញ​អស់​ភ្លាម​ៗ​ដែរ តែ​ត្រូវ​គេ​ស្គាល់​អត្តសញ្ញាណ​ស្ទើរ​តែ​ទាំង​​អស់ហើយ ​រង់ចាំ​មើល​តែ​​ចំណាត់ការ​ពី​សមត្ថកិច្ច​តែ​ប៉ុណ្ណោះ ។

ជុំវិញ​ការ​ចាក់​សម្លាប់​គ្នា​ដ៏​ឃោរឃៅ​រវាង​ក្មេង​ស្ទាវ​ទំនើង​២​ក្រុម​ខាងលើ​នេះ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​ដៃដល់​មួយ​ចំនួន​ត្រូវ​គេ​ស្គាល់​មុខហើយ តែ​មួយ​ចំនួន​ហាក់​ស្រពិច​ស្រពិល​នៅឡើយ ព្រោះ​ស្ថានភាព​ច្របូកច្របល់​ខ្លាំង​ពេក​ពេល​អំពើ​ហិង្សា​បាន​ផ្ទុះ​ឡើង ។ កម្មវិធី​រាំ​ធុងបាស់​នៅ​ក្នុង​វត្ត​បឹង​ទឹម​នោះ​គឺជា​ចំហាយ​ដែល​សេសសល់​ពី​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ដែល​ទើប​បញ្ចប់​ទៅ​នា​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ ប៉ុន្តែ​រាំ​យប់​ចុង​ក្រោយ​ស្រាប់តែ​ផ្ទុះ​ជម្លោះ​រហូត​មាន​ស្លាប់​មនុស្ស​តែ​ម្ដង ។

សមត្ថកិច្ច​បាន​អះអាង​ថា មន្ត្រី​ជំនាញ​កំពុង​សួរនាំ​សាក្សី​នានា និង​ភាគី​រង​គ្រោះ ដើម្បី​ស្វែងរក​ឃាត់ខ្លួន​មុខសញ្ញា​ក្រុម​ជន​ដៃដល់​ហើយ ៕