ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវុធហត្ថ​បង្ក្រាប​ទីតាំង​បង្ខាំង​មនុស្ស ឃាត់ខ្លួន​ជនជាតិ​ចិន​៤​នាក់ និង​រំដោះ​បាន​បុរស​ជនជាតិ​២​នាក់

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខណ្ឌចំការមន ​បាន​ធ្វើការ​ចុះ​ឆែកឆេរ​ផ្ទះ​ល្វែង​​មួយ​កន្លែង​ដែល​ជាទី​តាំង​បង្ខាំង​មនុស្ស​ខុស្សច្បាប់​ …

រាជធានី​ភ្នំពេញ ៖ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខណ្ឌចំការមន ​បាន​ធ្វើការ​ចុះ​ឆែកឆេរ​ផ្ទះ​ល្វែង​​មួយ​កន្លែង​ដែល​ជាទី​តាំង​បង្ខាំង​មនុស្ស​ខុស្សច្បាប់​ ដោយ​បាន​ធ្វើការ​ឃាត់ខ្លួន​​ជនជាតិ​ចិន​ចំនួន​៤​នាក់​(​ស្រី​ម្នាក់​) និង​ធ្វើការ​រំដោះ​បាន​បុរស​ជនជាតិ​ចិន​រង​គ្រោះ​២​នាក់ កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ក្នុងផ្ទះ​ល្វែង​មួយ​កន្លែង​ដែល​មាន​លេខ​១១២EH ផ្លូវ​លេខ​១៧៣ សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​លោក​វរសេនីយ៍ត្រី សេន កូ​ម៉ុ​ន នាយការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស នៃ​កងរាជអាវុធហត្ថ​រាជ​ធា​នី​ភ្នំពេញ ដែល​បាន​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​ផ្ទាល់ បាន​ប្រាប់​ឱ្យ​ដឹង​ថា ដោយ​ឆ្លងកាត់​ការ​ស្រាវជ្រាវ​របស់​កម្លាំង​ជំនាញ​របស់​លោក និង​ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះជា​ជនជាតិ​ចិន​ជា​ច្រើន​នាក់​នា​ពេល​កន្លង​មក ទើបបាន​ឈាន​ទៅ​ដល់​ការ​រក​ឃើញ និង​ចុះ​មក​ធ្វើការ​ឆែកឆេរ​ទីតាំង​បង្ខាំង​មនុស្ស​ខុសច្បាប់​ខាងលើ ។ លោក​បន្ត​ថា ការ​ចុះ​មក​បង្ក្រាប​ទីតាំង​បង្ខាំង​មនុស្ស​ខុសច្បាប់​នេះ​​ធ្វើ​ឡើង​ក្រោយ​ពី​មាន​ជនជាតិ​ចិន​ដែល​ជាប់​នៅ​ខាងក្នុង​បាន​គប់​វត្ថុ​រឹង​មួយ​ចំនួន​ជា​ញឹក​ញាប់​ចេញ​មក​ខាងក្រៅ​ផ្ទះ​ដើម្បី​រក​ការ​ជួយ​សង្គ្រោះ​ពី​កម្លាំង​មាន​សមត្ថកិច្ច ។

លោក​វរសេនីយ៍ត្រី សេន កូ​ម៉ុ​ន ក៏​បាន​ប្រាប់​បន្ត​ទៀត​ថា ក្នុង​ប្រតិបត្តិការ​នេះ​ដែរ​កម្លាំង​របស់​លោក​បាន​ធ្វើការ​ឃាត់ខ្លួន​បាន​ជនជាតិ​ចិន​ដែល​ជា​ម្ចាស់​ទីតាំង​ចំនួន​៤​នាក់ និង​ធ្វើការ​រំដោះ​បាន​បុរស​ជនជាតិ​ចិន​រង​គ្រោះ​ចំនួន​២​នាក់ ដែល​ត្រូវ​បាន​គេ​បង្ខាំង​ទុក​រយៈពេល​ជាង​៤​ខែ​មក​ហើយ​នោះ ។ ដោយ​កាលពី​ពេល​កន្លង​មក ក្នុង​ទីតាំង​ខាងលើ​នេះ​បាន​ធ្វើការ​បង្ខាំង​ទុក​ជនជាតិ​ចិន​ចំនួន​៧​នាក់ ហើយ​ត្រូវ​បាន​គេ​ធ្វើការ​រំដោះ​ចេញ​យក​ទៅ​លាក់​ទុក​នៅ​ទីតាំង​ផ្សេង​ៗ​អស់​មុន​ពេល​ដែល​កម្លាំង​របស់​លោក​ចុះ​មក​ដល់​ទីនោះ និង​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ​រក​ទីតាំង​បង្ខាំង​មនុស្ស​ខុសច្បាប់​ផ្សេង​ទៀត​ផង​ដែរ ។

ក្រោយ​ពី​ប្រតិបត្តិការ​របស់​កម្លាំង​កងរាជអាវុធហត្ថ​នេះ​ ជនជាតិ​ជាតិចិន​ដែល​ជាប់ចោទ​ទាំង​៤​នាក់​ត្រូវ​បាន​បញ្ជូន​យក​ទៅ​កាន់​ទីបញ្ជាការដ្ឋាន​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៅ​ទៀត ឯ​ជនជាតិ​ចិន​រង​គ្រោះ​ទាំង​២​នាក់​ត្រូវ​បាន​រំដោះ​អោយ​មាន​សេរីភាព​វិញ ចំណែកឯ​ទីតាំង​ខាងលើ​ត្រូវ​បាន​បិទទ្វារ​ជា​បណ្តោះអាសន្ន ៕