រាជធានីភ្នំពេញ ៖ ដើម្បីបំបាត់ការសង្ស័យថាពាក់ព័ន្ធស្នេហាភេទដូចគ្នាជាមួយលោកយ៉ែម សំអូន នោះ លោកសាយ សៀរ៉ា និងលោកអ៊ុន សុធា ហ៊ានស្បថដាក់ជីវិតបើធ្វើបែបនោះមែន ។
ការស្បថដាក់អាយុជីវិតរបស់តារាបង្ហាញម៉ូដលោកសាយ សៀរ៉ា និងអ៊ុន សុធា បែបនេះ ព្រោះតែគេសង្ស័យថាអ្នកទាំងពីរចូលពាក់ព័ន្ធស្នេហាភេទដូចគ្នាជាមួយលោកយ៉ែម សំអូន បង្កឱ្យជីវិតប្តីប្រពន្ធលោកយ៉ែម សំអូន ប្រេះឆា ។
អ្នកនាងយ៉ាន លីនដា ថា ជនទី៣ជ្រៀតជ្រែកស្នេហារបស់នាងនោះធ្លាប់ទៅសម្តែងនៅអូស្ត្រាលីធ្វើឱ្យមហាជនសង្ស័យលើលោកសាយ សៀរ៉ា ។ ចំណែកលោកអ៊ុន សុធាក៏ធ្លាប់ទៅដែរ ប៉ុន្តែនៅក្រុមផ្សេងគ្នា ។
បន្ទាប់ពីមានការសង្ស័យលើអ្នកទាំង២នោះមក តារាបង្ហាញម៉ូដយ៉ាន លីនដា បញ្ជាក់ថា លោកសាយ សៀរ៉ា និងលោកអ៊ុន សុធា មិនមែនជាអ្នកចូលបំបែកបំបាក់ប្តីប្រពន្ធរបស់នាងទេ ។ មិនមែនជាអ្នកសិល្បៈឡើយដែលចូលជ្រែកជីវិតប្តី-ប្រពន្ធរបស់នាង តែនាងមិនបានប្រាប់ថានរណាជាប្រុសស្នេហ៍លោកយ៉ែម សំអូនទេ ។
លោកសាយ សៀរ៉ា ដែលក្លាយជាផ្ទាំងស៊ីបត្រូវគេសង្ស័យនោះបានចេញមុខអះអាង ហើយថែមទាំងស្បថដាក់ជីវិតទៀតផង ។ លោកសាយ សៀរ៉ា អះអាងថា លោកធ្លាប់ទៅសម្តែងនៅប្រទេសអូស្ត្រាលីមែនដោយស្គាល់ និងរាប់អានក្រុមគ្រួសារអ្នកនាងយ៉ាន លីនដា និងលោកយ៉ែម សំអូនដូចជាបងប្អូន មិនគិតដល់ផ្លូវបែបនោះទេ ។ លោកសៀរ៉ា និយាយថា «ស្ទើរតែ១០០%គេថាខ្ញុំ ហើយខ្ញុំបានសួរនាំទៅអ្នកនាងយ៉ាន លីនដាដែរ ប៉ុន្តែគាត់មិនបានបង្ហើបឈ្មោះខ្ញុំទេ ដោយនាងថែមទាំងសរសេរបង្ហោះលើទំព័រហ្វេសប៊ុកគាត់ថា មិនមែនខ្ញុំទេ គឺជាការយល់ខុសទាំងស្រុង។ តាំងពីមានការលេចឮបែបនេះមក ខ្ញុំ មានការបារម្ភពីកេរ្តិ៍ឈ្មោះណាស់ ព្រោះភាពល្បីល្បាញមកដល់ពេលនេះខំតស៊ូលំបាកបំផុត ហែលឆ្លងការងារសិល្បៈតាំងពីជាតួតូចតាចបានប្រាក់តិចតួចក៏សុខចិត្តធ្វើទម្រាំដល់ចំណុចសព្វថ្ងៃនេះ ពោលគឺវេទនាមិនធម្មតាទេ ។ ព្រោះតែមានការទាញឈ្មោះខ្ញុំបែបនេះ គឺអ្នកណាក៏ថាខ្ញុំអាក្រក់ដែរ ។ ខ្ញុំជាមនុស្សប្រុសសុទ្ធសាធមិនស្រឡាញ់ភេទដូចគ្នាឡើយ ។ ដូចដែលធ្លាប់លើកកន្លងមក ខ្ញុំបានស្បថ សាហាវៗណាស់ ។ បើធ្វើពិតមែន ខ្ញុំមិនលើកពាក្យស្បថ កាចៗ បែបនេះនាំឱ្យប៉ះពាល់ដល់អ្នកមិនដឹងរឿងទេ ព្រោះខ្ញុំហ៊ានស្បថថាបើមានពាក្យដូចគេលើកឡើងពិតមែនថាមានស្នេហាជាមួយលោកសំអូនឱ្យខ្ញុំស្លាប់ទាំងវេទនា ស្លាប់ទាំងបងប្អូន៧នាក់ រួមទាំងឪពុកម្តាយផង ។ នេះពាក្យ ធ្ងន់ៗណាស់ ដែលខ្ញុំបានលើកឡើង បើអ្នកធ្វើវិញ គេស្បថខ្លាំងណាស់ ដាក់ទោសតែខ្លួនឯងមិនហ៊ាននាំពូជពង្សវង្សត្រកូលទាំងមូលមកលូកលាន់ជាប់ពាក្យសម្បថជាមួយនោះទេ តែខ្ញុំហ៊ាននិយាយគឺមិនខ្លាចទេ ព្រោះមិនបានបង្កបញ្ហា ។ យ៉ាងណាខ្ញុំក៏មានអារម្មណ៍សោកស្តាយចំពោះការផ្ទុះរឿងបែកបាក់ រវាងលោកយ៉ែម សំអូន និងអ្នកនាងយ៉ាន លីនដា ដែលជាគូស្នេហ៍គំរូក្នុងសិល្បៈ បែរជាមានរឿងនឹកស្មានមិនដល់គួរឱ្យសោកស្តាយ» ។
ចំណែកតារាបង្ហាញម៉ូដ និងជាពិធីករប្រចាំទូរទស្សន៍អប្សរា លោកអ៊ុន សុធា បានចេញមុខការពារភាពស្អាតស្អំរបស់ខ្លួនដោយហ៊ានស្បថដែរ ។ លោកសុធានិយាយថា ការយល់ច្រឡំនោះជារឿងស្នេហាភេទដូចគ្នាដែលធ្វើឱ្យលោកអាម៉ាស់ និងបាត់បង់កិត្តិយសទាំងខ្លួនលោកមិនបានពាក់ព័ន្ធ ។ លោកសុធា និងយ៉ែម សំអូន គិតតែពីរឿងការងារធម្មតាមិនគិតរឿងស្នេហាភេទដូចគ្នាលួចលាក់នោះទេ ។
លោកសុធានិយាយថា «ខ្ញុំមិនធ្លាប់គិតធ្វើថោកទាបបែបអុីចឹងឡើយ ហើយអ្នកធ្លាប់ស្គាល់ចរិតខ្ញុំច្បាស់គេពិតជាដឹងថា ខ្ញុំមានចរិតបែបណា ។ ឱ្យខ្ញុំស្បថដល់ណាក៏ហ៊ានទៅជាមួយដែរដើម្បីរកយុត្តិធម៌ពិតប្រាកដសម្រាប់ខ្ញុំក៏ដូចជាទុកឱ្យមហាជនដឹងច្បាស់» ។
អ្នកនាងយ៉ាន លីនដា បញ្ជាក់ហើយថា លោកសាយ សៀរ៉ា និងអ៊ុន សុធា មិនបានលូកលាន់ក្នុងរឿងនោះទេ វាជាការយល់ច្រឡំ ។ ឆ្លងកាត់រឿងកន្លងមកអ្នកនាងយ៉ាន លីនដា បានបង្ហាញជំហរថានាងនឹងមិនចំណាយពេលផ្ញើសារបង្ហោះអ្វីបន្ថែមទៀតទេ ដោយសារតែបានសម្រេចចិត្តចេញទៅរស់នៅអូស្ត្រាលីមើលថែកូនស្រី ហើយសូមរស់នៅក្នុងសភាពស្ងប់ស្ងាត់។លើសពីនេះនាងលីនដាមិនអាចអភ័យទោសទទួលយកលោកយ៉ែម សំអូន ជាស្វាមីវិញឡើយ ។
អ្នកនាងយ៉ាន លីនដា ស្នើឱ្យមហាជនកុំសង្ស័យលោកសាយ សៀរ៉ា និងលោកអ៊ុន សុធា ព្រោះពួកគេមិនមែនជាតួអង្គស្នេហាភេទដូចគ្នាជាមួយលោកយ៉ែម សំអូនទេ ហើយឱ្យបន្តគាំទ្រអ្នកទាំង២ទៀត ៕
ចែករំលែកព័តមាននេះ