ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានសម្លាប់ខ្លូនដោយយកខ្សែនីឡុងចងកនឹងធ្នឹមផ្ទះ ដោយសារតែតូចចិត្តនិងខ្លួនមានជម្ងឺរ៉ាំរ៉ៃប្រចាំកាយជាយូរឆ្នាំមកហើយអស់លុយកាក់ប្រពន្ធកូនច្រើនមើលមិនជា ។ ករណីធ្វើអត្តឃាតនេះបានកើតឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥ នៅក្នុង ភូមិសិឡាង ឃុំស្វាយជ្រុំ ស្រុករលារប្អៀរ ។
ស្ត្រីឈ្មោះ លី ថា អាយុ៤៨ឆ្នាំ ដែលត្រូវជាប្រពន្ធជនរងគ្រោះបានរៀបរាប់អោយដឹងថា ប្តីរបស់គាត់ឈ្មោះនូ លៀប (ហៅដូង) អាយុ៤៥ឆ្នាំ គាត់មានជម្ងឺប្រចាំកាយជាច្រើនឆ្នាំមកហើយ ទោះជាគាត់ដែលជាប្រពន្ធខំព្យាយាមទិញថ្នាំមកព្យាបាលជម្ងឺប្តីរបស់គាត់យ៉ាងណា ក៏នៅតែមិនជាដែរ គឺគ្រាន់តែបានធូរស្បើយម្តងម្កាលប៉ុណ្ណោះ ។ កន្លងមកប្តីរបស់គាត់ក៏ធ្លាប់បានចងកសម្លាប់ខ្លួនម្តងរួចមកហើយ តែកាលណោះត្រូវបានគេឃើញ ហើយក៏បានជួយទាន់ តាំងពីពេលនោះមកដល់ថ្ងៃនេះមានរយៈពេលជាង២ខែមកហើយ ឥឡូវនេះប្តីរបស់គាត់ធ្វើបានសម្រេចតាមបំណងរបស់គាត់ហើយ ។
លោកយឹម សុផល នាយផ្នែកព្រហ្មទ័ណ្ឌ នៃអធិការដ្ឋាននគរបាលស្រុករលារប្អៀរបានអោយដឹងថា តាមការធ្វើកោសល្យវិច្ច័យរបស់សមត្ថកិច្ចជំនាញបច្ចេកទេសវិទ្យាសាស្តខេត្ត-ស្រុក សហការជាមួយគ្រូពេទ្យឃុំ លោកមេភូមិសិឡាង លោកជំទប់ឃុំទី២ និងក្រុមប្រឹក្សាឃុំស្វាយជ្រុំ បានអះអាងថា បុរសរងគ្រោះខាងលើពិតជាបានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនប្រាកដមែន ហើយបានប្រគល់សពទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ