រាជធានីភ្នំពេញ ៖ ប្រភពពីមន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានថា មានមនុស្សលោតទឹកសម្លាប់ខ្លួន ត្រូវកម្លាំងនគរបាលមូលដ្ឋានបានធ្វើការស្រាវជ្រាវ និងទំនាក់ទំនងជាមួយក្រុមគ្រួសារបុរសដែលលោតទឹកសម្លាប់ខ្លួន ហើយបានជួលឱ្យអ្នកនេសាទរាវរកសពឃើញហើយកាលពីវេលាម៉ង០៤ និង១០នាទីល្ងាចថ្ងៃទី២០ ឧសភា ២០១៥ ។
ប្រភពបានឱ្យដឹងថា បុរសដែលលោតទឹកសម្លាប់នេះ ឈ្មោះលាង វីរះ អាយុ៣៣ឆ្នាំ ជាអ្នកម៉ៅការសំណង់ មានទីលំនៅក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន ។
សមត្ថកិច្ចបានបង្ហើបឱ្យដឹងថា មូលហេតុដែលឈានដល់ការធ្វើអត្តឃាត ដោយជិះរថយន្តមកលោតទឹកនៅមុខវាំងនេះ មិនត្រូវសាច់ញាតិប្រាប់នគរបាលជំនាញដឹងនោះទេ គ្រាន់តែដឹងថា បុរសរូបនោះបានលែងលះប្រពន្ធអស់ពេល២-៣ឆ្នាំមកហើយ ។
បច្ចុប្បន្ន សពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
គួររំលឹកថា កាលពីវេលាម៉ោងប្រហែលជាង០៣រសៀលថ្ងៃទី២០ ឧសភា ២០១៥ នេះ មានបុរសម្នាក់អាយុប្រហែលជាង៣០ឆ្នាំបានជិះរថយន្តសេរីទំនើបម៉ា Ford Ranger ពណ៌ខ្មៅ ពាក់ស្លាក់លេខ២Z-៣៣៤៥ មកឈប់នៅលើចិញ្ចើមវិថីព្រះស៊ីសុវត្ថិខាងត្បូងព្រះអង្គដងកើ (អតីតគណៈកម្មាធិការបុណ្យជាតិ) ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។
ប្រភពបានឱ្យដឹងថា គេឃើញបុរសនោះ បានដើរឆ្លងផ្លូវឆ្ពោះមកច្រាំងទន្លេខាងត្បូងព្រះអង្គដងកើ ហើយដោះស្បែកជើង ក៏លោតចូលទឹកទន្លេតែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលដល់កម្លាំងប្រជាការពារខណ្ឌដូនពេញ និងប្រជាពលរដ្ឋធ្វើដំណើរនាំគ្នាចោមរោមមើល ។
កម្លាំងប្រជាការពារខណ្ឌដូនពេញ ដែលប្រចាំការនៅមុខព្រះបរមរាជវាំងបាននិយាយថា បុរសដែលលោតទឹកសម្លាប់ខ្លួននេះ ឃើញមានទឹកមុខក្រៀមក្រំ ហាក់ដូចជាមានវិបត្តិអ្វីមួយ ហើយជិះរថយន្តមកតែម្នាក់ឯង មកឈប់រថយន្តដើរចុះទៅមាត់ទឹក រួចអង្គុយមិនដឹងនិយាយអ្វីខ្លះនោះទេ បន្តិចក្រោយមក ក៏ចុះទៅក្នុងទឹកទន្លេលិចបន្តិចម្តង និងបានលើកដៃ ហាក់ដូចជាលាគ្នា ឬក៏ហៅឱ្យគេជួយ ។
នៅលើច្រាំងទន្លេទីកន្លែងដែលបុរសរូបនោះលោតទឹកនោះ បានបន្សល់ទុកស្បែកជើងពណ៌ខ្មៅមួយគូ ខណៈដែលប្រជាពលរដ្ឋនាំគ្នាចោមរោមមើលបានប្រាប់ថា បុរសលោកទឹកនោះ មានទីលំនៅម្តុំទួលទំពូង ហើយបងប្អូនបានដឹងឮហើយ ។
ចែករំលែកព័តមាននេះ