រាជធានីភ្នំពេញ ៖ អ្នកនិពន្ធទំនុកច្រៀងប្រចាំផលិតកម្មថោន លោកយឹម តាស្រង់ បានបង្ហាញការលំបាក និងឧបសគ្គនានាចំពោះការនិពន្ធបទថ្មី ។
លោកយឹម តាស្រង់ លើកឡើងថា ការផលិតបទចម្រៀងថ្មីទាំងទំនុកច្រៀង និងបទភ្លេងជួបការលំបាក និងឧបសគ្គច្រើន ប៉ុន្តែលោកមិនចុះចាញ់ និងរាថយឧបសគ្គទាំងនោះឡើយ ផ្ទុយទៅវិញលោកនៅខិតខំប្រឹងប្រែង ដោយចាត់ទុកថា អ្វីដែលលោកបានធ្វើគឺស្តែងចេញពីអារម្មណ៍ពិតរបស់លោក ។
ក្នុងសារមួយដែលសរសេរបង្ហោះលើទំព័រហ្វេសប៊ុករបស់ខ្លួន អ្នកនិពន្ធវ័យក្មេងរូបនេះបញ្ជាក់ថា ការតែងបទថ្មីបើពីរោះគេថាស្រដៀងបទនេះ ឬស្រដៀងបទនោះ បើមិនពីរោះគេថាបទថ្មីខ្មែរ ធ្វើមិនពីរោះទេ ស្តាប់មិនចូល តែបើចម្លងពីបរទេសវិញគេនឹងដៀលជេរថា អ្នកនិពន្ធខ្មែរអត់ខួរ ។
ក្នុងសារដដែលលោកយឹម តាស្រង់ បានបន្ថែមថា «ខ្ញុំ និងដាភ្លេង (អ្នកនិពន្ធបទភ្លេងនៅផលិតកម្មថោន)បានដឹងរួចមុនទៅហើយនៅពេលយើងចាប់ផ្តើមប្រឹងប្រែងធ្វើបទថ្មីមួយរយៈនេះថា នឹងមានឧបសគ្គកើតឡើងមិនចេះចប់ឡើយ តែពួកខ្ញុំមិនរាថយឡើយ ព្រោះ អ្វីៗពួកខ្ញុំបង្កើតឡើងចេញពីអារម្មណ៍ពួកខ្ញុំ ពិតៗ តែពួកខ្ញុំក៏សប្បាយចិត្តដែរ ដែលក្រុមហ៊ុនថោនបានបើកឱកាសដ៏ល្អជឿទុកចិត្តស្នាដៃពួកខ្ញុំ និងគាំទ្រឱ្យផលិតបទថ្មីឱ្យបានច្រើនទាំងដឹងថា ត្រូវខាតបង់ថវិកាច្រើនជាងធម្មតា ។ ខ្ញុំតែងតែទទួលការរិះគន់ទាំងឡាយ តែពេលខ្លះការរិះគន់របស់មនុស្សមួយចំនួនគឺកើតចេញពីភាពខ្វះការយល់ដឹងអំពីចម្រៀង ហើយការរិះគន់ខ្លះទៀតកើតពីការច្រណែន ឈ្នានីស ដោយពួកយើងមិនមែនជាអ្នកនិពន្ធនៅក្រុមហ៊ុនដែលពួកគេកំពុងតែធ្វើ ជាអ្នកគាំទ្រ និងអ្នកមានអាជីពដូចគ្នា(មនុស្សមួយចំនួនមិនទាំងអស់ទេ)» ។
ទោះជាយ៉ាងណាក្តី លោកយឹម តាស្រង់ បញ្ជាក់ថា សារមួយនេះគឺគ្រាន់តែចង់ឱ្យមនុស្សមួយចំនួនស្រឡាញ់ជាតិសាសន៍ដូចគ្នា និងរិះគន់ដើម្បីស្ថាបនាឱ្យមានការវិវឌ្ឍទៅមុខ ហើយពួកលោកនៅតែបន្តការខិតខំប្រឹងប្រែងតទៅទៀតទាំងដឹងថា ចរិតអ្នករិះគន់មិនសមហេតុផលមួយចំនួននៅតែបន្តរិះគន់ ៕
ចែករំលែកព័តមាននេះ