ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ុន ណា​រី​ម៉ូ​នី​កា ​នៅ​ស្រុក​ខ្មែរ​ជា​អ្នកសិល្បៈ​ល្បីឈ្មោះទៅ​នៅស្រុក​បារាំង​ប្រកប​របរ​ចិញ្ចឹម​មាន់

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នក​នាង​ស៊ុន ណា​រី​ម៉ូ​នី​កា បាន​មក​លេង​ស្រុក​កំណើត​ជា​ថ្មី ហើយ​លើក​នេះ​ទំនងជា​ចង់​ចេញ​មុខ​សម្តែង​ឱ្យ​បាន​ច្រើន ។ កាលពី​ពេល ថ្មី​ៗ​នេះ​អ្នក​នាង​ស៊ុន ណា​រី​ម៉ូ​នី​កា

រាជធានី​ភ្នំពេញ ៖ អ្នក​នាង​ស៊ុន ណា​រី​ម៉ូ​នី​កា បាន​មក​លេង​ស្រុក​កំណើត​ជា​ថ្មី ហើយ​លើក​នេះ​ទំនងជា​ចង់​ចេញ​មុខ​សម្តែង​ឱ្យ​បាន​ច្រើន ។  កាលពី​ពេល ថ្មី​ៗ​នេះ​អ្នក​នាង​ស៊ុន ណា​រី​ម៉ូ​នី​កា រៀបរាប់​ប្រវត្តិ​អតីត​ឱ្យ​ដឹង​ថា នាង​ធ្លាប់​ពុះពារ​ជាមួយ​អាជីព​សិល្បៈ​ច្រើន​ដូច​ជា​ចេញ​ទៅ​ច្រៀង​កាត់សក់​ជាមួយ​នាយ​កុយ នាយ​សាន​ម៉ៅ​ជាដើម ។ ដំណាក់​កាលនោះ​ចង់​ច្រៀង​ភ្លេង​ការ​គឺ​ចំ​បែប​ភ្លេង​ការ សម័យ​ចំ​បែប​សម័យ នាង​ចេះ​ទាំងអស់ ។ អ្នក​នាង​ម៉ូ​នី​កា មានឈ្មោះ​បោះ​សំឡេង​អំឡុង​ពេល​នោះ ខណៈ​ទូរទស្សន៍​មិន​សម្បូរ​ទេ ។ មាន​ពេល​មួយ​នាង​ម៉ូ​នី​កា​ចេញ​ទៅ​ស្រុក​ថៃ ហើយ​ចង់​បួស ព្រោះ​នឹកឃើញ​ថា ជីវិត​អភ័ព្វ​ពេក តែ​គេ​មិន​ឱ្យ​បួស​ទេ​ដោយ​ថា​បួស​បែប​នេះ​ប្រាកដជា​បាប ។ ដោយ​មាន​គេ​ស្គាល់​នាង​ជា​អ្នកសិល្បៈ​នៅ​ស្រុក​ខ្មែរ គេ​ថា​កុំទៅ​បួស​អី​ទៅ​បញ្ចូល​សំឡេង​ឱ្យ​គេ​វិញ​ទៅ ។ ពេល​នោះ​នាង​អត់​ហ៊ាន​ទទួល ព្រោះ​ចេះ​តែ​ច្រៀង​សម័យ ល្ខោនបាសាក់ យីកេ ថតកុន​ប៉ុណ្ណោះ បើ​បញ្ចូល​សំឡេង​មិន​ចេះ​ទេ ។ ទោះជា​យ៉ាង​ណា​ក្តី​នាង​បាន​ទៅ​សាកល្បង​ភ្លាម​និយាយ​ជា​តួឯក ហើយ​អាច​ធ្វើ​បាន ។ មិន​ថា​សំឡេង​ក្មេង​ស្រី ក្មេង​ប្រុស មនុស្ស​ចាស់ អ្នក​នាង​ម៉ូ​នី​កា​អាច​ពត់​សំឡេង​បាន​។ លើស​ពី​នេះ​នាង​ធ្លាប់​ប្រឡង​ជាប់​ផ្នែក​បញ្ចូល​សំឡេង​នៅ​ហុងកុង ខាង​សំឡេង​តួឯក​ទៀត ។ អ្នក​នាង​ម៉ូ​នី​កា​មាន​មោទនភាព​ចំពោះ​ខ្លួនឯង ព្រោះ​ឱ្យ​តែ​សិល្បៈ​អាច​ធ្វើ​បាន ព្រោះ​មាន​និស្ស័យ ។

អ្នក​នាង​ស៊ុន ណា​រី​ម៉ូ​នី​កា ពេល​នៅ​ស្រុក​ថៃ​នោះ​នឹក​ស្រុក​កំណើត​ពេក​ក៏​ត្រឡប់​មក​ស្រុក​វិញ ហើយ​នាយ​ហើម នាយ​កុយ និង​នាយ​សាន​ម៉ៅ  ហៅ​ឱ្យ​ចូលរួម​កាត់សក់​ពិធី​មង្គលការ ។

សព្វថ្ងៃ​អ្នក​នាង​ម៉ូ​នី​កា នៅ​ប្រទេស​បារាំង​អត់​ចោល​អាជីព​សិល្បៈ​ទេ ព្រោះ​មាន​មហាជន​នៅ​ស្រឡាញ់​គាំទ្រ ។ លើស​ពី​នេះ​នាង​ចិញ្ចឹម​មាន់ តែ​មិនមែន​ចិញ្ចឹម​យក​ទៅ​លក់ ឬ​យក​ទៅ​បញ្ជល់​ទេ គឺ​មាន់​នោះ​ចិញ្ចឹម​ទុក​ទៅ​យក​ទៅ​ប្រកួត​បង្ហាញ​រាង ។  មាន់​ដែល​អ្នក​នាង​ម៉ូ​នី​កា​ចិញ្ចឹម​ចូលរួម​ក្នុង​កម្មវិធី​ប្រឡង​បង្អួតរាង​មាន់នៅ​ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក ជាប់​លេខ​១ ។ តាំងពី​ពេល​នោះ​មក​ទាំង​ជនជាតិ​បារាំង និង​ជនជាតិ​ផ្សេង​ទៀត​និយម​ទិញ​មាន់​របស់​នាង​ព្រោះ​ដឹង​ថា​មាន់​ដែល​នាង​ចិញ្ចឹម​ល្បី ។

ចំពោះ​សិល្បៈ​ភាពយន្ត​វិញ​អ្នកដឹកនាំ​រឿង​បាន​ទាក់ទង​អ្នក​នាង​ម៉ូ​នី​កា​ឱ្យ​សម្តែង​ដោយសារ​តែ​ឃើញ​ទម្រង់​មុខ​នាង​ដូច​អតីត​តារា​សម្តែង​សុខ ស្រី​មុំ គឺ​សម្តែង​ជា​តួ​កូនភ្លោះ ក្នុង​រឿង​«​ព្យ៉ា​ណូ​របេះ​ខ្ទង់​» ។

អ្នក​នាង​ម៉ូ​នី​កា ចាប់ផ្តើម​ល្បី​មុនគេ​នៅ​ក្នុង​កម្មវិធី «​ពិភព​តន្ត្រី​» នៅ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣ ព្រមទាំង​កម្មវិធី​កំប្លែង «​យុទ្ធនាការ​មហា​សប្បាយ​» ជា​មួ​ួ​នាយ​ក្រឹម និង​នាយ​កុយ ។

ពេល​ទៅ​នៅ​ប្រទេស​បារាំង​អ្នក​នាង​ស៊ុន ណា​រី​ម៉ូ​នី​កា​កម្សត់​ខ្លួន​ណាស់ ព្រោះ​ធ្លាប់តែ​នៅ​ស្រុក​កំណើត​ទៅ​ណា​មក​ណា​គេ​ស្គាល់ ។ នាង​នឹករឭក​ម្តាយ​ឪពុក បងប្អូន និង​នឹក​អ្នកសិល្បៈ​ដែល​ធ្លាប់​សម្តែង​ជាមួយ​គ្នា ។ មួយ​ថ្ងៃ​ៗ​អង្គុយតែ​យំ តែ​ចេះ​តែ​ស៊ូទ្រាំ​ព្រោះ​នឹកឃើញ​ថាបើ​បាន​ទទួល​ប័ណ្ណ​រស់នៅ​ពេញ​សិទ្ធិ គឺ​ចេញចូល​ស្រុក​កំណើត​បាន ។ សព្វ​ថ្ងៃនេះ​នាង​អាច​ទៅ​មក​ស្រុក​ខ្មែរ ស្រុក​បារាំង គឺ​ឱ្យ​តែ​នឹក​ស្រុក​ខ្មែរ​មក​ភ្លាម​ក្នុង​មួយ​ឆ្នាំ​មក​៤​ដង ។

នៅ​ស្រុក​បារាំង​អ្នក​នាង​ម៉ូ​នី​កា ធ្លាប់​ចោរឆក់​កាបូប​ដោយ​ច្រាន​នាង​ខ្ទាត​ដល់​កណ្តាល​ថ្នល់​វិះ​រថយន្ត​បុក ។ ហេតុការណ៍​នោះ​ធ្វើ​ឱ្យ​នាង​បាក់ដៃ ។ បងប្អូន​ខ្មែរ​នៅ​ស្រុក​បារាំង​ដោយ​ស្រឡាញ់​រាប់អាន​នាង​បាន​យក​ម្ហូបអាហារ​ឱ្យ ព្រោះ​នាង​ត្រូវ​សម្រាក​ព្យាបាល​បី​ខែ ហើយ​មាន​តែ​ម្នាក់ឯង គ្មាន​សាច់ញាតិ ។ បែប​នេះ​ហើយ​ទើប​នាង​មិន​ភ្លេចគុណ​បងប្អូន​ខ្មែរ​នៅ​ប្រទេស​បារាំង​ទេ ។

ក្នុង​នាម​ជា​អ្នកសិល្បៈ​ជើង​ចាស់ អ្នក​នាង​ស៊ុន ណា​រី​ម៉ូ​នី​កា ចង់ឱ្យ​អ្នកសិល្បៈ​ជំនាន់​ក្រោយ​ខំប្រឹង​ប្រែង​ដើម្បី​កុំឱ្យ​ចាញ់​អ្នកសិល្បៈ​ប្រ​ទស​ជិតខាង ៕