ខេត្តកំពង់ចាម ៖ ស្របពេលដែលម្តាយជាប់រវល់ទៅចូលរួមពិធីកាត់ចំណងដៃកូនស្រីនៅខេត្តកំពង់សោមដោយទុកឲ្យកូនស្រី២នាក់ដេកចាំផ្ទះបែរជាមានជនមិនស្គាល់អត្តសញ្ញាណលួចកាប់ប្រហារប៉ងសម្លាប់កូនបងអាយុ១៥ឆ្នាំ ក្នុងខណៈកំពុងដេកលង់លក់ បណ្តាលឲ្យរបួសធ្ងន់ ត្រូវបានសាច់ញាតិបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុក ។
ហេតុការណ៏នេះកើតឡើងនៅវេលាម៉ោង១០ និង២០នាទីយប់ ថ្ងៃទី៣ មីនា ២០១៥ ស្ថិតនៅភូមិវត្តចាស់ ឃុំបឹងណាយ ស្រុកព្រៃឈរ ។
លោកវរសេនីយ៍ត្រី កែវ ស៊ាងហ៊ន់ អធិការនគរបាលស្រុកព្រៃឈរប្រាប់ឲ្យដឹងថា ស្ត្រីឈ្មោះហ៊ុន ទៀង អាយុ៤៣ឆ្នាំ រួមជាមួយកូនស្រី កូនប្រសារប្រុស ព្រមទាំងក្រុមសាច់ញាតិជាច្រើននាក់បាននាំគ្នាធ្វើដំណើរចេញទៅខេត្តជាប់មាត់សមុទ្រខាងលើដើម្បីកាត់ចំណងដៃដោយបានទុកកូនស្រីឈ្មោះ ប៊ុន សុខនៅ អាយុ១៥ឆ្នាំ និងកូនស្រីអាយុ១០ឆ្នាំម្នាក់ទៀតឲ្យនៅដេកចាំផ្ទះឈើទំហំ៤គុណ៥ម៉ែត្រ។
លោកវរសេនីយ៏ត្រី កែវ ស៊ាងហ៊ន់ អធិការនគរបាលស្រុកព្រៃឈរប្រាប់បន្តថា មុនពេលដេកកូនស្រីបងបានចុចមើលវីដេអូរឿងថៃនៅយប់ថ្ងៃទី៣ មីនា បន្ទាប់មកងងុយដេកពេក ក៏បានបិទទ្វាផ្ទះត្រឹមត្រូវរួចប្រាសខ្លួនដេកទាំង២នាក់តែម្តង ។
លុះដល់វេលាម៉ោង១០ និង២០នាទីយប់ ស្រាប់តែមានជនមិនស្គាល់អត្តសញ្ញាណបានមកធាក់ទ្វារទម្លាយចូលទៅលើផ្ទះឈើ បើកមុងសើយឡើងក៏ទាញវត្ថុរឹងមានមុខមុតកាប់ប្រហារលើកូនស្រីបងត្រូវចំនួន៣កន្លែង ក្នុងនោះមានក្បាលផ្នែកខាងស្តាំ២កន្លែង និងចញ្ចឹមឆ្វេងង១កន្លែង ដោយមានឈាមហូរស្រោចពេញខ្លួនប្រាណ រួចក៏ស្រែកហៅឲ្យគេឯងជួយ។
រំពេចនោះជនមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនចុះពីលើផ្ទះទាំងប្រញាត់រត់គេចខ្លួន ថែមទាំងយកវត្ថុតាងទៅជាមួយផង ។ ក្មេងស្រីរងគ្រោះវ័យ១៥ឆ្នាំរូបនោះត្រូវបានក្រុមសាច់ញាតិដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ និងបន្តនាំទៅសង្គ្រោះនៅរាជធានីភ្នំពេញ ។
លោកវរសេនីយ៏ត្រី កែវ ស៊ាងហ៊ន់ អធិការនគរបាលស្រុកព្រៃឈរបញ្ជាក់ថា រហូតមកដល់ព្រឹកថ្ងៃទី៤ មីនានេះ រូបលោក និងជំនាញព្រហ្មទណ្ឌស្រុកបានចុះទៅដល់ផ្ទះកើតហេតុ ដើម្បីពិនិត្យមើលពីស្ថានភាព តែមិនមានអ្នកភូមិណាម្នាក់ឃើញពីភិនភាគជនមិនស្គាល់អត្តសញ្ញាណនោះទេ ។ ចំពោះមូលហេតុនៃការកាប់ប្រហារលើក្មេងស្រីជំទង់ខាងលើ មិនទាន់ដឹងច្បាស់លាស់ទេ។ ដំបូងសមត្ថកិច្ចបានដាក់ការសង្ស័យថា អាចផ្តើមចេញពីគំនុំណាមួយរវាងគ្រួសាររងគ្រោះជាមួយនឹងអ្នកដទៃនៅក្នុងភូមិ ៕
ចែករំលែកព័តមាននេះ