រាជធានីភ្នំពេញ ៖ បន្ទាប់ពីតារាទឹកភ្នែកនាងនី មុនីនាថ បណ្តើរបុរសប្លែកមុខយ៉ាងល្អូកល្អិនចូលរួមពិធីកាត់ចំណងដៃអាពាហ៍ពិពាហ៍របស់នាងឆៃលី ដាឡែន នាពេល ថ្មីៗកន្លងមក ពេលនេះមានដំណឹងថា នាងបានភ្ជាប់ពាក្យស្ងាត់ៗរួចហើយជាមួយបុរសនោះ ។ លើសពីនេះនី មុនីនាថ គ្រោងរៀបការនៅអំឡុងចុងឆ្នាំ២០១៥នេះ ។ ដំណឹងរៀបការនេះអាចចាត់ទុកថា ជារឿងថ្មីមួយទៀតសម្រាប់ដំណើរជីវិតឯកជនរបស់តារាមុខស្រស់ នី មុនីនាថ ។
ថ្មីៗនេះមុនីនាថរកឃើញគូស្នេហ៍ថ្មីលួងចិត្តក្រោយពីមិនអាចចងក្រងស្នេហ៍ជាមួយអតីតតារាសម្តែងលោកកែវ កុសល បានតទៅទៀត ។ តាមរយៈរូបភាពបណ្តើរគ្នាយ៉ាងកៀកកិតពេញមុខជាមួយបុរសម្នាក់ជាកូនខ្មែរកាត់អាមេរិកនៅក្នុងពិធីកាត់ចំណងដៃឆៃលី ដាឡែន របស់មុនីនាថ នោះ អ្នកណាៗក៏ថាពួកនាងសមគ្នាដែរ ។ លើសពីនេះមានអ្នកទម្លាយឱ្យដឹងថា បុរសដែលមុនីនាថ បណ្តើរឲ្យគេឃើញនោះជាអ្នកពិសេសរបស់នាង បើមិនដូចនេះទេមុនីនាថ មិនហ៊ានបើកចំហឡើយ ។ សូម្បីតែចាស់ទុំ ពិសេសម្តាយមុនីនាថ ក៏ចូលរួមដើរដង្ហែជាមួយកូនស្រីយ៉ាងរីករាយដែរ ។ ក្រុមអ្នកសិល្បៈសុទ្ឋតែដឹងថា នី មុនីនាថបានឆ្លងកាត់ពិធីភ្ជាប់ពាក្យរួចហើយជាមួយបុរសដែលនាងបណ្តើរពេញមុខ និងឲ្យអ្នកសារព័ត៌មានថតរូបនោះ ។ មុនីនាថ បានភ្ជាប់ពាក្យ ស្ងាត់ៗកាលពីពេលកន្លងមកដោយមានតែចាស់ទុំសងខាង និងមិត្តភក្តិសិល្បៈជិតដិតប៉ុណ្ណោះចូលរួមដោយមិនហ៊ានឲ្យលេចឮខ្ចរខ្ចាយពេញមុខដូចគេឡើយ ។
បុរសជាគូដណ្តឹងនោះ ត្រូវអ្នកដឹងរឿងឱ្យដឹងថា មានវ័យជិត៤០ឆ្នាំ ជាអ្នករកស៊ីខាងជួញដូរគ្រឿងសមុទ្រនៅអាមេរិក មានបុគ្គលិកបម្រើការងារនៅក្នុងហាងប្រមាណជាង៤០នាក់ និងមានបងប្អូនបង្កើត៣នាក់ ស្រី២នាក់ ។ បុរសរូបនោះពេលមកលេងស្រុកខ្មែរ ម្តងៗយូរណាស់គឺអាចចន្លោះពី២ខែទៅ៣ខែ ។ ហេតុដែលមុនីនាថ និងម្តាយមិនហ៊ានបើកកកាយរឿងពិតនេះ ព្រោះតែចង់ទុកឲ្យមហាជនតាមដាន ហើយបើមិនឈានដល់ដំណាក់កាលនេះក៏បុរសរូបនោះគ្មានឱកាសឈរជិតមុនីនាថបានឡើយ។ ក្រៅពីនេះឲ្យតែទៅណាមកណាតែងតែមានបុរសជាគូស្នេហ៍ដើរតាមជាមួយមុនីនាថ ជាក់ស្តែងចូលរួមពិធីកាត់ចំណងដៃឆៃលី ដាឡែន និងចូលរួមក្នុងពិធីឡើងគេហដ្ឋានថ្មីរបស់ម្ចាស់ផលិតកម្មចក្កវាឡ ។
កាន់តែជឿជាក់ថែមទៀត មានគេលួចខ្សឹបថា នី មុនីនាថ នឹងចូលរោងការនៅចុងឆ្នាំ២០១៥នេះ ព្រោះចាស់ទុំសងខាងរកពេលាសំពះផ្ទឹមឃើញហើយ គឺអាចអំឡុងខែវិច្ឆិកា ឬខែធ្នូ ។ ប្រសិនបើមុនីនាថចូលរោងការមែន នាងនឹងទៅសាងជីវិតថ្មីនោះលើទឹកដីអាមេរិក ដូច សារ៉ាយ សក្កណា ដែរ ។ អ្នកយកព័ត៌មានកោះសន្តិភាពនៅមិនទាន់បានជួួបសម្ភាសន៍សាមីខ្លួននាង នី មុនីនាថ ផ្ទាល់ឡើយ ចំពោះដំណឹងភ្ជាប់ពាក្យ និងត្រៀមចូលរោងការនៅចុងឆ្នាំនេះ ។ នី មុនីនាថ មុនក្លាយជាតារាលេចធ្លោរៀនជំនាញខាងរបាំនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ។ ក្នុងពេលមិនទាន់លេចធ្លោមុនីនាថ បានតស៊ូជាមួយសិល្បៈយ៉ាងលំបាកខ្លះដែរ ជាមួយម្តាយដែលតាមការពារ គឺធ្វើជាអ្នករាំអមតួធំពេលថតខារ៉ាអូខេ ។
កញ្ញានី មុនីនាថ ធ្លាប់បានសាងស្នាដៃល្បីឈ្មោះតាមរយៈរឿង «ផ្កាក្នុងផ្កា» របស់ទូរទស្សន៍ស៊ីធីអិន ដឹកនាំាំសម្តែងដោយអ្នកស្រីពាន់ ភួងបុប្ផា និងរឿង «ក្រវាន់សៀមរាប»ជាដើម ៕
ចែករំលែកព័តមាននេះ