រាជធានីភ្នំពេញ ៖ ក្នុងពេលនាងអិុត ស្រីពីន មិនទាន់ត្រឡប់ទៅអាមេរិកវិញ មានមតិជាច្រើនសង្ស័យថា នាងរង្គោះរង្គើជាមួយស្វាមីជាអ្នកលក់មាសនៅអាមេរិក ។ នាងអិុត ស្រីពីន បញ្ជាក់ពីរឿងនាង និងស្វាមីដែលនៅជើងមេឃម្ខាងម្នាក់អស់ពេលជាច្រើនខែមកហើយនោះតាមរយៈជំនួបជាមួយអ្នកយកព័ត៌មានកោះសន្តិភាព ។
ក្នុងពិធីប្រគំតន្ត្រីរបស់ស្ថានីយទូរទស្សន៍អប្សរាកាលពីថ្ងៃទី២០ មករា ឆ្នាំ២០១៤ តារាចម្រៀងអិុត ស្រីពីន បានការពារចំណងស្នេហារវាងនាង និងស្វាមីដែលនៅឃ្លាតគ្នាយូរខែមកហើយនោះថា ពួកនាងមិនបានចែកផ្លូវគ្នា ឬទាស់ទែងគ្នាដូចការសង្ស័យរបស់មហាជន ឬសារព័ត៌មានទេ ។ គេសង្ស័យព្រោះនាងមកស្រុកយូរខែហើយអត់ទាន់ទៅអាមេរិកវិញ ។ ការណ៍ពិតនាង និងស្វាមីតែងតែសួរនាំគ្នាតាមទូរស័ព្ទ និងបង្ហោះរូបភាពបង្ហាញគ្នាតាមហ្វេសប៊ុកជាហូរហែអត់មានបញ្ហាអ្វីទេ ។ នាងមិនទាន់ទៅអាមេរិកវិញ ព្រោះនាងមកស្រុកខ្មែរលើកនេះដល់ទៅជិត៦ខែ ។ នាងមកតាំងពីខែសីហា ឆ្នាំ២០១៤ ។
អតីតតារាចម្រៀងប្រចាំផលិតកម្មរៃមាសរូបនេះឱ្យដឹងថា នាងអត់ទាន់ចេញទៅអាមេរិកឆាប់ៗនេះទេ អាចបន្តនៅស្រុកយើងប្រមាណមួយខែជាងទៀតដើម្បីចាំធានាកូនប្រុសស្រីទាំង២នាក់របស់នាងទៅអាមេរិកទាំងអស់គ្នា ឱ្យស្រេចតែម្តង ។ កូននាងទាំង២ទទួលបានសិទ្ធិទៅនៅអាមេរិកអស់ហើយ ប៉ុន្តែម្តាយរបស់នាងចង់ឱ្យចៅ និងនាងនៅស្រុកកំណើតឱ្យយូរសិន បើទៅអាមេរិកភ្លាមគាត់នឹកកូន នឹកចៅណាស់។ ដូច្នេះហើយទើបចេះតែបន្តនៅជួបជុំគ្រួសារក្នុងស្រុកខ្មែរឱ្យអស់ចិត្តសិន ។ ម្យ៉ាងទៀតប្តីនាងមិនខឹងរឿងពន្យារពេលនៅស្រុកខ្មែរទេ ព្រោះគាត់យល់ បើគាត់មិនយល់នាងក៏មិនអាចនៅដូចមនុស្សនៅខ្លួនមួយបានទេ ។
មកស្រុកខ្មែរលើកនេះស្រីពីនថា នាងសប្បាយណាស់ព្រោះបាននៅយូរខែ ហើយបានសម្តែងជូនទស្សនិកជននៅតាមកញ្ចក់ទូរទស្សន៍។ លើសពីនេះនាងបានជួបជុំមិត្តសិល្បករ ដើម្បីរំឭកអនុស្សាវរីយ៍ ព្រោះមិនងាយបានជួបគ្នាទេ ។ មូលហេតុបែបនេះហើយឲ្យតែមានពិធីជប់លៀង ឡើងផ្ទះ ឬមង្គលការអ្នកសិល្បៈ នាងតែងតែទៅចូលរួម អត់អាក់ខានទេ ។ ទាំងអស់នេះហើយជាផែនការដែលនាងនៅតែបន្តមានវត្តមាននៅស្រុកខ្មែរយូរ ព្រោះបើទៅអាមេរិកវិញមិនងាយបានមកវិញស្រួលទេ ទាល់តែសន្សំលុយ ប្រឹងធ្វើការហត់ណាស់ និងដល់ទៅបួនឆ្នាំទៀត ទើបអាចមកម្តង ។
អ្នកនាងអិុត ស្រីពីន នៅតែទទួលការងារសិល្បៈដដែលគឺទៅអាមេរិកក៏ទទួល មកស្រុកខ្មែរក៏ទទួល ព្រោះសិល្បៈជាចំណូលចិត្ត និងខំតស៊ូទម្រាំបានល្បីឈ្មោះ ។ ស្រីពីនមើលឃើញថា សិល្បៈនៅស្រុកយើងរីកលូតលាស់គ្រប់ផ្នែក មិនថាតែភាពយន្ត ចម្រៀង សូម្បីតែឆាកតន្ត្រីរបស់់ទូរទស្សន៍ក៏មានការរីកចម្រើនដែរ។ ចំណែកអ្នកសិល្បៈអាចរកចំណូលបានច្រើនជាងជំនាន់នាង ៕
ចែករំលែកព័តមាននេះ