រាជធានីភ្នំពេញ ៖ ចំណងអាពាហ៍ពិពាហ៍ច្រើនឆ្នាំរបស់ពិធីករ ឡាយអិន និងភរិយាត្រូវតុលាការសម្រេចឲ្យផ្តាច់សង្វាសពីគ្នាជាផ្លូវការហើយ បន្ទាប់ពីការសម្របសម្រួលម្តងជាពីរដងមិនទទួលបានលទ្ធផល ។
ប្តី-ប្រពន្ធលោកឡាយអិន ត្រូវតុលាការសម្រេចកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥ ឲ្យលែងលះគ្នាជាផ្លូវការ និងចែកទ្រព្យសម្បត្តិពាក់កណ្តាលម្នាក់ ចំណែកកូនត្រូវភរិយារបស់លោកទទួលសិទ្ធិចិញ្ចឹម ។
ពិធីករលោកហែម បូរិទ្ធ ហៅឌីជេឡាយអិន ត្រូវភរិយារបស់លោក គឺអ្នកនាង សន សុម៉ាលីនដា ដាក់ពាក្យលែងលះទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ កញ្ញា ២០១៤ បន្ទាប់ពីអ្នកទាំង២បានរួមរស់ជាប្តីប្រពន្ធអស់ពេលជាង៤ឆ្នាំ និងមានកូន៣ នាក់ ។ ភាពចម្រូងចម្រាសនៃជីវិតជាប្តីប្រពន្ធរបស់ពិធីករឡាយអិន កើតឡើងដោយលោកចោទថា មានបុរសទី៣ ចូលជ្រៀតជ្រែក ។ រឿងនេះលោកឡាយអិន បានចាត់ទុកខ្លួនឯងជាក្របីចម្លងភក់ឲ្យភរិយារបស់លោកអស់ពេលជាច្រើនឆ្នាំ ។
ថ្លែងប្រាប់កោះសន្តិភាពតាមទូរស័ព្ទឌីជេ ឡាយអិន បានអះអាងថា លោកយល់ស្របតាមការសម្រេចរបស់តុលាការ ដោយសារតែលោកលែងអាឡោះអាល័យភរិយារបស់លោកទៀតហើយ ប៉ុន្តែអ្វីដែលសំខាន់នោះលោកចង់ទាមទារកូនទាំង៣នាក់របស់លោកមកចិញ្ចឹម វិញ ។ លោកឡាយអិន បញ្ជាក់ថា មូលហេតុដែលលោកមិនអាចឲ្យកូនទៅភរិយារបស់លោកជាអ្នកគ្រប់គ្រងនោះ គឺសំអាងទៅលើភរិយារបស់លោករត់ចោលផ្ទះ ហើយពេលដែលស្ថិតជាស្វាមី និងភរិយានោះ លោកតែម្នាក់គត់ដែលខិតខំរកប្រាក់ចិញ្ចឹមបីបាច់ថែរក្សាកូន ដោយភរិយារបស់លោកមិនបានធ្វើអ្វីទាំងអស់។ ភរិយារបស់លោកបានចោទប្រកាន់រូបលោកថា ក៏មិនមានពេលវេលាគ្រប់គ្រាន់ដើម្បីបីបាច់ថែរក្សាកូនដូចគ្នា ប៉ុន្តែចំណុចនេះលោកមិនយល់ស្របឡើយ ដោយសារតែលោកមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់មើលថែកូនមែន តែលោកមានពេលវេលាសម្រាប់រកប្រាក់មកចិញ្ចឹមកូន ហើយលោកអាចរកមេដោះមើលថែកូនរបស់លោកបាន ។
តាមការឲ្យដឹងពីលោកឡាយ អិន មុននឹងចាប់ដៃគ្នាជាប្តីប្រពន្ធ គឺមានការគាំទ្រពីឪពុកម្តាយទាំងសងខាង ហើយអ្វីដែលសំខាន់នោះ មុនពេលរៀបការលោកក៏បានដឹងប្រវត្តិរបស់ភរិយាលោកដែរ តែលោកមិនគិតពីរឿងអតីតកាលឡើយ ។ លោកសម្រេចរស់នៅជាមួយគ្នា ចាប់ដៃគ្នាជាប្តីប្រពន្ធ បើទោះបីជាមាន ឬក្រក៏ដោយក៏មិនសំខាន់ ហើយលោករំពឹងថា ភរិយារបស់លោកនឹងកែខ្លួន ប៉ុន្តែនាងមិនបានកែខ្លួនឡើយ ។
បន្ទាប់ពីសាលក្រមប្រកាសជាផ្លូវការហើយនោះ លោកឡាយអិន តាំងចិត្តនឹងចាប់ផ្តើមជីវិតថ្មី ចំណែកកូនគឺលោកនៅតែបន្តយកចិត្តទុកដាក់ចំពោះពួកគេដដែល ៕
ចែករំលែកព័តមាននេះ