រាជធានីភ្នំពេញ ៖ ករណីបាញ់សម្លាប់ថៅកែក្រុមហ៊ុនស៊ីម៉ង់ត៍ពេជ្រ លោកឧកញ៉ា អ៊ឹង ម៉េងជឺ កាលពីយប់ថ្ងៃទី២២ វិច្ឆិកាម្សិលមិញនេះ ប៉ូលិសជំនាញបានពិនិត្យរូបភាពរួចរាល់ហើយ និងកំពុងស្រាវជ្រាវបន្ត ហើយមកដល់ពេលនេះ សមត្ថកិច្ចបានទទួលព័ត៌មានមួយចំនួនហើយ ។
នេះបើយោងតាមអ្នកនំាពាក្យអគ្គស្នងការនគរបាលជាតិក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក គៀត ចាន់ថារិទ្ឋ ដែលបង្ហើបប្រាប់កោះសន្តិភាពតាមទូរស័ព្ទនៅរសៀលថ្ងៃទី២៣ វិច្ឆិកា ២០១៤។
គួរបញ្ជាក់ថា បុរសម្នាក់ត្រូវខ្មាន់កាំភ្លើងបាញ់ស្លាប់នៅនឹងកន្លែងកើតហេតុ ខណៈចុះពីលើរថយន្តបំណងទៅទិញផ្លែឈើ បង្កឱ្យមានការភ្ញាក់ផ្អើលនៅម៉ោង៧និង១៨នាទីយប់ ថ្ងៃទី ២២ វិចិ្ឆកា ២០១៤ នៅចំណុចមុខហាងលក់ផ្លែឈើ <<ឡោ តិចសេង>> តាមផ្លូវព្រះសីហនុ កែងនឹងផ្លូវ១០៥ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន ។
បុរសរងគ្រោះត្រូវបានគេស្គាល់ថាជាឧកញ្ញា អឹុង ម៉េងជឺ អាយុ៤០ឆ្នាំ ជាថៅកែក្រុមហ៊ុន ស៊ីម៉ង់ត៍ពេជ្រ បច្ចុប្បន្នរស់នៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ប្រភពពីសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ បុរសរងគ្រោះ បានជិះរថយន្ត ម៉ាកឡិចស៊ីស ៥៧០ ពណ៌ឈាមជ្រូកមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2M-1683 បំណងមកទិញផ្លែឈើ ។ ខណៈបើករថយន្តមកដល់មុខហាងលក់ផ្លែឈើ <<ឡោ តិចសេង>> បុរសរងគ្រោះបានចុះពីលើរថយន្តបានប្រហែល៣ជំហាន ស្រាប់តែត្រូវខ្មាន់កាំភ្លើងពីរនាក់ ជិះម៉ូតូហុងដាឌ្រីម សេ១២៥ មួយគ្រឿងមកដល់បានដកកាំភ្លើងបាញ់ស្រោចមកលើបុរសរងគ្រោះ បណ្តាលឱ្យដួលផ្កាប់មុខស្លាប់ភ្លាមមួយរំពេចនៅនឹងកន្លែងកើតហេតុ ។
ចំណែកជនដៃដល់ទាំងពីរនាក់ បានឡើងជិះម៉ូតូគេចខ្លួនបាត់ស្រមោលសូន្យឈឹងតែម្តង ។ សមត្ថកិច្ចបានបញ្ជាក់ថា ជនដៃដល់ទាំងពីរនាក់ខាងលើនេះ បានប្រើកាំភ្លើងម៉ាក ឡុក CZ 89 ក្នុងការបាញ់ប្រហារ ហើយបានបាញ់អស់ចំនួន១០គ្រាប់ ប៉ុន្តែផ្ទុះតែ៦គ្រាប់ប៉ុណ្ណោះ ហើយគ្រាប់ចំនួន៤ ក្នុងចំណោមគ្រាប់កាំភ្លើង៦គ្រាប់ដែលផ្ទុះ បានបាញ់ធ្លាយចូលទៅក្នុងខ្លួនរបស់ជនរងគ្រោះបណ្តាលឱ្យ ស្លាប់បាត់បង់ជីវិតភ្លាមៗ ។
បើតាមស្នងការរងនគរបាលរាជធានីភ្នំពេញ លោកជួន ណារិន្ទ បានសន្និដ្ឋានជាជំហានដំបូងប៉ុន្មាននាទីក្រោយកើតហេតុថា ករណីបាញ់សម្លាប់នេះ គឺផ្តើមចេញពីរឿងគំនុំ ប៉ុន្តែមិនទាន់ដឹងថា ជាគំនុំរវាងវិវាទគ្រួសារ ឬក៏ជាគំនុំរវាងដៃគូររកស៊ីនោះទេ ។ លោកបានបន្តថា ជនដៃដល់មិនមែនជាមនុស្សធម្មតានោះទេ គឺជាឃាតករដៃឆើតដ៏សាហាវ ដែលធ្លាប់ហ្វឹកហ្វឺនយ៉ាងល្អក្នុងការបាញ់អាវុធ ។ ដោយឡែកប្រភពពីប្រជាពលរដ្ឋ ក៏ដូចជាមនុស្សមួយចំនួន ដែលស្គាល់ជនរងគ្រោះ បានអះអាងថា លោកឧកញ៉ា អ៊ឹង ម៉េងជឺ និងភរិយាឈ្មោះ តាំង គឹមឆេង ដែលជាថៅកែហាងពេជ្រហុង កុង មានទីតាំងនៅជិតផ្សារថ្មីនោះគឺលោកទាំងពីរនាក់ជាមនុស្សស្លូតត្រង់ ចូលចិត្តធ្វើបុណ្យ និង ជួយមនុស្សចាស់ជរាជាច្រើនមកហើយ ។
សពត្រូវបាន សមត្ថកិច្ចដឹកតាមរថយន្តសាមុយបញ្ចូនត្រឡប់ទៅកាន់លំនៅឋានរបស់លោកឧកញ៉ា នៅសង្កាត់ភ្នំពេញថ្មី ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ