រាជធានីភ្នំពេញ ៖ អតីតតារាសម្តែងស្រីដែលមានសម្រស់លេចធ្លោ និងសម្បូរដោយរឿងអាស្រូវ នាង វ៉ាង ស្រីណូ បានប្រកាសវិលកាន់អាជីពសិល្បៈជាថ្មីឡើងវិញ បន្ទាប់ពីនាងបានខកខាន និងបាត់វត្តមានពីសិល្បៈអស់រយៈពេលជាង៤ឆ្នាំមកនេះ ក្រោមរលកព័ត៌មានដ៏ចាក់ស្រះ។
វ៉ាង ស្រីណូ បានបាត់វត្តមានពីការអាជីពសម្តែងតាំងពីអំឡុងឆ្នាំ២០១០ បន្ទាប់ពីតារារូបនេះ បានទទួលរងនូវព្យុះភ្លៀងព័ត៌មានដ៏រសើបជាច្រើន ខណៈពេលដែលតារារូបនេះ ហាក់ប្រកាន់ខ្លួនឆ្មើងមិនស្វាគមន៍កាមេរ៉ារបស់អ្នកសារព័ត៌មានផងនោះ។ ក្នុងជីវិតជាអ្នកសិល្បៈ វ៉ាង ស្រីណូ បានឆ្លងកាត់នូវព័ត៌មានមិនល្អជាច្រើន ដែលនាងបានពុះពារលាងសម្អាត ប៉ុន្តែយ៉ាងណាក៏ដោយ លុះដល់នាងបោះមួយជំហានថយពីសិល្បៈទៅហើយ នាងនៅតែបន្តតាមព្យាបាទដោយព័ត៌មានចចាមអារ៉ាមជាច្រើនទៀត ដូចជា ការមានទំនាក់ទំនងស្នេហាលួចលាក់ជាមួយមន្ត្រីធំ ការសម្ងំលាក់មុខដោយសារមានផ្ទៃពោះ និងចុងក្រោយការកើតមហារីក។
ទោះជាយ៉ាងណា មួយរយៈចុងក្រោយនេះ វ៉ាង ស្រីណូ ហាក់សម្តែងកាយវិកាបន្ទាបខ្លួនឡើងវិញ និងទទួលរាក់ទាក់ពីអ្នកសារព័ត៌មាន និងហ៊ានចេញមុខបកស្រាយនូវបញ្ហានានា ដែលពាក់ព័ន្ធទៅនឹងពាក្យចចាមអារ៉ាមពីជីវិតឯកជនរបស់នាង ដើម្បីជាការជម្រះនូវមន្ទិលសង្ស័យទាំងឡាយកុំឲ្យវាក្លាយទៅជាជំងឺមហារីកកាន់តែធំ។
ដោយឡែកអ្វីដែលធ្វើឲ្យគេមានការភ្ញាក់ផ្អើលជាថ្មីឡើងវិញនោះ កាលពីពេលថ្មីៗនេះ វ៉ាង ស្រីណូ បានប្រកាសជាសាធារណៈតាម Facebook Page របស់ខ្លួនប្រាប់ពីការវិលមកកាន់សង្វៀនសម្តែងជាថ្មីឡើងវិញ ខណៈពេលដែលទស្សនិកមួយចំនួនតែងតែយល់ឃើញថា នាងទំនងជានឹងមិនមកប្រឡូកប្រឡាក់ក្នុងសិល្បៈជាថ្មីឡើងវិញឡើយ ដោយសារតែនាងកំពុងតែសោយសុខក្នុងគំនរទ្រព្យសម្បត្តិទៅហើយនោះ។
ក្នុងគណនេយ្យហ្វេស វ៉ាង ស្រីណូ បានសសេរថា ជំរាបសួរដល់បណ្តាហ្វ្រេនរបស់នាងខ្ញុំ ជាពិសេសគឺបងបងផលិតករឲ្យបានដឹងថា នាងខ្ញុំ ស្រីណូ បានបង្ហាញខ្លួននៅលើវិថីចាស់ដែលនាងខ្ញុំបានសម្រាកជាយូរហើយ គិតចាប់ពីឆ្នាំ២០១០ មកទល់ពេលនេះ ហើយមិនយូរទេ គឺនាងខ្ញុំកំពុងពិចារណានូវខ្សែរឿងភាគរបស់ CTN ដែលលទ្ធផលនឹងវិជ្ជមាននៅពេលខាងមុខនេះ នឹងមានការរៀបចំធ្វើសន្និសីទកាសែត និងសែនក្រុងពាលីផងដែរ។ នាងខ្ញុំក៏សង្ឃឹមថា បងប្អូននឹងគាំទ្រដល់រូបនាងខ្ញុំ ដែលខ្សែរឿងរបស់ CTN ខាងមុខនេះ និងធ្វើឲ្យបងប្អូនប្លែកភ្នែក ប្លែកអារម្មណ៍ ហើយនឹងចាប់ផ្តើមការថតនៅដើមខែមករា ២០១៥ នេះហើយ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ