ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខៀវ សុខា​រ៉ាវី ប្រកាស​វិល​រក​អាជីព​ចាស់​វិញ ទោះ​តួរង​ក៏​ព្រម

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​អ្នក​នាង​ខៀវ សុខា​រ៉ា​វី ដែល​បាត់​មុខ​អស់​មួយ​រយៈ​ធំ​នោះ បាន​សម្រេចចិត្ត​វិល​ចូល​ពិភព​សិល្បៈ​វិញ​ហើយ ។ សុខា​រ៉ា​វី បាន​ធ្វើ​សន្និសីទ​កាសែត​ប្រកាស​វិល​ចាប់​អាជីព​ចាស់​វិញ កាលពី​ពេល ថ្មី​ៗ​នេះ​នៅ​សណ្ឋាគារ​ឡឺ​រ៉ូ​យ៉ា​ល់ នៃ​រាជធានី​ភ្នំពេញ ។

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​អ្នក​នាង​ខៀវ សុខា​រ៉ា​វី ដែល​បាត់​មុខ​អស់​មួយ​រយៈ​ធំ​នោះ បាន​សម្រេចចិត្ត​វិល​ចូល​ពិភព​សិល្បៈ​វិញ​ហើយ ។ សុខា​រ៉ា​វី បាន​ធ្វើ​សន្និសីទ​កាសែត​ប្រកាស​វិល​ចាប់​អាជីព​ចាស់​វិញ កាលពី​ពេល ថ្មី​ៗ​នេះ​នៅ​សណ្ឋាគារ​ឡឺ​រ៉ូ​យ៉ា​ល់ នៃ​រាជធានី​ភ្នំពេញ ។

ខៀវ សុខា​រ៉ា​វី ដែល​គ្រង​រ៉ូ​ប​ពណ៌​ខៀវ​ខ្លី​លើ​ក្បាលជង្គង់​ប្រកបដោយ​ទឹកមុខ​ញញឹម​ស្រស់​នោះ​រៀបរាប់​ថា ក្នុងអំឡុងពេល​នាង​បាត់​មុខ​ពី​ពិភព​សិល្បៈ​អស់​រយៈពេល​ជិត​៤​ឆ្នាំ​មកនេះ​នាង​មានកូន​ប្រុស​ម្នាក់ ។ ពេល​សម្រាលកូន​ហើយ​បាន​មួយ​ឆ្នាំ ឬ​២​ឆ្នាំ​នាង​អត់​បាន​វិល​ចូល​ពិភព​សិល្បៈ​វិញ​មក​ពីរ​វល់​ប្រកប​មុខរបរ​ផ្ទាល់ខ្លួន គឺ​បើក​កន្លែង​ស្ប៉ា និង​ភោជនីយដ្ឋាន «​ផ្កាឈូក​» នៅ​តាម​ជួរ​មាត់ទន្លេ ។

សុខា​រ៉ា​វី បដិសេធ​បង្ហាញមុខ និង​អត្តសញ្ញាណ​ស្វាមី ខណៈ​មានការ​ចោទសួរ​ពី​អ្នក​សារព័ត៌មាន ។ អ្វី​ដែល​នាង​រា​៉​វី​ចង់​ប្រកាស​នោះ គឺ​ការ​វិល​ត្រឡប់​របស់​នាង​ចូល​ពិភព​សិល្បៈ​វិញ​។ ទោះជា​យ៉ាងណា​ក្តី តារា​សម្តែង​រូប​នេះ​ធ្លោយ​ឱ្យ​ដឹង​ថា ស្វាមី​របស់​នាង​ពី​មុន​ធ្លាប់​មាន​ភរិយា តែ​បាន​បែកបាក់​គ្នា ។ ចំពោះ​ការ​រួមរស់​ជា​ប្តី​ប្រពន្ធ​ជាមួយ​នាង​មិន​បាន​រៀប​ការ​ទេ តែ​បាន​ធ្វើ​សំបុត្រ​អាពាហ៍ពិពាហ៍ ។

ឃ្លាតឆ្ងាយ​ពី​ពិភព​សិល្បៈ​យូរ​បែប​នេះ សុខា​រ៉ា​វី និយាយ​ថា នាង​នឹក​ស្តាយ​ណាស់​ព្រោះ​បច្ចុប្បន្ន​វិស័យ​សិល្បៈ​ភាពយន្ត​ខ្មែរ​ល្អ​ប្រសើរ​ជាង​មុន ។ រា​៉​វី យល់​ថា បើ​នាង​មិន​បោះបង់​អាជីព​ទេ មក​ដល់​បច្ចុប្បន្ន​ប្រហែលជា​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​មិន​ខាន ។

តារា​ស្រី​ដែល​មាន​ស្វាមី ហើយ​ស្រាប់តែ​វិល​មក​ចាប់​អាជីព​សិល្បៈ​វិញ គេ​ច្រើន​តែ​យល់​ថា មក​ពី​បែកបាក់​គ្នា តែ​ចំពោះ​រូប​នាង​វិញ សុខា​រ៉ា​វី បញ្ជាក់​ថា ជីវិត​ប្តី​-​ប្រពន្ធ​របស់​នាង​មិន​មាន​បញ្ហា​ទេ មក​ពី​នាង​ស្រលាញ់​ចូល​ចិត្ត និង​ចង់​កសាង​កេរ្តិ៍ឈ្មោះ​ឡើង​វិញ ។ ម្យា​៉​ង​ទៀត​ស្វាមី​របស់​នាង​បាន​ឯកភាព​ជាមួយ​រូប​នាង មិនមែន​រូប​នាង​ត្រឡប់​មក​អាជីព​ចាស់​ដោយ​ចិត្ត​ឯង ឬ​ខ្វែងគំនិត​គ្នា​ទេ ។

អ្នក​នាង​សុខា​រ៉ា​វី គ្រោង​បង្ហាញមុខ​តាម​កញ្ចក់​ទូរទស្សន៍ ព្រមទាំង​សម្តែង​នៅ​តាម​កម្មវិធី​ប្រគំ​តន្ត្រី​នានា ។ លើស​ពី​នេះ​ដើម្បី​ស្តារ​កេរ្តិ៍ឈ្មោះ​ឡើង​វិញ អ្នក​នាង​រ៉ា​វី យល់​ច្បាស់​ថា មិន​ត្រូវ​មាន​ជំងឺ​តួឯក​ទេ ។ ពី​មុន​បាន​តួលេខ​១ តែ​ពេល​នេះ​រា​៉​វី សុខចិត្ត​ទទួលយក​តួលេខ​២ ឬ​លេខ​៣​គឺ​អត់​ប្រកែក​ទេ ។ ខណៈ​នៅ​ឆ្ងាយ​ពី​ពិភព​សិល្បៈ​កន្លង​មក តារា​សម្តែង​រូប​នេះ​ពិនិត្យ​ស្នាដៃ​ចាស់​របស់​ខ្លួន​យល់​ឃើញ​ថា បាន​តែ​មួយ​បែប ដូច្នេះ​ពេល​នេះ​ព្យាយាម​ឱ្យ​បាន​ច្រើន​បែប​ទើប​ប្រសើរ ។

អ្នក​នាង​ខៀវ សុខា​រ៉ា​វី សង្ឃឹមថា ពេល​ងាក​ចាប់​អាជីព​សិល្បៈ​វិញ នាង​នឹង​ទទួល​បានការ​គាំទ្រ​ពី​ទស្សនិកជន​មិន​ខាន ។ រ៉ាវី និយាយ​ថា «​នាង​ខ្ញុំ​សន្យា​ថា ពី​ពេល​នេះ​ទៅ​មិន​ឱ្យ​មាន​សុខា​រ៉ា​វី ស្រគត់ស្រគំ​ពេក​ទេ ជា​សុខា​រ៉ាវី ថ្មី ធានា​ថា​ប្លែក​» ៕