ខេត្តកណ្តាល ៖ សមត្ថកិច្ចយុត្តិធម៌ស្រុកស្អាងដឹកនាំដោយលោកវរសេនីយ៍ត្រី សេង សុជាតិ អធិការនគរបាលស្រុកសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលត្រើយស្លា និងនគរបាលប៉ុស្តិ៍រដ្ឋបាលតាលន់ បានឆ្មក់បង្ក្រាបករណីចែកចាយគ្រឿងញៀនមួយករណីឃាត់ខ្លួនបានជនសង្ស័យម្នាក់ និងរឹបអូសបានគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន៨កញ្ចប់ កាលពីវេលាម៉ោង៥ និង៥០នាទីល្ងាច ថ្ងៃទី២២ សីហា ២០១៤ ស្ថិតក្នុងភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។
លោកវរសេនីយ៍ត្រី សេង សុជាតិ អធិការនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យបានប្រើល្បិចយកថ្នាំញៀនប្រភេទម៉ាទឹកកកដាក់ក្នុងស្បោងប្លាស្ទិច ពណ៌ស បិទជាប់ក្រដាស់ប្រាក់មួយរយរៀលដើម្បីបំភ័ន្តភ្នែកសមត្ថកិច្ចពេលធ្វើសកម្មភាពចែកចាយ តែបើទោះបីជាបែបណាជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួនបានជាក់ស្តែងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីសាកសួរ។
លោកអធិការបានបន្តថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួនឈ្មោះ នី លាង ហៅ លី លាង ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅក្នុងភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង ។ ក្នុងប្រតិបត្តិការខាងលើនេះដែរសមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងជាក់ស្តែងមួយចំនួន រួមមាន ថ្នាំញៀនពណ៌ស ប្រភេទម៉ាទឹកកក ដាក់ក្នុងស្បោងប្លាស្ទិចពណ៌ស ចំនួន៨កញ្ចប់បិទជាប់ក្រដាស់ប្រាក់មួយរយរៀលចំនួន៨សន្លឹក ទូរស័ព្ទដៃមួយគ្រឿង និងម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្ស៊ុយគី និច ពណ៌សលាយខៀវ គ្មានស្លាកលេខ ជាមធ្យោបាយជិះធ្វើសកម្មភាព ៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ