ខេត្តស្វាយរៀង ៖ លោកឧត្តមសេនីយ៍ត្រី ប៉ុល ខេមរា អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះត្រួតពិនិត្យទីតាំងទទួលបញ្ចាំទ្រព្យដែលសង្ស័យថា ជាទីផ្សារចោរកម្ម ដោយបានការសម្របសម្រួលពីលោកផាន់ រតនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានដឹកនាំកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្ត សហការជាមួយអធិការដ្ឋានក្រុងបាវិត ចុះប្រតិបត្តិការត្រួតពិនិត្យ ទីតាំងទទួលបញ្ចាំចំនួន៥កន្លែងដែលសង្ស័យថា ពាក់ព័ន្ធក្នុងបទល្មើសទទួលផលចោរកម្មនៅក្រុងបាវិត ដោយដកហូតម៉ូតូបាន១៣២គ្រឿង រថយន្ត២គ្រឿង និងឃាត់ខ្លួនម្ចាស់ហាងមកសាកសួរផងដែរ ។
លោកវរសេនីយ៍ទោ កុយ សុភាព ស្នងការរងនគរបាលខេត្ត ដែលដឹកនាំសហការប្រាប់ឱ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី២៣ កក្កដា ចាប់ពីម៉ោង១០ព្រឹករហូតមកដល់ថ្ងៃទី២៤ កក្កដា វេលាម៉ោង៥និង៣០នាទីល្ងាច នៅភូមិបាវិតកណ្តាល សង្កាត់បាវិត និងភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ។
លោកឧត្តមសេនីយ៍ត្រី បុ៉ល ខេមរា មានប្រសាសន៍ថា ការចុះត្រួតពិនិត្យទីតាំងទទួល បញ្ចាំដែលសង្ស័យពាក់ព័ន្ធក្នុងបទល្មើសទទួលផលចោរកម្មនេះ នាយកដ្ឋានព្រហ្មទណ្ឌបានសុំការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ចុះត្រួតពិនិត្យហាងបញ្ចាំចំនួន៥កន្លែងក្នុងក្រុងបាវិតមាន ៖
១-ទីតាំងបញ្ចាំយីហោ ហេងហេង៧៩ ស្ថិតនៅភូមិបាវិតកណ្តាល ដកហូតម៉ូតូ១០គ្រឿង គ្មានឯកសារគ្រប់គ្រាន់ ទីតាំងនេះមានអាជ្ញាប័ណ្ណ ។
២-ទីតាំងបញ្ចាំយីហោ TTP1 ភូមិបាវិតកណ្តាល ដកហូតបានម៉ូតូ២០គ្រឿង គ្មានឯក សារគ្រប់គ្រាន់ ទីតាំងនេះមានអាជ្ញាប័ណ្ណ ។
៣-ទីតាំងបញ្ចាំយីហោ សាវប៊ួយ នៅបាវិតកណ្តាល ដកហូតបានម៉ូតូ៣២គ្រឿង គ្មានឯកសារគ្រប់គ្រាន់ ទីតាំងនេះមានអាជ្ញាប័ណ្ណ ។
៤-ទីតាំងបញ្ចាំយីហោ ថាវថៃ ដកហូតបានម៉ូតូ៦៧គ្រឿង រថយន្ត២គ្រឿង ម៉ាកតូយ៉ូតាសើុប ពាក់ស្លាកលេខភ្នំពេញ 2F-9158 និងម៉ាកហ្វតរេនជ័រ ពាក់ស្លាកលេខភ្នំពេញ 2D-2288 ។ ទីតាំងនេះពុំមានអាជ្ញាប័ណ្ណធ្វើអាជីវកម្មទេ គឺបើកហាងរកស៊ីឆៅតែម្តង ។
៥-ទីតាំងបញ្ចាំឈ្មោះ អ៊ុក នៅសារិន ស្ថិតនៅភូមិតាបិប សង្កាត់បាវិត ដកហូតបានម៉ូតូ៣គ្រឿង គ្មានឯកសារគ្រប់គ្រាន់ និងគ្មានអាជ្ញាប័ណ្ណធ្វើអាជីវកម្មទេ បើកហាងរកស៊ីឆៅដែរ ។
ចំពោះម៉ូតូចំនួន១៣២គ្រឿងនេះ ម៉ូតូប្រជាពលរដ្ឋខ្មែរមានតែ៤គ្រឿងបុ៉ណ្ណោះ ចំណែក១២៨គ្រឿងទៀតសុទ្ធសឹងជាម៉ូតូដែលមានស្លាកលេខវៀតណាមយកមកបញ្ចាំ ។ បច្ចុប្បន្នម៉ូតូ និងរថយន្តត្រូវបញ្ជូនមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត និងម្ចាស់ទីតាំងបញ្ចាំទាំង៥កន្លែង បានកោះហៅមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្ត និងសូមអំពាវនាវដល់ម្ចាស់រថយន្ត និងប្រជាពលរដ្ឋដែលបាត់ម៉ូតូ ឬយកមកបញ្ចាំ សូមមកទាក់ទងនៅស្នងការដ្ឋាននគរបាលខេត្តដើម្បីដោះស្រាយ ។ មន្ត្រីសមត្ថកិច្ចបញ្ជាក់ថា កន្លងមកមានការចុះត្រួតពិនិត្យទីតាំងបញ្ចាំចំនួន៧ខេត្តក្រុងរួចមកហើយ គឺរាជធានីភ្នំពេញ ខេត្តកណ្តាល កំពត សៀមរាប បាត់ដំបង បន្ទាយមានជ័យ និងស្វាយរៀង និងបន្តឆែកឆេរនៅទូទាំងប្រទេស ៕
ចែករំលែកព័តមាននេះ