រាជធានីភ្នំពេញ ៖ រហូតមកទល់ពេលនេះ ក្រុមគ្រួសារបានបញ្ជាក់ថា ស្ថានភាពរបស់នាយកុយ កំពុងតែស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់ (ICU) បើទោះបីជាលោកត្រូវបានក្រុមគ្រូពេទ្យធ្វើការវះកាត់សាច់ដុះក្នុងពោះវៀនធំប្រកបដោយភាពជោគជ័យកាលពីពេលថ្មីៗនេះក៏ដោយ ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/64ed1b5cb5e9ccfde3e1627707a121f0.jpg)
បើយោងតាមការអះអាងពីកូនប្រុសរបស់នាយកុយ ដែលថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកមួយបានឲ្យដឹងថា ឪពុកលោក (នាយកុយ) បានវះកាត់យកដុំសាច់ដែលដុះក្នុងពោះវៀនធំចេញដោយជោគជ័យរួចហើយ ប៉ុន្តែពេលនេះ នាយកុយកំពុងស្ថិតនៅក្នុងបន្ទប់ICUនៅឡើយ ដោយសារនៅមានឈាមហូរ។
ប្រភពខាងលើបានបញ្ជាក់ថា ពេលខ្លះនាយកុយបានដឹងខ្លួន ហើយក៏សំងំគេងទៅវិញយកកម្លាំង ខណៈពេលដែលគ្រូពេទ្យនៅមន្ទីរពេទ្យ Bangkok ប្រទេសថៃនឹងជម្រាបប្រាប់គ្រួសារ នាយកុយ ឆាប់ៗនេះថា តើដុំសាច់នេះវាកាចឬក៏ស្លូត ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/bc43ccaccd116110056f3b4f6ad2cc3b.jpg)
ដោយឡែក បើតាមបង្ហោះពីគណនេយ្យហ្វេសប៊ុកក្រុមគ្រួសាររបស់នាយ កុយ ដែលមានឈ្មោះ លីកា បានបង្ហាញរូបភាពរបស់តារាកំប្លែងរូបនេះ កំពុងសម្រាកព្យាបាលនៅលើគ្រែមន្ទីរពេទ្យក្នុងប្រទេសថៃ ដោយអមជាមួយសំណេរថា ទោះថ្ងៃខាងមុខយ៉ាងមេច ជំងឺវិវត្តន៍យ៉ាងមិចយើងមិនដឹង តែមួយដំណាក់កាល មួយដំណាក់កាលពេលនេះ ប៉ាព្យាយាមហើយ ទឹកមួយតំណក់ក៏មិនបានចូលមាត់ ៤ថ្ងៃហើយសាកស្រម៉ៃមើល ។
យ៉ាងណា តាមរយៈការបញ្ជាក់ពីស្ថានភាពរបស់នាយ កុយ ពីក្រុមគ្រួសារនាពេលនេះគេបានឃើញមហាជន អ្នកគាំទ្រជាច្រើន ជាពិសេស បណ្តាលអ្នកសិល្បៈជាបន្តបន្ទាប់ បានចូលរួមជូនពរឲ្យតារាកំប្លែងជើងចាស់រូបនេះឆាប់បានជាសះស្បើយ និងអាចវិលមករកការសម្តែងជាធម្មតាឡើងវិញ ក្នុងពេលឆាប់ៗនេះ ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/f3408ad3d8da432b28969b2bee808771.jpg)
ជាកាតកត់សម្គាល់ មហាជន ជាពិសេស បណ្តាអ្នកលេងបណ្តាញសង្គមបានសម្តែងការភ្ញាក់ផ្អើល បន្ទាប់ពីបានឃើញតារាកំប្លែងនាយកុយ បង្ហោះរូបភាពដេកនៅលើគ្រែដោយសារបញ្ហាសុខភាពហើយក្រុមគ្រូពេទ្យតម្រូវអោយមានការវះកាត់ភ្លាម ។ ដោយសារស្ថានភាពបែបនេះ នាយ កុយ ក៏បានសម្រេចលុបចោលការងារសម្តែងៗ និងសុំការអភ័យទោសចំពោះម្ចាស់កម្មវិធីដែលបានជួលលោកផងដែរ ។
ដោយឡែក បើយោងតាមសំណេរនៃការឆ្លើយតបដោយខំមិនរបស់តារាកំប្លែងអ្នកនាង លាភ ជាមួយមហាជនដែលបានសាកសួរនោះបានបញ្ជាក់ថា តារាកំប្លែងនាយ កុយ មានជំងឺដុះសាច់ក្នុងក្រពះ ដែលគ្រូពេទ្យតម្រូវអោយវះកាត់ជាបន្ទាន់ ។ ដៃគូកំប្លែងចាស់វស្សា និងដ៏សាកសមជាមួយនាយ កុយ គឺនាយ ក្រឹម បានបង្ហោះសំណេរលើបណ្តាញសង្គមថា ជូនពរសំលាញ់កុយឆាប់ជាសះស្បើយ នឹងវិលមកជួបគ្នាលើឆាកបាយ័ន្ត តន្ត្រីស្រុកស្រែ ដើម្បីកំដរអារម្មណ៍សប្បាយៗជូនបងប្អូនប្រជាពលរដ្ឋយើង អោយលោកសប្បាយៗ ៕
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/e15e38efbb00595ea32c94c76a00c09c.jpg)
ចែករំលែកព័តមាននេះ