ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រាំ​ប្ដេជ្ញា​គ្រប់​គ្រង​ព្រែក​ជីក​ប៉ា​ណា​ម៉ា​ឱ្យ​បាន​ទោះ​បី​ត្រូវ​ប្រើ​កម្លាំង​យោធា

20 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ត្រាំ​នៅ​តែ​ចិញ្ចឹម​ចិត្ត​ចង់​បាន​ព្រែក​ជីក​ប៉ាណា​ម៉ា​មក​គ្រប់​គ្រង​ទោះ​បី​នៅ​ក្នុង​តម្លៃ​ណា​ក៏​ដោយ​។ លោក​ព្រមាន​រហូត​​ដល់​ប្រើ​ប្រាស់​កម្លាំង​យោធា​ទៀត​ផង​បើ​សិន​សភាព​ការណ៍​ឈាន​ដល់​ដំណាក់​កាល​ធ្ងន់​ធ្ងរ​។​ ប៉ុន្តែ​នៅ​ក្នុង​ដំណាក់​កាល​នេះ​ លោក​យល់​ថា​គួរ​​ខិត​ខំ​ចរ​ចា​គ្នា​ឱ្យ​អស់​លទ្ធ​ភាព​ជា​មុន​សិន​។ ប្រទេស​ទាំង​២​មាន​ជម្លោះ​ការ​ទូត​​ក្រោយ​ការ​ព្រមាន​នេះ​​​។ ក្រោយ​មក រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក លោក​ម៉ាកូ រូប៊ីយ៉ូ…

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ត្រាំ​នៅ​តែ​ចិញ្ចឹម​ចិត្ត​ចង់​បាន​ព្រែក​ជីក​ប៉ាណា​ម៉ា​មក​គ្រប់​គ្រង​ទោះ​បី​នៅ​ក្នុង​តម្លៃ​ណា​ក៏​ដោយ​។ លោក​ព្រមាន​រហូត​​ដល់​ប្រើ​ប្រាស់​កម្លាំង​យោធា​ទៀត​ផង​បើ​សិន​សភាព​ការណ៍​ឈាន​ដល់​ដំណាក់​កាល​ធ្ងន់​ធ្ងរ​។​ ប៉ុន្តែ​នៅ​ក្នុង​ដំណាក់​កាល​នេះ​ លោក​យល់​ថា​គួរ​​ខិត​ខំ​ចរ​ចា​គ្នា​ឱ្យ​អស់​លទ្ធ​ភាព​ជា​មុន​សិន​។ ប្រទេស​ទាំង​២​មាន​ជម្លោះ​ការ​ទូត​​ក្រោយ​ការ​ព្រមាន​នេះ​​​។

ក្រោយ​មក រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក លោក​ម៉ាកូ រូប៊ីយ៉ូ (Marco Rubio) ធ្វើ​ដំណើរ​ទៅ​ប្រទេស​ប៉ាណាម៉ា​ទាំង​ប្រញាប់​ប្រញាល់​ដើម្បី​ជជែក​គ្នា​អំពី​បញ្ហា​នេះ​។ តាម​មើល​ទៅ​ លោក​ត្រាំ​ប្រហែល​ជា​មិន​និយាយ​លេង​សើច​ទេ​ពាក់​ព័ន្ធ​នឹង​ព្រែក​ជីក​ប៉ាណាម៉ា និង​កោះ​ហ្គ្រីន​លែន​។​ លោក​​ប្ដេជ្ញា​ថា​ត្រូវ​យក​ទី​តាំង​ទាំង​២​នេះ​មក​គ្រប់​គ្រង​ឱ្យ​បាន​ដើម្បី​កសាង​អាណា​ចក្រ​របស់​លោក​ឱ្យ​នៅ​តែ​រុង​រឿង​ជា​បន្ត​ទៀត​។ លោក​បារម្ភ​ថា​បើ​អាមេរិក​ពន្លែង​ដៃ ប្រទេស​ដទៃ​នឹង​ឆក់​យក​ទី​តាំង​ទាំង​២​នេះ​​​។

លោក​រូប៊ីយ៉ូ​​ប្រាប់​ទៅ​​​ប្រធានា​ធិបតី​ប៉ាណាម៉ា​ថា​ត្រូវ​តែ​​កាត់​បន្ថយ​ឥទ្ធិ​ពល​របស់​ប្រទេស​ចិន​នៅ​ក្នុង​ការ​គ្រប់​គ្រង​ព្រែក​នេះ​​។ បើ​មិន​ដូច្នេះ​ទេ​នឹង​មាន​រឿង​ធំ​ជា​មួយ​គ្នា​ជា​មិន​ខាន​ឡើយ​។​​ ​ការ​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​ប៉ាណាម៉ា​នៅ​តែ​រឹង​ទទឹង​​​ចំពោះ​ការ​ព្រមាន​របស់​លោក​ត្រាំ​។ ប៉ាណា​ម៉ា​​ថ្លែង​ថា​កិច្ច​ជំនួប​នោះ​​ធ្វើ​ឡើង​​ដោយ​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក និង​ប្រកប​ដោយ​ភាព​វិជ្ជ​មាន​​។ ប៉ុន្តែ​លោក​​​បញ្ជាក់​ថា​​លោក​រូប៊ីយូ​មិន​បាន​ប្រើ​ពាក្យ​គំរាម​យក​ព្រែក​នេះ​មក​កាន់​កាប់​​​​ដោយ​កម្លាំង​យោធា​ទេ​​។​

លោក​រូប៊ីយ៉ូ​ប្រាប់​ប្រធានា​ធិបតី​ប៉ាណាម៉ា​ថា​ករណី​មាន​វត្ត​មាន​របស់​ប្រទេស​ចិន​នៅ​ក្នុង​ព្រែក​នេះ​មាន​ន័យ​ថា​ជា​ការ​រំលោភ​ទៅ​លើ​កិច្ច​ព្រម​ព្រៀង​នៃ​សន្ធិ​សញ្ញា​ប្រគល់​ព្រែក​កាល​ពី​ឆ្នាំ​១៩៩៩​។ យោង​តាម​សន្ធិ​សញ្ញា​នេះ ព្រែក​ជីក​ប៉ាណាម៉ា​ត្រូវ​តែ​រក្សា​អព្យាក្រិត​ភាព​​ជា​អចិន្ត្រៃយ៍​។ ​ក្រោយ​មក​ លោក​រូប៊ីយ៉ូ​បាន​ចុះ​ទៅ​ពិនិត្យ​មើល​ព្រែក​ជីក​ដោយ​ផ្ទាល់​​។ លោក​ថ្លែង​ថា​ព្រែក​នេះ​មិន​ត្រូវ​ប្រគល់​ទៅ​ឱ្យ​អ្នក​ផ្សេង​គ្រប់​គ្រង​ក្រៅ​ពី​ប្រទេស​ប៉ាណាម៉ា​​ឡើយ​​ ហើយ​ត្រូវ​តែ​ដាក់​ឱ្យ​ប្រើ​ប្រាស់​គ្រប់​ប្រទេស​ទាំង​អស់​។

សូម​រំលឹក​ថា​អ្នក​ដែល​ផ្ដួច​ផ្ដើម​ជីក​ព្រែក​ប៉ាណាម៉ា​មុន​គេ​គឺ​ប្រទេស​បារាំង​ ជីក​តាំង​ពីឆ្នាំ​១៨៨២​។ ប៉ុន្តែ​កាល​ពី​ជំនាន់​នោះ​​ជីក​ដោយ​ដៃ​ព្រោះ​មិន​ទាន់​មាន​គ្រឿង​ចក្រ​ទំនើប​។ ម៉្លោះ​ហើយ​ស្លាប់​មនុស្ស​អស់​ច្រើន​ណាស់​រហូត​ដល់​២​ម៉ឺន​នាក់​ឯណោះ​។ ត្រឹម​ឆ្នាំ​១៨៩០ ប្រទេស​បារាំង​ក៏​សម្រេច​​ចិត្ត​បោះ​បង់​ចោល​គម្រោង​ជីក​ព្រែក​នេះ​វិញ​។ ហេតុ​ផល​១​ចំនួន​ដែល​ធ្វើ​ឱ្យ​បារាំង​បោះបង់​ចោល​គម្រោង​នេះ​មាន​ដូច​ជា​ការ​ស្លាប់​មនុស្ស​អស់​ច្រើន​, ទី​តាំង​ភូមិ​សាស្ត្រ​ប្រឈម​នឹង​ការ​លំបាក​ និង​គ្រោះ​ថ្នាក់​ បញ្ហា​ខ្វះ​ខាត​ថវិកា​ និង​ជំងឺ​តម្កាត់​ផ្សេង​ៗ​មាន​ជា​អាទិ៍​គ្រុន​ចាញ់ និង​គ្រុន​លឿង​​ជា​ដើម​​។

ក្រោយ​មក​ ប្រទេស​អាមេរិក​ក៏​ទទួល​​បាន​សិទ្ធិ​ពី​ប្រទេស​បារាំង​ និង​ចាប់​ផ្ដើម​ជីក​ព្រែក​នេះ​នៅ​ឆ្នាំ​១៩០៤​។ រហូត​ដល់​ឆ្នាំ​១៩១៤​ទើប​ព្រែក​នេះ​ត្រូវ​បាន​ស្ថាបនា​ចប់​សព្វ​គ្រប់​។ ព្រែក​ជីក​ប៉ាណាម៉ា​មាន​ប្រវែង​ជាង​៨០​គីឡូ​ម៉ែត្រ​ និង​ជា​ច្រក​ផ្លូវ​ទឹក​ដ៏​សំខាន់​សម្រាប់​ដឹក​ជញ្ជូន​ទំនិញ​​ដែល​ត​ភ្ជាប់​ពី​មហា​សមុទ្រ​ប៉ាស៊ីហ្វិច​ទៅ​អាត្លង់​ទិច​​។​ ឆ្នាំ​១៩៧៧ អាមេរិក​បាន​ប្រគល់​ព្រែក​ជីក​នេះ​ទៅ​ឱ្យ​ប្រទេស​ប៉ាណាម៉ា​ជា​អ្នក​មើល​ការ​ខុស​ត្រូវ។​​ ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា​ប្រគល់​ឱ្យ​​ផ្ដាច់​មុខ​​ទេ​។ នៅ​ក្នុង​សន្ធិ​សញ្ញា​នោះ​មាន​លក្ខ​ខណ្ឌ​​១​ចែង​​​ថា​អាមេរិក​មាន​សិទ្ធិ​ប្រើ​ប្រាស់​កម្លាំង​យោធា​ដើម្បី​ចូ​លកាន់​កាប់​ព្រែក​នេះ​បើ​ប្រទេស​ប៉ា​ណា​ម៉ា​មាន​ជម្លោះ​ផ្ទៃ​ក្នុង​ ឬ​​បើ​​​មាន​កម្លាំង​បរទេស​ចូល​ជ្រៀត​ជ្រែក​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ