ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម ហេង សួរ ដឹកនាំ​គណៈប្រតិភូ​អន្តរក្រសួង ធ្វើ​ទស្សនកិច្ច​នៅ​អា​ល្លឺ​ម៉​ង់ ដើម្បី​ស្វែង​យល់​ពី​គោលនយោបាយ និង​ច្បាប់​នានា​ពាក់ព័ន្ធ​នឹង​វិស័យ​វាយ​ន​ភណ្ឌ

2 ថ្ងៃ មុន

ប្រទេស​អា​ល្លឺ​ម៉​ង់​ ៖ តប​តាម​ការ​អញ្ជើញ​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អា​ល្លី​ម៉​ង់ (GIZ) ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ដឹកនាំ​គណៈប្រតិភូ​អន្តរក្រសួង​កម្ពុជា​ទៅ​បំពេញ​ទស្សនកិច្ច​…

ប្រទេស​អា​ល្លឺ​ម៉​ង់​ ៖ តប​តាម​ការ​អញ្ជើញ​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អា​ល្លី​ម៉​ង់ (GIZ) ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ដឹកនាំ​គណៈប្រតិភូ​អន្តរក្រសួង​កម្ពុជា​ទៅ​បំពេញ​ទស្សនកិច្ច​ នៅ​សាធារណរដ្ឋ​សហព័ន្ធ​អា​ល្លឺ​ម៉​ង់ ចាប់ពី​ថ្ងៃ​ទី​១៣ រហូត​ដល់​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២៥ ​។ ដំណើរ​ទស្សនកិច្ច​នេះ គឺ​ដើម្បី​ស្វែង​យល់​អំពី​គោលនយោបាយ និង​ច្បាប់​នានា​ពាក់ព័ន្ធ​នឹង​វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ​និង​កាបូប នៅ​ក្នុង​សហគមន៍​អឺរ៉ុប និង​អា​ល្លឺ​ម៉​ង់​ ។​ 

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ គណៈប្រតិភូ​​អន្តរក្រសួង​កម្ពុជា បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​តំណាង​គណៈកម្មការ​អឺរ៉ុប (EU Commission),  តំណាង​នៃ​ក្រសួង​ការងារ និង​សង្គមកិច្ច​អា​ល្លឺ​ម៉​ង់​, តំណាង​នៃ​ក្រសួង​សហព័ន្ធ​ សម្រាប់​កិច្ច​សហប្រតិបត្តិការ​និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​អា​ល្លឺ​ម៉​ង់​, តំណាង IndustriAll, តំណាង​សហព័ន្ធ​និយោជក​, សហព័ន្ធ​សហជីព​អា​ល្លឺ​ម៉​ង់​, តំណាង​ស្ថាប័ន ACT, និង​ក្រុមហ៊ុន​ម្ចាស់​ម៉ាក​សំខាន់​ៗ​មួយ​ចំនួន​របស់​អា​ល្លឺ​ម៉​ង់ ដែល​កំពុង​បញ្ជា​ទិញ​ផលិតផល​វាយ​ន​ភណ្ឌ កាត់ដេរ ស្បែកជើង ផលិតផល​ធ្វើ​ដំណើរ​និង​កាបូប​ពី​កម្ពុជា ​។

តាម​រយៈ​ជំនួប​ទាំងនេះ គណៈប្រតិភូ​កម្ពុជា និង​ភាគី​អា​ល្លឺ​ម៉​ង់ បាន​សិក្សា​ស្វែង​យល់ និង​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​គ្នា​អំពី​ការ​រីក​ចម្រើន និង​ការ​អភិវឌ្ឍ​ក្នុង​វិស័យ​ការងារ​នៅ​កម្ពុជា ក៏​ដូច​ជា​បាន​ស្វែង​យល់​ពី​គោលនយោបាយ និង​ទិស​ដៅ​របស់​សហគមន៍​អឺរ៉ុប និង​ម្ចាស់​ម៉ាក​បញ្ជា​ទិញ​ដែល​នឹង​ត្រូវ​អនុវត្ត​សម្រាប់​ឆ្នាំ​ខាង​មុខ ពិសេស​ច្បាប់​ស្តី​ពី​ការ​ពិនិត្យ​អនុលោម​ភាព​និរន្តរភាព​នៃ​អាជីវកម្ម (CSDDD) ផង​ដែរ​ ។ ជា​ពិសេស​ទៀត​នោះ ម្ចាស់​ម៉ាក​បញ្ជា​ទិញ​ក៏​បង្ហាញ​ពី​ការ​ពេញចិត្ត​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​តាំងចិត្ត​បន្ត​ធានា​ឱ្យ​បាន​នូវ​លក្ខខណ្ឌ​ការងារ​ល្អ និង​ធានា​បាន​នូវ​អនុលោម​ភាព​ការងារ​និង​អនុសញ្ញា​អន្តរជាតិ ។

ជា​រួម តាម​រយៈ​ដំណើរ​ទស្សនកិច្ច​នេះ គណៈប្រតិភូ​កម្ពុជា និង​ភាគី​អា​ល្លឺ​ម៉​ង់ បាន​ស្វែង​យល់​ពី​គ្នា និង​បន្ត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា ដើម្បី​ធានា​បាន​នូវ​ការ​បញ្ជា​ទិញ​ពី​ម្ចាស់​ម៉ាក ក៏​ដូច​ជា​ការ​ធានា​នូវ​ផលប្រយោជន៍ និង​លក្ខខណ្ឌ​ការងារ​ល្អ​សម្រាប់​កម្ពុជា​ផង​ដែរ​ ៕ អត្ថបទសហការ