ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«ភ្នំ​ខ្នង​ផ្សារ​»​គឺជា​ឋានសួគ៌​ក្រោម​មេឃ​ដែល​អ្នកទេសចរ​មិន​គួរ​មើល​រំលង

2 ថ្ងៃ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ខ្នង​ផ្សារ គឺជា​ឋានសួគ៌​ធម្មជាតិ​ក្រោម​មេឃ​មួយ​ដែល​អ្នកទេសចរ​មិន​គួរ​មើល​រំលង​នោះ​ទេ ដែល​ភ្នំ​ខ្នង​ផ្សារ​នេះ ប្រសព្វ​មុំ​បី​ភ្ជាប់​ខេត្តកំពង់ស្ពឺ កោះកុង និង​ខេត្តពោធិ៍សាត់ ។ បើ​យើង​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​ទីនោះ​បាន…

ខេត្តកំពង់ស្ពឺ ៖ ខ្នង​ផ្សារ គឺជា​ឋានសួគ៌​ធម្មជាតិ​ក្រោម​មេឃ​មួយ​ដែល​អ្នកទេសចរ​មិន​គួរ​មើល​រំលង​នោះ​ទេ ដែល​ភ្នំ​ខ្នង​ផ្សារ​នេះ ប្រសព្វ​មុំ​បី​ភ្ជាប់​ខេត្តកំពង់ស្ពឺ កោះកុង និង​ខេត្តពោធិ៍សាត់ ។

បើ​យើង​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​ទីនោះ​បាន តាម​ផ្លូវជាតិ​លេខ​៤ ទៅ​កាន់​ទីរួមខេត្ត​កំពង់ស្ពឺ ក្រោយ​ឆ្លងស្ពាន​ខេត្តកំពង់ស្ពឺ​ជាង​១​គីឡូម៉ែត្រ​ទៅ​ដល់​ស្តុ​ប​ស្ថានីយ៍​ប្រេង​កាល់​តិច (​ច្បារមន​) បត់​ទៅ​ស្តាំ​ដៃ ហើយ​បន្តដំណើរ​ប្រមាណ​១​គីឡូម៉ែត្រ​ទៀត នោះ​យើង​នឹង​ឃើញ​ផ្លូវបត់​ឆ្វេង​ដែល​មាន​ស្លាក​សញ្ញា​ប្រាប់ផ្លូវ​ទៅ​ស្រុក​ឱ​រ៉ា​ល់​តាម​រយៈផ្លូវ​លេខ​៤៤ ។

លើ​ចម្ងាយ​ផ្លូវ​ប្រមាណ​ជា​៥០​គីឡូម៉ែត្រ យើង​នឹង​ទៅ​ដល់​រង្វង់​មូល​មាន​រូប​ដំរី (​ផ្សារ​កន្ទួត​)​នៃ​ស្រុក​ឱ​រ៉ា​ល់​។ នៅ​រង្វង់​មូល​នោះ យើង​អាច​ឈប់​ទិញ​ម្ហូបអាហារ ត្រី​សាច់ ដើម្បី​ទុក​បម្រុង​សម្រាប់​ការ​ស្នាក់​នៅ​មួយ​រយៈ​លើ​ភ្នំ​ខ្នង​ផ្សារ ។

បន្ទាប់​មក អ្នកទេសចរ​ត្រូវ​បន្តដំណើរ​លើ​ចម្ងាយ​ផ្លូវ​ដែល​កំពុង​ឈូស​ឆាយ​ប្រមាណ ៣៥​គីឡូម៉ែត្រ​ទៀត ដោយ​ជិះ​កាត់​តាម​ទេ​ទឹក​ពុះ និង​ទំនប់​តា​សាល នោះ​យើង​នឹង​ទៅ​ដល់​ភូមិ​មួយ​ដែល​មានឈ្មោះ​ថា​ភូមិ​រលាក់​កងជើង ដែល​ជា​មាត់ច្រក​ដែល​ជិត​ជាងគេ​ទៅ​កាន់​កំពូល​នៃ​ភ្នំ​ខ្នង​ផ្សា​រ
ហើយ ។

មុន​នឹង​ឡើង​ទៅ​លើ​ភ្នំ​ខ្នង​ផ្សារ ភ្ញៀវ​ទេសចរ​ទាំងអស់​ត្រូវ​ទៅ​ចុះ​ឈ្មោះ​ជាមួយ​មន្ត្រី​បរិស្ថាន​នៅ​ស្នាក់​ការបរិស្ថាន​ជា​មុន​សិន ដើម្បី​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង និង​ចៀសវាង​បាត់​សមាជិក​ដោយ​ប្រការ​ណាមួយ​។

ទន្ទឹម​នេះ ភ្ញៀវ​ទេសចរ​ក៏​តម្រូវ​ឱ្យ​ប្រជា​សហគមន៍​ទៅ​ជាមួយ​ផង​ដែរ ដើម្បី​មើល​ការ​ខុស​ត្រូវ​ណែនាំ ការពារ ជួយ​ស្ពាយ​អឺ​វ៉ា​ន់ និង​ដាំ​ស្លរ​ឲ្យ​យើង​បរិភោគ​ផង​ដែរ ។ ភ្ញៀវ​ទេសចរ​អាច​គយគន់​នូវ​ទេសភាព​ព្រៃ​ព្រឹក្សា អម​ទៅ​ដោយ​សំឡេង​សត្វ​បក្សាបក្សី​ស្រែក​ខ្ញៀវខ្ញារ ធ្វើ​ឱ្យ​បាត់​អស់​ទុក្ខ​កង្វល់ រសាយ​អស់​ជាមួយ​បរិយាកាស​ធម្មជាតិ​ដ៏​ស្រស់បំព្រង​មួយ​នេះ ។

ជាង​នេះ​ទៅ​ទៀត ភ្ញៀវ​ទេសចរ​នឹង​គយគន់​មើលទៅ​ឆ្ងាយ​បន្តិច ឃើញ​ដុំ​ពពក​ហោះ​កាត់​ព្រៃ​យ៉ាង​ក្រាស់ ជា​រសជាតិ​ថ្មី​មួយ​បែប​ទៀត ដែល​ត្រូវ​បាន​ភ្ញៀវ​ទេសចរ​ប្រសិទ្ធ​នាម​ឱ្យ​ថា ជា​«​ឋានសួគ៌​ក្រោម​មេឃ​»​។​ភ្ញៀវ​ទេសចរ​អាច​គយ​គន់មើល​វាលស្មៅ​ស្រស់បំព្រង​បៃតងខ្ចី​នា​រដូវវស្សា អង្គុយ​គយគន់​ថ្ងៃ​រះ​នា​ព្រឹក​ព្រលឹម​ស្រាង​ៗ និង​ថ្ងៃ​អស្តង្គត​នា​ពេល​ល្ងាច ដែល​ទេសភាព​ដ៏​ស្រស់​ស្អាត​ទាំងនេះ​ភ្ញៀវ​ទេសចរ​គយគន់​មិន​ចេះ​ជិនណាយ​នោះ​ឡើយ​។

សម្រាប់​ការ​សម្រាក​នៅ​លើ​កំពូលភ្នំ​ក្នុង​ដំណើរ​កម្សាន្ត ភ្ញៀវ​ទេសចរ​គួរតែ​ត្រៀម​តង់ ឬ​អង្រឹង​ជាមួយនឹង​ដំបូល​ឬ​ប្លា​ស្ទិ​ក​គ្រប ដើម្បី​ការពារ​ជម្រៀប​ទឹកភ្លៀង ឬ​ក៏​ទឹកសន្សើម ។ មិនតែប៉ុណ្ណោះ ក៏​ត្រូវ​ត្រៀម​នូវ​អាវ ឬ​ភួយ​ក្រាស់​ៗ​ដើម្បី​ដណ្តប់​ប្រាណ​ផង​ដែរ ព្រោះ​នៅ​ទីនោះ​ពេល​យប់ គឺ​ត្រជាក់​ខ្លាំង​ណាស់ ។ ប៉ុន្តែ​ប្រសិនបើ​បងប្អូន​មិន​មាន ឬ​មិន​បាន​ដាក់​ទៅ​ជាមួយ​ទេ គឺ​អាច​ទាក់ទង​ជួល​ជាមួយ​ប្រជា​សហគមន៍​បាន ដោយ​ក្នុង​មួយ​តង់​តម្លៃ​៤​ម៉ឺន​រៀល​តែ​ប៉ុណ្ណោះ និង​អាច​គេង​បាន​ពី​២ ទៅ​៣​នាក់​ផង​ដែរ​។

សូម​រំលឹក​ផង​ដែរ​ទៅ​ដល់​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ ដែល​មាន​បំណង​ឡើង​ទៅ​លើ​ភ្នំ​ខ្នង​ផ្សារ គួរតែ​ត្រៀម​និង​យក​ទៅ​ជាមួយ​នូវ​អាហារ​ក្រៀម​ៗ​ទុក​បាន​យូរ និង​មាន​ទម្ងន់​ស្រាល ដូច​ជា​ត្រីងៀត ងៀត​គោ និង​សាច់ក្រក មី​កំប៉ុង នំ​បុ័ង ត្រីខ ឬ​ទឹកដោះគោ​ក្រែ​ម កាហ្វេ ហើយ​ចំពោះ​អង្ករ​ដាំបាយ​គឺ​ទិញ​ប្រជា​សហគមន៍​នៅ​ទីនោះ​បាន ។

មួយវិញទៀត ក្រោម​ការ​គិតគូរ​និង​យកចិត្តទុកដាក់​ពី​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ និង​អាជ្ញាធរ ភ្នំ​ខ្នង​ផ្សារ​ត្រូវ​បាន​កសាង​ឱ្យ​មាន​បន្ទប់ទឹក និង​បង្គន់​អនាម័យ​សម្រាប់​ការ​បន្ទោបង់ និង​ងូតទឹក​សម្អាតខ្លួន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ