អតីតតារាសម្តែងដ៏ល្បីល្បាញអ្នកនាង អម្ពរ ទេវី បានរំលឹកឡើងវិញនូវរឿងរ៉ាវជូរចត់ខ្លះៗដែលខ្លួនបានជួបប្រទះកាលពីវ័យកុមារភាពក្នុងរបបខ្មែរក្រហម ក្នុងពេលដែលនាងក៏ដូចជាកុមារកម្ពុជាជាច្រើននាក់ បានព្រាត់ប្រាស់ពីម្តាយឪពុក ។
ការរំលឹកឡើងវិញពីជីវិតរស់នៅក្នុងរបបខ្មែរក្រហមពីអ្នកនាង អម្ពរ ទេវី នាពេលនេះឡើង ក្នុងអំឡុងខួប៧មករា ជាថ្ងៃដែលប្រជាជនកម្ពុជាបានរួចផុតពីការកាប់សម្លាប់ក្នុងរបបដ៏ខ្មៅងងឹតមួយនេះ ។
អ្នកនាង អម្ពរ ទេវី បានលើកឡើងថា អនុស្សាវរីយ៍ចងចាំ, ៣ឆ្នាំ,៨ខែ,20ថ្ងៃ ជាមួយលោកប៉ា,អ្នកម៉ាក់ ក្នុងរបបខ្មែរក្រហម! ។
នាងខ្ញុំបានចងចាំថា នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥, គឺជាថ្ងៃដែលខ្មែរក្រហមបានរំដោះយកទីក្រុងភ្នំពេញទាំងមូល យប់នោះ នាងខ្ញុំបានលួចមើលតាមបង្អួចឃើញកងទព័ខ្មែរក្រហមច្រើនណាស់ កំពុងតែសំឡុតប្រជាជននៅមុខហាងលក់គុយទាវមួយ, ពេលនោះ នាងខ្ញុំមានអាយុ៦ឆ្នាំហើយ។ ថ្ងៃបន្ទាប់មកនាងខ្ញុំក៏បានឮលោកប៉ាប្រាប់ថា គេអោយជម្លៀសចេញពីទីក្រុងភ្នំពេញចំនួន៣ថ្ងៃ ។ នាងខ្ញុំក៏ដូចកុមារឯទៀតដែរ ត្រូវបានធ្វើរដំណើរចេញពីរទីក្រុងភ្នំពេញ ជាមួយក្រុមគ្រួសារប៉ា ម៉ាក់ លោកយាយ នឹង ពូ មីង។
នាងបន្តថា នៅតាមដងផ្លូវ នាងខ្ញុំឃ្លានមិនមានអាហារញាំគ្រប់គ្រាន់ទេ, នឹងជួបរឿងជាច្រើននៅតាមដងផ្លូវដែលនាងខ្ញុំពណ៌នាមិនអស់! ។ នាងខ្ញុំចាំថា ក្រុមគ្រួសារនាងខ្ញុំបានធ្វើរដំណើរឆ្លងទឹកទន្លេនឹងបន្តដំណើរពីរស្រុកមួយទៅស្រុកមួយ រហូតដល់ខេត្តក្រចេះនិងបន្តដំណើរទៅរស់នៅស្រុកខ្សឹមក្នុង, នៅទីនោះ នាងខ្ញុំត្រូវបានគេបញ្ជូនទៅធ្វើការនៅកងកុមារ នាងខ្ញុំត្រូវបានមិត្តបងធ្វើបាបជាបន្តរបន្ទាប់នឹងយំសឹងគ្រប់ពេល ដោយក្ដីនឹកប៉ាម៉ាក់ជាពន់ពេកនៅធ្វើការក្រុមកុមារជាមួយមិត្តបងរហូត ។
នាងបញ្ជាក់ថា នៅខែមករា ឆ្នាំ១៩៧៩ នាងខ្ញុំចាំថា គេបញ្ជូននាងខ្ញុំជាមួយកងកុមារមករស់នៅខេត្តឆ្ងាយ ដោយគេបំបែកលោកប៉ានៅផ្សេង និងអ្នកម៉ាក់នៅផ្សេង, ខ្ញុំមិនមានអាហារញាំគ្រប់គ្រាន់ទេ ថែមទាំងនឹកប៉ាម៉ាក់ទៀត ។ នៅវេលាយប់ថ្ងៃទី៥ មករា ខ្ញុំឈឺ ខ្ញុំត្រូវមិត្តបងបញ្ឆោតយកគ្រាប់ពោតមកអោយខ្ញុំផឹកថាថ្នាំ ខ្ញុំលាឃើញខ្ញុំយំ។
រហូតព្រឹកឡើង គឺចូលដល់ថ្ងៃទី ៦ មករា ព្រឹកនោះខ្ញុំទៅធ្វើការអត់កើត ខ្ញុំក៏សុំមិត្តបងបានសំរាកនៅផ្ទះកុមារ ។ ព្រឹកនោះអារម្មណ៍ របស់ខ្ញុំចេះតែនឹកគិតទៅលោកប៉ារបស់ខ្ញុំ, ខ្ញុំក៏បានមកអង្គុយនៅមាត់ទ្វារ ហើយក៏ក្រឡេកមើលនៅលើដងផ្លូវ! មួយសន្ទុះក្រោយមក ខ្ញុំក៏បានក្រឡេកឃើញរទេះគោពីរបរសំដៅមកខាងផ្លូវផ្ទះខ្ញុំ, បរចេះតែកៀកមក ភ្នែករបស់ខ្ញុំចេះតែសំឡឹងគិតថា! អ្នកណាគេដូចជាប៉ាខ្ញុំ? លុះរទេះបរមកជិត.. គឺជាលោកប៉ាខ្ញុំមែន..ខ្ញុំអរណាស់ ពេលនោះរទេះគោប៉ាខ្ញុំបានបរបត់ទៅផ្លូវផ្សេង.. ខ្ញុំរត់តាមស្រែកហៅ..ប៉ា..ប៉ា ពេលនោះប៉ារបស់ខ្ញុំបានឮហើយក៏ក្រឡេកមក ឃើញខ្ញុំគាត់ស្រែក..កូន.កូន រួចក៏ហក់ពីរលើរទេះរត់មកលើកខ្ញុំពរ ហើយនិយាយថា តោះយើងទៅកូន ។
ខ្ញុំក៏បានលោកប៉ាលើកដាក់រទេះ ហើយបរសំដៅមករកម៉ាក់របស់ខ្ញុំ, យប់នោះ ខ្ញុំនិងប៉ាបានជួបនិងម៉ាក់ ព្រមទាំងប្អូនៗខ្ញុំ៣នាក់ទៀតដូចបំណងមែន ខ្ញុំសប្បាយចិត្តណាស់ ជំងឺខ្ញុំក៏ជាដោយមិនដឹងខ្លួន។
យប់ថ្ងៃទី៦ មករា ដដែលនេះ គឺជាយប់ដែលអង្គការជប់លៀងធ្វើនំបាញ់ជំនឿកអោយប្រជាជនហូប ។មានប្រជាជនជាច្រើនដែលនាងខ្ញុំបានឃើញមានទាំងក្មេង មានទាំងមនុស្សចាស់ អង្គុយចាំត្រៀបត្រារងចាំ អង្គការចែកនំបាញ់ជំនឿកអោយហូប ។
នាងថា មិនទាន់ទាំងបានហូបផង ស្រាប់តែឮសូគ្រាប់ផ្លោង គ្រាំងគ្រាំង ពេលនោះ ប្រជាជន ក៏ដូចជាក្រុមគ្រួសារនាងខ្ញុំដែរ នាំគ្នារត់ក្រាបដោយភិតភយ័បំផុត ។ យប់នោះ គឺជាយប់ចុងក្រោយដែលប្រជាជនក៏ដូចជាក្រុមគ្រួសារខ្ញុំបានរួចរំដោះផុតពីររបបប្រលយ័ពូជសាសន៍ខ្មែរក្រហម ។ ព្រឹកថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ គឺជាថ្ងៃរស់ឡើងវិញនៃប្រជាជនកម្ពុជា ។
គួរបញ្ជាក់ថា បច្ចុប្បន្ន អ្នកនាង អម្ពរ ទេវី កំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក ទីដែលអ្នកនាងបានកសាងគ្រួសារថ្មី ក្រោយការលែងលះអតីតស្វាមីលោក ពេជ្រ ភិរុណ ។
យ៉ាងណា បើទោះបីកំពុងរស់យ៉ាងមានសុភមង្គលនៅលើទឹកដីមហាអំណាចមួយនេះក៏ដោយ ជារឿយៗ អ្នកនាង អម្ពរ ទេវី ក៏តែងតែវិលមកលេងស្រុកខ្មែរ ដើម្បីជួបជុំសាច់ញាតិបងប្អូន ជាពិសេសនោះ អ្នកនាងក៏ទទួលការសម្តែងភាពយន្តជាថ្មីឡើងវិញផងដែរ ៕
ចែករំលែកព័តមាននេះ