រមៀតត្រូវបានគេស្គាល់ថាជាឱសថដែលគេប្រើប្រាស់ជាទូទៅ ។ លក្ខណៈសំខាន់របស់វាគឺមានក្លិនដូចម្រេច រសជាតិខ្លាំង និងមានពណ៌មាស ។ ប្រជាជននៅទូទាំងពិភពលោកក៏បានប្រើឱសថបុរាណនេះនៅក្នុងការចម្អិនអាហាររបស់ពួកគេផងដែរ ។
យោងតាមទិនានុប្បវត្តិនៃសមាគមគីមីអាមេរិកបានបង្ហាញថា រមៀតមានសារជាតិប្រឆាំងអុកស៊ីតកម្មប្រឆាំងវីរុស ប្រឆាំងបាក់តេរី ប្រឆាំងផ្សិត ប្រឆាំងនឹងភ្នាក់ងារបង្កមហារីក ប្រឆាំងបម្រែបម្រួលហ្សែន និងប្រឆាំងនឹងការរលាក ។
វាក៏ផ្ទុកសារធាតុចិញ្ចឹមដែលល្អចំពោះសុខភាពផងដែរ ដូចជាប្រូតេអុីន ជាតិកាកសរសៃអាហារ Niacin វីតាមីន C វីតាមីន E វីតាមីន K ប៉ូតាស្យូម កាល់ស្យូម ទង់ដែង ដែក ម៉ាញ៉េស្យូម និងស័ង្កសី ។ ដោយសារតែកត្តាទាំងអស់នេះជាញឹកញាប់គេប្រើរមៀតក្នុងការព្យាបាលបញ្ហាសុខភាពយ៉ាងទូលំទូលាយ ។
១-ទប់ស្កាត់ការកើតជំងឺមហារីក ៖
រមៀតអាចជួយទប់ស្កាត់ការកើត និងបញ្ឈប់ការរីកលូតលាស់នៃជំងឺមហារីកក្រពេញប្រូស្តាត ហើយថែមទាំងបំផ្លាញកោសិកាមហារីកទៀតផង ។ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា សមាសភាគសកម្មនៅក្នុងរមៀតប្រឆាំងនឹងការដុះដុំសាច់ដែលបណ្តាលមកពីវិទ្យុសកម្មបានល្អបំផុត។ វាក៏មានឥទ្ធិពលបង្ការកោសិកាដុំសាច់ដូចជា មហារីកគ្រាប់ឈាម T-cell មហារីកពោះវៀន និងមហារីកសុដន់ ។
២-បំបាត់ការរលាកសន្លាក់ ៖
លក្ខណៈសម្បត្តិដ៏អស្ចារ្យនៃការប្រឆាំងនឹងការរលាករបស់រមៀត ក្នុងការព្យាបាលរលាកសន្លាក់ឆ្អឹងខ្ចី និងជំងឺរលាកសន្លាក់រ៉ាំរ៉ៃ ។ លើសពីនេះទៀតលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មរបស់រមៀតបំផ្លាញរ៉ាឌីកាល់សេរីក្នុងរាងកាយដែលវាបានបំផ្លាញកោសិការាងកាយ ។ ចំពោះអ្នកដែលមានជំងឺរលាកសន្លាក់រ៉ាំរ៉ៃដែលបានទទួលទានរមៀតទៀងទាត់មានការធូរស្បើយពីការឈឺចាប់កម្រិតមធ្យមទៅការឈឺចាប់តិចតួចនៅតាមសន្លាក់ ។
៣-កាត់បន្ថយកម្រិតកូឡេស្តេរ៉ូល ៖
ការស្រាវជ្រាវបានបង្ហាញថា គ្រាន់តែប្រើរមៀតធ្វើជាគ្រឿងផ្សំក្នុងអាហារ អាចជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ូលក្នុងសេរ៉ូម ។ កូឡេស្តេរ៉ូលក្នុងកម្រិតខ្ពស់អាចនាំឱ្យមានបញ្ហាសុខភាពធ្ងនដទៃទៀត ។ ដូច្នេះការគ្រប់គ្រងកម្រិតកូឡេស្តេរ៉ូលឲ្យបានត្រឹមត្រូវអាចបង្ការជំងឺសរសៃឈាមបេះដូងជាច្រើន ។
៤-ពង្រឹងមុខងារប្រព័ន្ធភាពស៊ាំ ៖
រមៀតផ្ទុកសារធាតុម្យ៉ាងដែលគេស្គាល់ថាជា lipopolysaccharide ដែលជួយជំរុញប្រព័ន្ធភាពស៊ាំរបស់រាងកាយ ។ ភ្នាក់ងារប្រឆាំងបាក់តេរី ប្រឆាំងវីរុស និងប្រឆាំងនឹងការកើតផ្សិតដែលមានក្នុងរមៀតក៏ជួយពង្រឹងប្រព័ន្ធភាពស៊ាំផងដែរ ។ ប្រព័ន្ធភាពស៊ាំខ្លាំងអាចកាត់បន្ថយឱកាសនៃការកើតជំងឺផ្តាសាយ និងក្អក ។ ប្រសិនបើអ្នកផ្តាសាយ រឺក្អក អ្នកអាចលាយម្សៅរមៀតមួយស្លាបព្រាកាហ្វេ ចូលទៅក្នុងទឹកដោះគោក្តៅមួយកែវ និងទទួលទានវាម្តងជារៀងរាល់ថ្ងៃ វានឹងជួយឲ្យស្ថានភាពរបស់អ្នកមានភាពប្រសើរឡើង។
៥-គ្រប់គ្រងជំងឺទឹកនោមផ្អែម ៖
រមៀតអាចប្រើក្នុងការព្យាបាលជំងឺទឹកនោមផ្អែម ដោយវាជួយគ្រប់គ្រងកម្រិតអាំងស៊ុយលីន ។ វាធឱ្យប្រសើរឡើងនូវការគ្រប់គ្រងជាតិស្ករ និងបង្កើនប្រសិទ្ធភាពថ្នាំដែលគេប្រើក្នុងការព្យាបាលជំងឺទឹកនោមផ្អែម ។ អត្ថប្រយោជន៍មួយទៀតរបស់រមៀត គឺជួយកាត់បន្ថយភាពស៊ាំនឹងអាំងស៊ុយលីន ដែលអាចការពារការចាប់ផ្តើមនៃជំងឺទឹកនោមផ្អែមប្រភេទ ២ ។ ទោះជាយ៉ាងណានៅពេលដែលយើងប្រើវាជាមួយនឹងថ្នាំ រមៀតអាចបង្កឱ្យមានបញ្ហាជាតិស្ករក្នុងឈាមទាប ។ វាគឺជាការល្អបំផុតក្នុងការពិគ្រោះយោបល់ជាមួយគ្រូពេទ្យមុនពេលអ្នកសម្រេចចិត្តលេបថ្នាំគ្រាប់រមៀត ៕
ចែករំលែកព័តមាននេះ