ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ជាតិ​អប្សរា បញ្ចប់​ការ​ជួសជុល​បណ្ណាល័យ​ជ្រុង​អាគ្នេយ៍ នៃ​ប្រាសាទបាគង

1 ថ្ងៃ មុន

ខេត្តសៀមរាប ៖ នៅ​កំឡុង​ខែធ្នូ ឆ្នាំ​២០២៤​នេះ អាជ្ញាធរ​ជាតិ​អប្សរា បញ្ចប់​ការងារ​ជួសជុល​បណ្ណាល័យ​ខាងជើង​នៅ​ជ្រុង​អាគ្នេយ៍​នៃ​ប្រាសាទបាគង ។ លោក សារាយ គឹ​ម​ហួល…

ខេត្តសៀមរាប ៖ នៅ​កំឡុង​ខែធ្នូ ឆ្នាំ​២០២៤​នេះ អាជ្ញាធរ​ជាតិ​អប្សរា បញ្ចប់​ការងារ​ជួសជុល​បណ្ណាល័យ​ខាងជើង​នៅ​ជ្រុង​អាគ្នេយ៍​នៃ​ប្រាសាទបាគង ។

លោក សារាយ គឹ​ម​ហួល ប្រធាន​អភិរក្ស​តំបន់​រលួស ឱ្យ​ដឹង​ថា បណ្ណាល័យ​ខាងជើង​ជ្រុង​អាគ្នេយ៍​របស់​ប្រាសាទបាគង រង​ការ​ខូចខាត​ខ្លាំង​នៅ​ខឿន មាន​ដី​ចាក់​បង្គរ មាន​ផ្នែក​ខ្លះ​ឥដ្ឋ​បាន​ពុក​ផុយ​។ ជា​ពិសេស​នៅ​ផ្នែក​ដំបូល ឥដ្ឋ​មាន​សភាព​ពុក​ផុយ​ខ្លាំង​។ នៅ​តាម​ជ្រុង​នីមួយ​ៗ​នៃ​ជញ្ជាំង​បណ្ណាល័យ​បាន​ប្រេះ​ហែក ដែល​បណ្តាល​មក​ពី​សំណង់​មាន​អាយុកាល​ជាង​១​ពាន់​ឆ្នាំ បញ្ហា​ទឹក និង​រុក្ខជាតិ ទាមទារ​ការ​ជួសជុល​ពង្រឹង ទប់ស្កាត់​ការ​ខូចខាត​ជា​បន្ត​ទៀត​។ អ្នកជំនាញ​រូប​នេះ បញ្ជាក់​ថា នេះ​ជា​ដំណាក់កាល​ទី​៣ នៃ​ការ​ជួសជុល​បញ្ចប់​តួ​បណ្ណាល័យ​នៅ​ជ្រុង​អាគ្នេយ៍ នៅ​ជ្រុង​ខាងត្បូង និង​ខាងកើត ។

ដើម្បី​សង្គ្រោះ​តួ​បណ្ណាល័យ​នេះ​ឱ្យ​មាន​ភាពរឹងមាំ ក្រុមការងារ​បាន​រើ​ឥដ្ឋ​ផ្នែក​ខ្លះ​ដែល​ពុក​ផុយ ចុះ​លេខ​បញ្ជី​ឥដ្ឋ និង​រើ​ឥដ្ឋ​នោះ​ម្តង​មួយ​ដុំ​ៗ​ទៅ​តាម​បច្ចេកទេស ដើម្បី​សម្អាត​កំណក​ដី ឬ​ស​ស្មៅ និង​ឬ​ស​រុក្ខជាតិ និង​រៀប​ពង្រឹង​ឥដ្ឋ​នៅ​ទីតាំង​ដើម​ឡើង​វិញ និង​ជួសជុល​បិទ​ទីតាំង​ដែល​មានទឹក​ហូរ​ជ្រាប​ចូល​ក្នុង​ប្រាសាទ រួម​ទាំង​ជម្រក​សត្វល្អិត​ផង ។

ក្រោយ​ពី​បញ្ចប់​ការ​ជួសជុល​រចនា​សម្ពន្ធ​ទាំងមូល​របស់​បណ្ណាល័យ​ខាងជើង​ជ្រុង​អាគ្នេយ៍​នៃ​ប្រាសាទបាគង នៅ​ដំណាក់កាល​ទី​៣ តួ​បណ្ណាល័យ​ទទួល​បាន​ភាពរឹងមាំ​ឡើង​វិញ​ហើយ​។ មិនតែប៉ុណ្ណោះ ក្រុមការងារ​នៅ​តែ​បន្ត​ការ​ថែទាំ អភិរក្ស​តាមដាន​ជា​ប្រចាំ ដូច​ជា​ការ​សម្អាត​ស្មៅ ឬ​រុក្ខជាតិ និង​ទឹក​ដក់​តាម​ប្រាសាទ​ដែល​ជា​កង្វល់​របស់​អ្នក​អភិរក្ស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ