រាជធានីភ្នំពេញ ៖ តារាសម្តែងអ្នកនាង អេង វ៉ាណង បានសម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះការរើឡើងវិញនូវជំងឺមហារីក បន្ទាប់ពីនាងបានពើបប្រទះនូវជំងឺធ្ងន់ធ្ងរមួយដែលក្រុមគ្រូពេទ្យតម្រូវឲ្យមានការធ្វើការវះកាត់ជាបន្ទាន់មួយ ក្នុងពេលដែលកំពុងតែមានការខ្វះខាត ។
អេង វ៉ាណង បញ្ជាក់ថា ជំងឺមួយដែលនាងកំពុងជួបប្រទះនាពេលនេះ គឺការខូចក្បាលឆ្អឹងត្រគាកដែលបានធ្វើឲ្យនាងឈឺចាប់យ៉ាងខ្លាំង ហើយក្រុមគ្រូពេទ្យបានតម្រូវឲ្យមានការវះកាត់មួយជាបន្ទាន់ផងដែរ ។
ក្នុងបទសម្ភាសន៍ជាមួយលោក សាវីន ហ្វីលីព កាលពេលថ្មីៗនេះ តារាសម្តែងអ្នកនាង អេង វ៉ាណង បានលើកឡើងថា ក្រោយពេលដែលនាងបានដឹងពីជំងឺរបស់នាងនាពេលនេះ គឺនាងតែងតែអង្គុយយំនៅរៀងរាល់ពេលដែលនាងក្រោកពីគេង ហើយអ្នកនាងតែងមិនដែលឲ្យម្តាយ និងកូនៗរបស់នាងម្នាក់ណាបានដឹងពីស្ថានភាពរបស់កំពុងតែឈឺចុកចាប់នោះឡើយ ។
នាងនិយាយថា នាងតែងតែកុហកគ្រួសារ និងខ្លួនឯងថា មិនអីទេ បន្តិចទៀតនាងជាហើយ ពោលគឺនាងតែងតែលួងខ្លួនឯងតិចទៀតដើរស្រួលវិញហើយ ទាំងតាមការពិត ពេលដែលនាងទៅពិនិត្យមើលទៅគឺក្បាលឆ្អឹងត្រគាករបស់នាងខូចតែម្តង ។
នាងបញ្ជាក់ថា នៅពេលដែលនាងបានទៅពិនិត្យនៅមន្ទីរពេទ្យនោះ គឺក្រុមគ្រូពេទ្យបញ្ជាក់ថា ក្បាលឆ្អឹងត្រគាកគឺខូច ហើយគេតម្រូវឲ្យមានការវះកាត់ ក្នុងពេលដែលខាងពេទ្យគេបានជួយសម្រួលនាងក្នុងការចំណាយ៥០ភាគរយ ចំណែក៥០ភាគរយទៀត គឺនាងធានារ៉ាប់រងដោយខ្លួនឯង ។
នាងថា រហូតមកទល់នាពេលនេះ ចំនួនថវិកា៥០ភាគរយនេះ នាងនៅមិនទាន់មានលទ្ធភាពនៅឡើយទេ ខណៈពេលដែលនាងខិតខំធ្វើការឲ្យគេទាំងលាក់អារម្មណ៍កំពុងឈឺចាប់ខ្លាំង ។
យ៉ាងណា បើតាមអ្នកនាង អេង វ៉ាណង សម្រាប់ការចំណាយលើការវះកាត់៥០ភាគរយនេះ គឺគិតជាទឹកប្រាក់២៦០០ដុល្លារ ក្នុងពេលចំនួនទឹកប្រាក់នេះ នាងនៅមិនទាន់មានគ្រប់គ្រាន់ឡើយ ព្រោះសម្រាប់របរថតកុនរបស់នាងរាល់ថ្ងៃនេះ គឺត្រឹមបានមួយចាយៗប្រចាំថ្ងៃ ក្នុងពេលដែលនាងត្រូវទទួលវបន្ទុកកូន៣នាក់ និងម្តាយចាស់ម្នាក់ផងដែរ ។
អេង វ៉ាណង បានលើកឡើងបន្ថែមថា សម្រាប់ស្ថានភាពជំងឺរបស់នាងនាពេលនេះ គឺនាងមានការបារម្ភយ៉ាងខ្លាំង ខ្លាចជំងឺមហារីកនាងរើឡើងវិញ ប៉ុន្តែតាមការបញ្ជាក់អះអាងពីគ្រូពេទ្យដែលនាងទៅពិនិត្យនោះ គឺគាត់ធានានូវចំនួនភាគរយច្រើនមិនមែនមកពីជំងឺមហារីកនោះឡើយ ។
នាងបន្តថា ក្រោយពេលឮពេទ្យអះអាងបែបនេះ នាងក៏មានអារម្មណ៍ត្រេកអរមួយកម្រិតឡើងវិញ ដ្បិតនាងពិតជាមានការភ័យខ្លាច និងបារម្ភខ្លាំងចំពោះការរីករាលដាលឡើងវិញនូវជំងឺមហារីករបស់នាងដែលធ្លាប់កើតឡើងលើរូបនាង ។
គួរបញ្ជាក់ថា កន្លងមក អ្នកនាង អេង វ៉ាណង បានធ្លាក់ខ្លួនស្គមស្គាំង ស្លេកស្លាំងប្រែកាយពីមុន១៨០ដឺក្រេ មើលលែងស្គាល់ព្រោះតែនាងមានជំងឺមហារីកដំណាក់កាលទី៣ បូករួម និងជំងឺបាក់ទឹកចិត្ត ។
ដោយសារជំងឺមួយនេះបានធ្វើឲ្យតារាស្រីរូបនេះបានបាត់មុខពីសិល្បៈមួយរយះ ទើបតែអំឡុងឆ្នាំ២០២៣ អ្នកនាង វ៉ាណង បានទម្លាយអោយមហាជន ជាពិសេស មិត្តភក្តិសិល្បៈបានដឹងឥតលាក់លៀមពីស្ថានភាពជំងឺ និងការវិវឌ្ឍន៍យ៉ាងឆាប់រហ័ស នៃជំងឺមហារីកមួយនេះ។
យ៉ាងណា ក្រោយចំណាយពេលសម្រាកព្យាបាលប្រមាណ១ឆ្នាំ អេង វ៉ាណង ជាសះស្បើយពីជំងឺមហារីកសុដន់ដំណាក់កាលទី៣ ដ៏កាចសាហាវ និងបានត្រឡប់មកបម្រើវិស័យសិល្បៈវិញ ហើយនាងក៏បានលិចវត្តមានសម្តែងតាមរយៈភាពយន្តភាគទូរទស្សន៍ជាបន្តបន្ទាប់ ៕
ចែករំលែកព័តមាននេះ