រាជធានីភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីសំណេះសំណាលជាមួយសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិទ្ទេសA និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ថា ឪពុកម្តាយគ្រប់រូបតែងតែលើកឡើងថា “ឪពុកម្តាយមិនមានទ្រព្យអ្វីល្អទុកជូនកូនក្រៅតែពីទ្រព្យនៃចំណេះដឹងនោះទេ ព្រោះចំណេះដឹង គឺជាទ្រព្យដែលចាយមិនចេះអស់ កាន់តែចាយកាន់តែចម្រើន ។
បន្ថែមពីនេះ សម្តេចបវរធិបតីបានលើកឡើងថា ភាពជោគជ័យរបស់ប្អូនៗសិស្សនិទ្ទេសAនាថ្ងៃនេះ គឺជាការចាប់ផ្តើមនៃទំព័រថ្មី បន្ទាប់ពីការបញ្ចប់មូលដ្ឋាននៃចំណេះដឹងទូទៅ ដើម្បីបន្តទៅចាប់យកជំនាញពិតប្រាកដនៅកម្រិតឧត្តមសិក្សា និងឈានទៅប្រកបការងារ ព្រមទាំងទទួលខុសត្រូវលើជោគវាសនារបស់ខ្លួនឯង ។ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា តួអង្គសំខាន់ដែលត្រូវទទួលបានការកោតសរសើរនាពេលនេះ គឺសាមីសិស្សខ្លួនឯងផ្ទាល់ ដែលបានខិតខំប្រឹងប្រែងរៀនរហូតទទួលបានជោគជ័យមកដល់ថ្ងៃនេះ ដោយមានការជួយជ្រោមជ្រែង និងគាំទ្រពេញទំហឹងពីឪពុកម្តាយ និងអ្នកអាណាព្យាបាល ព្រមទាំងលោកគ្រូ អ្នកគ្រូ និងភាគីពាក់ព័ន្ធ ដូចជាក្រសួងអប់រំ យុវជន និងកីឡា និងគណៈគ្រប់គ្រងសាលាជាដើម ។
ការណ៍នេះឆ្លុះបញ្ចាំងពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការដាក់គោលដៅកំណែទម្រង់ការប្រឡង ដែលបានផ្លាស់ប្តូរផ្នត់គំនិតរបស់ប្រជាពលរដ្ឋ ជាពិសេសសិស្សានុសិស្សឱ្យខិតខំប្រឹងប្រែងរៀនសូត្រ និងបង្កើតសមត្ថភាព ឈរលើពាក្យស្លោករបស់ក្រសួងអប់រំ យុវជន និងកីឡា “អ្នកចេះ គឺជាប់” ដែលធ្វើឱ្យសិស្សជាប់ដោយមោទនៈ ហើយធ្លាក់ដោយអស់ចិត្ត ។
សិស្សកូនភ្លោះជាប់និទ្ទេសA មាន១០គូ ស្រី៧គូ ប្រុស៣គូ
ក្នុងចំណោមសិស្សនិទ្ទេសA ផ្នែកចំណេះទូទៅចំនួន២២១៦នាក់ ត្រូវបានរកឃើញថា មានសិស្សនិទ្ទេសA កូនភ្លោះ១០គូ ដែលស្មើចំនួនជ័យលាភីនិទ្ទេសA ចំនួន២០នាក់នោះ មានស្រី៧គូ និងប្រុស៣គូ ក្នុងនោះ៨គូជាប់និទ្ទេសA នៅថ្នាក់វិទ្យាសាស្ត្រ រីឯ២គូទៀត ជាប់សម្រាប់ថ្នាក់វិទ្យា សាស្ត្រសង្គម ។
ពួកគេទាំងនោះ មាន៣គូនៅខេត្តក្រចេះ ២គូនៅសៀមរាប ២គូនៅខេត្តត្បូងឃ្មុំ ហើយក្រៅពីនោះជាកូនចៅអ្នកខេត្តកណ្តាល កំពង់ចាម និងខេត្តតាកែវ ។ ខេត្តក្រចេះ បានឡើងទៅឈរនាំមុខគេដោយកូនភ្លោះមានដល់ទៅ៣គូ ដែលទទួលបាននិទ្ទេសA ពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាឆ្នាំនេះ ។ បេក្ខជនកូនភ្លោះ បឿន ពិសិដ្ឋ និង បឿន ពិសី ពីវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ក្រុងក្រចេះ បាននិទ្ទេសA ថ្នាក់វិទ្យាសាស្ត្រ ។
នៅក្រុងក្រចេះដដែល វិទ្យាល័យព្រះមហាក្សត្រិយានី កុសុមៈ មានកូនភ្លោះស្រីដល់ទៅ២គូ ដែលទទួលបាននិទ្ទេសAនៅថ្នាក់វិទ្យាសាស្ត្រដូចគ្នា គឺយុវតី ចាន់ មួយគា និង ចាន់ មួយគីម និងយុវតី ខន ម៉ាលីស និង ខន រីដា ។
នៅខេត្តសៀមរាប មានកូនភ្លោះ២គូ គឺជាសិស្សនៃវិទ្យាល័យ១០មករា ១៩៧៩ ។ បងប្អូនភ្លោះ ថោង និស្សិត និង ថោង និស្ស័យ ស្ថិតក្នុងចំណោមសិស្សនិទ្ទេសA ២០រូបនៅថ្នាក់12A ។
សម្រាប់យុវតី ពេជ្រ បញ្ញាពេជ្រ និង ពេជ្រ បញ្ញាពៅ ពួកគេបាននិទ្ទេសA ដូចគ្នា ។
ខេត្តត្បូងឃ្មុំ ក៏មានជ័យលាភីកូនភ្លោះចំនួន២គូផងដែរ រៀននៅវិទ្យាល័យ ហេង សំរិន ចក ស្រុកអូររាំងឪ គឺបេក្ខជនកូនភ្លោះ ជុំ ម៉េងហ៊ាន និង ជុំ ម៉េងហ៊ួង ។ ឯវិទ្យាល័យ ប៊ុន រ៉ានី អម្ពវ័នជំនីក ក្នុងស្រុកក្រូចឆ្មារ ជ័យលាភីកូនភ្លោះ គឺយុវតី ឡោ ដានិត និង ឡោ ដានី បាននិទ្ទេសAដូចគ្នា ។
ខេត្តកណ្តាល មានបេក្ខនារីជាកូនភ្លោះនិទ្ទេសA ដែលចេញពីវិទ្យាល័យ ហ៊ុន សែន កោះចិន ក្នុងស្រុកពញាឮ គឺយុវតី ឈឿន ចាន់ស៊ីមួយ និង ឈឿន ចាន់ស៊ីលៀង បាននិទ្ទេសA ដូចគ្នា ។
ខេត្តកំពង់ចាម ជ័យលាភីនិទ្ទេសA ជាកូនភ្លោះមកពីវិទ្យាល័យ ហ៊ុន សែន គរ នៃស្រុកព្រៃឈរ សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម គឺយុវតី រីន កញ្ចនា និង រីន កញ្ចនី បាននិទ្ទេសA ដូចគ្នា ។
ខេត្តតាកែវ បេក្ខនារីកូនភ្លោះ នេត សៅកន្និកា និង នេត សៅវិច្ចរ៉ា មកពីវិទ្យាល័យ សុខអាន ព្រៃមេលង នៃស្រុកកោះអណ្តែត បាននិទ្ទេសA សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម ។
សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ០៨ តុលា ២០២៤ មានបេក្ខជនចំនួន ១០៦ ៣៥១នាក់ ត្រូវជា ៧៩ភាគរយបានប្រឡងជាប់ ក្នុងនោះនិទ្ទេសAមាន ២ ២១៦នាក់, និទ្ទេសB ៩ ៧០១នាក់, និទ្ទេសC ២២ ៦៧៥នាក់, និទ្ទេសD ៣៦ ៦៨៣នាក់ និងនិទ្ទេសE ៣៥ ០៧៦នាក់ ។
គ្រប់រាជធានី-ខេត្ត សុទ្ធតែមានសិស្សជាប់និទ្ទេសA ដែលនេះជាលើកដំបូងបំផុត បើគិតចាប់តាំងពីឆ្នាំ២០១៤មក ។ រាជធានីភ្នំពេញ មានសិស្សនិទ្ទេសA ៦៩០នាក់, សៀមរាប ២២១នាក់, កណ្ដាល ២១៦នាក់, តាកែវ ១៣៨នាក់, បាត់ដំបង ១៣០នាក់, ព្រៃវែង ១១៧នាក់, កំពង់ចាម ១១៥នាក់ ។
កំពតមានសិស្សនិទ្ទេសA ៧៨នាក់, បន្ទាយមានជ័យ ៧៤នាក់, ត្បូងឃ្មុំ ៧០នាក់, ក្រចេះ ៥៦នាក់, កំពង់ធំ ៥៦នាក់, ព្រះសីហនុ៤៥នាក់ កំពង់ឆ្នាំង ៤៧នាក់, កំពង់ស្ពឺ ៤៧នាក់, ស្វាយរៀង ៣៧នាក់, ពោធិ៍សាត់ ២៨នាក់, កោះកុង ១៣នាក់ ខេត្តរតនគីរីមាន ៩នាក់, ឧត្តរមានជ័យ ៨នាក់, ព្រះវិហារ ៦នាក់, ស្ទឹងត្រែង ៥នាក់, ប៉ៃលិន ៥នាក់, មណ្ឌលគិរី ៣នាក់ និងកែប២នាក់ ៕
ចែករំលែកព័តមាននេះ