រាជធានីភ្នំពេញ ៖ កម្ពុជាកំពុងពង្រឹងផែនការសកម្មភាពសម្រាប់ការអភិរក្ស និងស្តារសត្វក្តាន់ដែលកំពុងរងគ្រោះថ្នាក់ជិតផុតពូជនៅលើពិភពលោក ។
ក្រសួងបរិស្ថានបានឲ្យដឹងថា បច្ចុប្បន្ននេះប្រភេទសត្វក្តាន់នេះត្រូវបានចាត់ទុកជាប្រភេទកំពុងរងគ្រោះថ្នាក់ជិតផុតពូជនៅក្នុងបញ្ជីក្រហមនៃអង្គការសហភាពអន្តរជាតិសម្រាប់ការពារធម្មជាតិIUCN ។
ក្រសួងបរិស្ថានបានលើកឡើងថា សត្វក្តាន់មានវត្តមាននៅក្នុងប្រទេសកម្ពុជា ប្រមាណ១០០ក្បាល នៅក្នុងដែនជម្រកសត្វព្រៃព្រែកប្រសព្វ នៃខេត្តក្រចេះ និងនៅតាមតំបន់ការពារធម្មជាតិមួយចំនួនទៀតមាននៅក្នុងភូមិសាស្ត្រខេត្តកោះកុង ។
ដើម្បីពង្រឹងការគ្រប់គ្រង និងស្តារប្រភេទសត្វក្តាន់ តំណាងសហគមន៍តំបន់ការពារធម្មជាតិ អាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធនានា បានជួបពិភាក្សាគ្នាលើសេចក្តីព្រាងផែនការសកម្មភាពសម្រាប់ពង្រឹងការអភិរក្ស និងស្តារសត្វក្តាន់ ឆ្នាំ២០២៥-២០៣៥ នៅក្នុងប្រទេសកម្ពុជា» នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តសៀមរាប។
លោក ស្រី ស៊ុនលាង អគ្គនាយកនៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ បានលើកឡើងថា ការរៀបចំផែនការសកម្មភាពសម្រាប់ការអភិរក្ស និងស្តារសត្វក្តាន់នេះ គឺស្របទៅនឹងគោលដៅរបស់យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន២០២៣-២០២៨ ដែលជាផែនការយុទ្ធសាស្ត្ររយៈពេលវែងក្នុងការការពារប្រភេទសត្វកំពុងរងគ្រោះថ្នាក់ជិតផុតពូជ និងជាសម្បត្តិធម្មជាតិដ៏មានតម្លៃរបស់ប្រទេសកម្ពុជា និងពិភពលោក។
មន្ត្រីជាន់ខ្ពស់របស់ក្រសួងបរិស្ថាន បានឱ្យដឹងដែរថា ផែនការការសកម្មភាពនេះក៏ស្របទៅនឹងផែនការយុទ្ធសាស្ត្រជាតិសម្រាប់ជីវៈចម្រុះរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្តេជ្ញាចិត្តការការពារធនធានជីវៈចម្រុះ ដូចជា ប្រភេទសត្វក្តាន់ និងទីជម្រករបស់វាមិនឱ្យបាត់បង់។ ជាពិសេសការរៀបចំនៃកម្មវិធីស្តារឡើងវិញ គឺជួយធានាបាននូវការរក្សាសេនេទិច ប្រភេទនេះបានគង់វង្សយូរអង្វែង ៕
ចែករំលែកព័តមាននេះ