រាជធានីភ្នំពេញ ៖ អតីតតារាសម្តែងដ៏ល្បី នាទសវត្សន៍ឆ្នាំ៩០ អ្នកស្រី ចាន់ តារាទី បានទម្លាយពីអាកប្បកិរិយាអ្នកសិល្បចាស់រួមជំនាន់មួយរូបដែលបានចេញទៅរស់នៅប្រទេសគេ ហើយពេលមកមានឱកាសមកលេងស្រុកខ្មែរម្តងៗនោះ គឺមិនសូវជានឹកនាស្កាត់ជួបអ្នកសិល្បៈចាស់ៗជាពិសេសរូបអ្នកស្រី បើទោះបីធ្លាប់បានឆ្លងកាត់អនុស្សាវរីយ៍ជាច្រើន និងសាងកេរ្តិ៍ឈ្មោះលើវិថីសិល្បជាមួយគ្នាយ៉ាងល្អក៏ដោយ ។
ក្នុងពិធីជួបជុំហូបអាហាររួមគ្នា ជាមួយនឹងអតីតតារាសម្តែងជើងចាស់ គឺលោក ឧត្តម បូទី ដែលបានមកលេងស្រុកខ្មែរ ហើយស្កាត់មកជួបដល់គេហដ្ឋាននោះ អ្នកស្រី ចាន់ តារាទី បានលើកឡើងថា នាងសុំសរសើរដល់លោក ឧត្តម បូទី ដែលនៅរក្សាអត្តចរិកឬកពានៅដដែល បើទោះបីបែកគ្នាជិត៣០ឆ្នាំ ប៉ុន្តែនៅស្កាត់មកជួបអ្នកស្រីសម្តែងក្តីនឹករលឹក ។
អ្នកស្រីថា អ្នកស្កាត់មកជួបខ្ញុំ គឺខ្ញុំសរសើរហើយ មិនបាច់យកអ្វីអោយខ្ញុំនោះឡើយ គឺយកតែចិត្តមកបានហើយ ខុសពីអ្នកសិល្បរួមជំនាន់ចាស់ៗមួយចំនួនដែលមកលេងស្រុកខ្មែរ គឺមិនដែលនឹកនាមកលេងខ្ញុំឡើយ តែបើគាត់ស្កាត់រកតែស្រីក្មេងបាន ។
អ្នកស្រីបានបញ្ជាក់ថា មានអ្នកសិល្បចាស់រួមជំនាន់មួយ គឺលោក ខៃ ប្រសិទ្ធិ ពេលមកស្រុកខ្មែរម្តងៗ គឺមិនដែលនឹកនា និងស្កាត់មកជួបអ្នកស្រីម្តងណាឡើយ ក្នុងពេលដែលលោក គឺជាដៃគូសម្តែងជាមួយគ្នា ហើយល្បីទូទាំងប្រទេសថែមទៀតផង ។ អ្នកស្រីបន្តថា ខៃ ប្រសិទ្ធិ ធ្លាប់ជាដៃគូសម្តែងតាមរយៈខ្សែភាពយន្តជាច្រើនរឿង ហើយរឿងភាគច្រើនក៏មានភាពល្បីល្បាញ ដោយមានការគាំទ្រច្រើនពីសំណាក់ទស្សនិកជន ប៉ុន្តែពេលដែលគាត់មកស្រុកខ្មែរម្តងៗគឺមិនដែលស្កាត់មកលេងអ្នកសិល្បៈរួមជំនាន់នានាឡើយ ជាពិសេសរូបអ្នកស្រីដែលធ្លាប់ជាដៃគូសម្តែងនាពេលកន្លងមក ។
អ្នកស្រីបន្ថែមថា ខុសពីអ្នកសិល្បៈចាស់ៗមួយចំនួនផ្សេងទៀត បើទោះបីជាបែកគ្នាយូរឆ្នាំ ប៉ុន្តែពួកគាត់នៅតែនឹកនា និងស្កាត់មកជួបគ្នា ហូបបាយជុំជាមួយគ្នា ដោយរីករាយ ខណៈពេលដែលការស្កាត់មកជួបគ្នានេះ គឺអ្នកស្រីមិនចង់បានអ្វីឡើយ ក្រៅពីការផ្ញើក្តីនឹករលឹកចំពោះគ្នាប៉ុណ្ណោះ ។
អ្នកស្រីថា អ្នកសិល្បៈពេលជួបគ្នា គឺមិនចង់បានអ្វីពីគ្នាឡើយ ក្រៅពីការរាប់អានគ្នា ប្រមូលអ្នកសិល្បទាំងអស់មកជុំគ្នាប៉ុណ្នឹង គឺអស់ចិត្តហើយ ជាក់ស្តែងដូចឧត្តម បូទី ចឹង ដែលតែងតែនឹកនាមកដល់រូបខ្ញុំ ទោះបីបែកគ្នាអស់ពេលជាច្រើនឆ្នាំក៏ដោយ ។
ជាការកត់សម្គាល់ កន្លងមកគេនៅចាំបានថា កាលពីអំឡុងឆ្នាំ២០១៧ អតីតតារាសម្តែង លោកខៃ ប្រសិទ្ធ បានជួបមុខគ្នាដោយផ្ទាល់ជាមួយអ្នកស្រីចាន់ តារាទី នៅលើទឹកដី ប្រទេសអូស្ត្រាលី ខណៈដែលអ្នកស្រីទៅសម្តែងក្នុងពិធីបុណ្យកឋិននៅវត្តខ្មែរមួយក្នុងរដ្ឋឃ្វីនស្លែនដ៍ ប្រទេសអូស្ត្រាលី ។
ក្នុងអំឡុងពេលនោះ ដោយការបែកគ្នាអស់រយៈពេលជាង២០ឆ្នាំមក និងដោយសារក្តីស្រឡាញ់ និងនឹករលឹកលោកខៃ ប្រសិទ្ធ បានចាប់ឱបថើបអ្នកស្រីចាន់ តារាទី យ៉ាងស្ធិទ្ធស្នាល ខណៈអ្នកស្រី ចាន់ តារាទី ក៏បង្ហាញក្តីនឹករលឹក និងភាពស្និទ្ធស្នាលឱបថើប លោកខៃ ប្រសិទ្ធ ថើបដោយភាពរីករាយ និងមិត្តភាព ។ អស់រយៈពេលជាង២០ឆ្នាំមកហើយ ដែលលោកខៃ ប្រសិទ្ធ អតីតតារាភាពយន្តខ្មែរល្បីឈ្មោះក្នុងទសវត្សឆ្នាំ១៩៨០-១៩៩០ នោះបានទៅរស់នៅឯប្រទេសទី៣ គឺអូស្ត្រាលីក្រោយ ។
តាំងពីពេលនោះមក លោកខៃ ប្រសិទ្ធ មិនដែលបានជួបអតីតមិត្តរួមអាជីព អ្នកស្រី ចាន់ តារាទី ទេ ដោយសារតែការរស់នៅប្រទេសផ្សេងគ្នា ហើយទោះបីយូរៗម្តងលោកខៃ ប្រសិទ្ធ បានមកលេងប្រទេសកម្ពុជា តែលោកមកក្នុងរយៈពេលខ្លី និងស្ងាត់ៗមិនបានស្កាត់ជួបអតីតមិត្តរួមអាជីពពីមុននោះឡើយ ៕
ចែករំលែកព័តមាននេះ