ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

​កម្មករនិយោជិត​ លើកឡើងថា បេឡា​ជាតិ​សន្តិសុខ​សង្គម ដើរតួ​នាទី​យ៉ាង​សំខាន់​ នៅក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ ​របស់ពួកគាត់

2 ថ្ងៃ មុន

រាជធានីភ្នំពេញ​៖ កម្មករនិយោជិត​ដែល​កំពុងធ្វើការ​ នៅ​ក្នុង​រោងចក្រ សហគ្រាស​នៅ​រាជធានី​ភ្នំពេញ​ បាន​លើក​ឡើង​ថា ប្រព័ន្ធ​គាំពារ​សង្គម​របស់​រាជរដ្ឋាភិបាល ជា​ពិសេស​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) គឺជា​ភាព​កក់ក្តៅ​ សម្រាប់​ពួក​គាត់…

រាជធានីភ្នំពេញ​៖ កម្មករនិយោជិត​ដែល​កំពុងធ្វើការ​ នៅ​ក្នុង​រោងចក្រ សហគ្រាស​នៅ​រាជធានី​ភ្នំពេញ​ បាន​លើក​ឡើង​ថា ប្រព័ន្ធ​គាំពារ​សង្គម​របស់​រាជរដ្ឋាភិបាល ជា​ពិសេស​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) គឺជា​ភាព​កក់ក្តៅ​ សម្រាប់​ពួក​គាត់ ដោយ ប​.​ស​.​ស​. ដើរតួ​នាទី​យ៉ាង​សំខាន់​ នៅ ក្នុង​ជីវភាព​រស់នៅ​ ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​ ។ ជា​រួម កម្មករនិយោជិត​មើលឃើញ​ថា រាជរដ្ឋាភិបាល តាម​រយៈ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បង្ហាញ​ការ​យកចិត្តទុកដាក់​ចំពោះ​កម្មករនិយោជិត មិន​ត្រឹមតែ​នៅ​ក្នុង​កន្លែងធ្វើការ រោងចក្រ សហគ្រាស​ប៉ុណ្ណោះ​ទេ ថែម​ទាំង​គិតគូរ​ពី​ការ​គាំពារ​ផ្សេង​សម្រាប់​ការ​រស់នៅ​របស់​ពួក​គេ​ផង​ដែរ ​។

លោកស្រី សុខ វិច្ឆិកា ជា​កម្ម​រោងចក្រ​ស្នាក់​នៅ​ក្នុង​តំបន់​ សួន​ឧស្សាហកម្ម កា​ណា​ឌី​យ៉ា ក្នុង​សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា​មានការ​យកចិត្តទុកដាក់​ខ្ពស់​ លើ​សុខទុក្ខ​របស់​កម្មករនិយោជិត ចាប់តាំងពី​សម្តេច​តេ​ជោ ហ៊ុន សែន រហូត​មក​ដល់​ក្រោម​ការ​ដឹកនាំ ​របស់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជា​នាយក​រដ្ឋមន្ត្រី​ ។

កម្មការិនី​រូប​នេះ​បាន​គូសបញ្ជាក់​ថា ក្នុង​ចំណោម​អត្ថប្រយោជន៍​ដែល​រាជរដ្ឋាភិបាល​ បាន​គិតគូរ​ជូន​កម្មករនិយោជិត មាន​ដូច​ជា​គោលនយោបាយ​លើ​ការ​គាំពារ​សង្គម តាម​រយៈ​ការ​ផ្តល់​បណ្ណ​សមាជិក ប​.​ស​.​ស​. ដែល​រួម​មាន​ទាំង​ផ្នែក​ថែទាំ​សុខភាព ផ្នែក​គ្រោះថ្នាក់​ការងារ និង​ផ្នែក​សោធន​និវត្តន៍ ​។ កម្មការិនី​រូប​នេះ ពេញចិត្ត​ចំពោះ​ប្រព័ន្ធ​គាំពារ​សង្គម​នេះ ដែល​ជា​ភាព​កក់ក្តៅ​សម្រាប់​ខ្លួន និង​ក្រុម​គ្រួសារ ដោយ​កន្លង​មក​ខ្លួន​ធ្លាប់​បាន​ប្រើប្រាស់​បណ្ណ ប​.​ស​.​ស​. ដើម្បី​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ គឺ​ពុំ​មានការ​ចំណាយ​លើ​ថ្លៃ ​សេវា​ព្យាបាល​នោះ​ទេ ក្រៅ​តែ​ពី​ការ​ចំណាយ​លើ​ថ្លៃ​ហូប​ចុក​បន្តិចបន្តួច​អំឡុង​ពេល​សម្រាក​ នៅ​មន្ទីរពេទ្យ​នៅ​ពេល​នោះ ​។ ចាប់តាំងពី​មាន​បណ្ណ​ប​.​ស​.​ស​. មក កម្មការិនី​រូប​នេះ​បញ្ជាក់​ថា នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​គាត់​មាន​ភាព​ធូរស្រាល​ច្រើន​លើ​ការ​ចំណាយ​ថ្លៃ​សេវា​ព្យាបាល​ជំងឺ ហើយ​អាច​សន្សំ​ប្រាក់​បាន​មួយ​ផ្នែក​ពី​ការ​ថែទាំ​សុខភាព ​។

ដោយឡែក លោកស្រី ខា ចំប៉ី ជា​កម្មការិនី​រោងចក្រ និង​កំពុង​ស្នាក់​នៅ​ក្នុង​តំបន់​សួន​ឧស្សាហកម្ម កា​ណា​ឌី​យ៉ា មើលឃើញ​ថា តាម​រយៈ​អត្ថប្រយោជន៍​ជា​ច្រើន ​ដែល​រាជរដ្ឋាភិបាល​ផ្តល់​ជូន​កម្មករនិយោជិត​រហូត​ពេល​នេះ​មិន​ថា​តែ ប​.​ស​.​ស​. និង​អត្ថប្រយោជន៍​ដ៏​ទៃ​ទៀត​ទេ គឺ​បាន​បង្ហាញ​ឱ្យ​យ៉ាង​ច្បាស់​លើ​ការ​យកចិត្តទុកដាក់ និង​ភាព​ស្និទ្ធស្នាល​របស់​ថ្នាក់ដឹកនាំ​មក​លើ​បងប្អូន​កម្មករនិយោជិត​។ កម្មការិនី​រូប​នេះ​មានការ​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​ ដែល​បានឃើញ​ថ្នាក់ដឹកនាំ​តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​ពួក​គាត់ ។

កម្មការិនី​រូប​នេះ​យល់​ថា ប​.​ស​.​ស​. ជា​ខែល​ការពារ​ដែល​អាច​ផ្តល់​ភាព​កក់ក្តៅ​ជូន​កម្មករនិយោជិត​នៅ​ពេល​មាន​ជំងឺ​ឈឺ​ថ្កាត់​ណាមួយ​កើតឡើង​ ។ កម្មករនិយោជិត ​ពុំ​មានការ​ព្រួយបារម្ភ​ ក្នុង​ការ​ចំណាយ​លើ​ថ្លៃ​ព្យាបាល​ជំងឺ ហើយ​តាម​រយៈ​នេះ​ផង​ដែរ​អាច​លើកទឹកចិត្ត ​ឱ្យ​កម្មករនិយោជិត​មាន​លទ្ធភាព​ ក្នុង​ការ​តាមដាន​សុខភាព​របស់​ខ្លួន ​ជា​ប្រចាំ​ផង​ដែរ ​។ ដែល​ទាំងនេះ​គឺជា​អ្វី​ដែល​កម្មករនិយោជិត​ចង់បាន​បំផុត ​។

ទន្ទឹម​នេះ កម្មករនិយោជិត​មាន​ភាព​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ​នៅ​ពេល​ឃើញ​វត្តមាន​របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចុះ​ជួប​សាកសួរ​សុខទុក្ខ​កម្មករនិយោជិត​ដោយ​ផ្ទាល់​ នៅ​តាម​កន្លែង​ស្នាក់​នៅ ក្នុង​នោះ​ឯកឧត្តម​រដ្ឋមន្ត្រី ថែម​ទាំង​បាន​លើកទឹកចិត្ត​ដល់​បងប្អូន​កម្មករនិយោជិត ដែល​មាន​សមា​ជិ​ក្រុម​គ្រួសា​រជា​យុវជន អាចចុះ​ឈ្មោះ​ចូល​រៀន​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ឬ​ហៅ​ថា TVET ១,៥​លាន​នាក់ ដែល​ជា​កម្មវិធី​របស់​រាជរដ្ឋាភិបាល​ផ្តល់​ជូន​ ការ​បណ្តុះបណ្តាល​ឥត​គិតថ្លៃ និង​ឆាប់​ទទួល​បាន​ជំនាញ​ច្បាស់លាស់​ដើម្បី​អាច​ប្រកបការងារ និង​រក​ប្រាក់​ចំណូល​ជួយ​ក្រុម​គ្រួសារ​បន្ថែម​ផង​ដែរ​ ៕ អត្ថបទសហការ