ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម ហេង សួរ​ ៖ សន្និសីទ​ថ្នាក់​ជាតិ​ស្តី​ពីសេដ្ឋកិច្ច​ការងារ ឆ្នាំ ​២០២៤ ផ្តល់​ធាតុ​ចូល​យ៉ាងសំខាន់ ខណៈ​កម្ពុជា​ត្រៀម​ចាក​ចេញពី​ក្រុមប្រទេស​មានការ​អភិវឌ្ឍ​តិចតួច​ក្នុង​ឆ្នាំ ​២០២៩

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​ ៖ សន្និសីទ​ថ្នាក់​ជាតិ​ស្តី​ពី សេដ្ឋកិច្ច​ការងារ ឆ្នាំ ​២០២៤ ក្រោម​ប្រធានបទ «​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច និង​ការងារ និង​ដំណើរ​ឆ្ពោះទៅ​កាន់ការ​ចាក​ចេញពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​»…

រាជធានី​ភ្នំពេញ​ ៖ សន្និសីទ​ថ្នាក់​ជាតិ​ស្តី​ពី សេដ្ឋកិច្ច​ការងារ ឆ្នាំ ​២០២៤ ក្រោម​ប្រធានបទ «​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច និង​ការងារ និង​ដំណើរ​ឆ្ពោះទៅ​កាន់ការ​ចាក​ចេញពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​» ត្រូវ​បាន​បើក​ជា​ផ្លូវការ​កាលពីថ្ងៃទី ​១១ ខែធ្នូ ឆ្នាំ ​២០២៤​ មកនេះ ក្រោម​អធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ។​ 

សន្និសីទ​ថ្នាក់​ជាតិ ដែល​រៀបចំ​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ភ្នំពេញ​ភូ​គី​ត្រា ពី​ថ្ងៃ​ទី​ ១១-១២ ខែធ្នូ ឆ្នាំ​ ២០២៤​ នេះ ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​ដោយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ រួម​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍ រួម​មាន កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ ​(UNDP), អង្គការ​អន្តរជាតិ​ខាង​ការងារ​ (ILO), ទីភ្នាក់ងារ​ស្វី​ស​សម្រាប់​ការ​អភិវឌ្ឍ និង​សហប្រតិបត្តិការ ​(SDC), សមាគម​វាយ​ន​ភណ្ឌ សម្លៀក​បំពាក់ ស្បែកជើង​ និង​ផលិតផល​ធ្វើ​ដំណើរ​នៅ​កម្ពុជា ​(TAFTAC), សមាគម​កម្ពុជា​-​ជប៉ុន គិ​បូ និង​ដៃគូ​អន្តរជាតិ​ផ្សេង​ទៀត ​។

ឯកឧត្តម ហេង សួរ បាន​ថ្លែង​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​ឆ្នាំ ​២០២៩ ជា​ឆ្នាំ​ដែល​កម្ពុជា​នឹង​ចាក​ចេញពី​ក្រុម​ប្រទេស​ដែល​មានការ​អភិវឌ្ឍ​តិចតួច​ ។ ទន្ទឹម​នេះ ការ​ចាក​ចេញពី​ប្រទេស​ដែល​មានការ​អភិវឌ្ឍ​តិចតួច​ក៏​ជា​ឱកាស​ផង​ដែរ ដើម្បី​ធ្វើ​ពិពិធ​កម្ម​ឧស្សាហកម្ម​រួម​គ្នា​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ទាំង​ក្នុង ​និង​ក្រៅប្រទេស ហើយ​ក៏​ជា​ឱកាស​សម្រាប់​ឧស្សាហកម្ម​ផ្សេង​ទៀត​អាច​នឹង​ពិចារណា​មក​កាន់​កម្ពុជា​ផង​ដែរ​ ។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​បញ្ជាក់​ថា​ បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កម្ពុជា​បាន​និង​កំពុងធ្វើការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ និង​គ្រប់​ក្រសួង​ស្ថាប័ន​ទាំងអស់​សម្រាប់​ធ្វើ​តារាង​សកម្មភាព​រួម​គ្នា ដើម្បី​ធានា​ថា ​នៅ​ឆ្នាំ ២០២៩ នៅ​ពេល​ដែល​កម្ពុជា​ចាក​ចេញពី​ប្រទេស​ដែល​មានការ​អភិវឌ្ឍ​តិចតួច​នោះ យើង​មាន​លក្ខខណ្ឌ​បំពេញបន្ថែម​ដើម្បី​ធ្វើ​យ៉ាងណា​ធានា​បាន​ថា​យើង​មិន​ជាប់​នៅ​ក្នុង​អន្ទាក់​នៃ​បញ្ហា​ប្រឈម​ណាមួយ​នោះ​ទេ ហើយ​យើង​នឹង​អាច​ធ្វើ​ដំណើរ​យ៉ាង​ស្វាហាប់​ដើម្បី​ពង្រីក​ឧស្សាហកម្ម​និង​សេដ្ឋកិច្ចជាតិ​ឱ្យ​កាន់តែ​រីក​ចម្រើន​ថែម​ទៀត​ ។

ទន្ទឹម​នេះ ឯកឧត្តម​រដ្ឋមន្ត្រី ជឿជាក់​ថា​ សន្និសីទ​ថ្នាក់​ជាតិ​នា​ពេល​នេះ នឹង​ផ្តល់​ជា​ធាតុ​ចូល​យ៉ាង​សំខាន់​ចំនួន ៤ តាម​រយៈ ៖
១. ប្រមូលផ្តុំ​អ្នកជំនាញ​ក្នុង​វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មក​ពី​ស្ថាប័ន​ផ្សេង​ៗ​គ្នា ដើម្បី​ចែករំលែក​ការ​យល់​ឃើញ និង​ផ្តល់​មតិយោបល់​ដើម្បី​ជំរុញ​ទីផ្សារ​ការងារ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​មាន​សន្ទុះ ក្រោយ​ពេល​កម្ពុជា​ចាក​ចេញពី​ក្រុម​ប្រទេស​អភិវឌ្ឍ​តិចតួច ​។
២. ចែករំលែក​ការ​យល់​ដឹង និង​ការ​អនុវត្ត​ល្អ​ៗ​ពាក់ព័ន្ធ​នឹង​ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ពី​តំណាង​វិស័យ​ឯកជន អ្នក​តាក់តែង​គោលនយោបាយ អ្នក​សិក្សា​ស្រាវជ្រាវ ​។
៣. ជំរុញ​ការ​ពិភាក្សា និង​ផ្តល់​ធាតុ​ចូល​ជា​យុទ្ធសាស្ត្រ​ដើម្បី​ធានា​ថា​ កម្លាំង​ពលកម្ម​កម្ពុជា​ត្រូវ​បាន​បំពេញ​តាម​តម្រូវការ​នៃ​យុគសម័យ​ឌី​ជី​ថ​ល និង​បរិការណ៍​នៃ​ការ​ប្រែប្រួល​ស្ថានភាព​សេដ្ឋកិច្ច និង​សង្គម​ ។
៤. ជំរុញ​ភាព​ជា​ដៃគូ និង​នវានុវត្តន៍​ដែល​គាំទ្រ​ការ​ផ្លាស់​ប្តូរ​សេដ្ឋកិច្ច និង​ទីផ្សារ​ការងារ​ ៕ អត្ថបទសហការ