ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រវត្តិសាស្ត្រថ្មី! Taylor Swift កើបលុយពីការលក់សំបុត្រ «Eras Tour» បានជាង២ពាន់លានដុល្លារ

2 ថ្ងៃ មុន

សហរដ្ឋអាមេរិក ៖ កំពូលតារាចម្រៀង Taylor Swift បង្កើតកំណត់ត្រាថ្មី ដោយលក់សំបុត្រការប្រគុំតន្ត្រីទេសចរណ៍ «Eras Tour» របស់នាង…

សហរដ្ឋអាមេរិក ៖ កំពូលតារាចម្រៀង Taylor Swift បង្កើតកំណត់ត្រាថ្មី ដោយលក់សំបុត្រការប្រគុំតន្ត្រីទេសចរណ៍ «Eras Tour» របស់នាង កើបលុយសរុបបានជាង ២ពាន់លានដុល្លារអាមេរិក។

កំពូលតារាចម្រៀងសញ្ជាតិអាមេរិក Taylor Swift បានចំណាយពេល២១ខែ សម្រាប់ព្រឹត្តិការណ៍ប្រគុំតន្ត្រីទេសចរណ៍ពិភពលោក «Eras Tour» ជាមួយនឹងការសម្តែងសរុបចំនួន១៤៩លើក។ ការសម្តែងចុងក្រោយរបស់តារាស្រីវ័យ៣៤ឆ្នាំរូបនេះ គឺនៅទីក្រុងវែនឃូវើ (Vancouver) ប្រទេសកាណាដា កាលពីថ្ងៃទី៨ ខែធ្នូ ហើយក៏បានបង្ហាញអំពីប្រាក់ចំណូលបានមកពីការលក់សំបុត្រសរុបចំនួន ២,០៧៧,៦១៨,៧២៥ដុល្លារ ពោលជាចំនួនទ្វេដង នៃការលក់សំបុត្រការប្រគំតន្រ្តីទេសចរណ៍ផ្សេងទៀតក្នុងប្រវត្តិសាស្ត្រ។

យោងតាមតួលេខដែលបានបញ្ជាក់ដោយក្រុមការងារ Taylor Swift Touring ទៅកាន់កាសែត New York Times ថា អ្នកគាំទ្រសរុបចំនួន ១០,១៦៨,០០៨នាក់បានចូលរួមទស្សនាការប្រគំតន្ត្រី Eras Tour ហើយសំបុត្រត្រូវបានលក់ក្នុងតម្លៃជាមធ្យមប្រហែល ២០៤ដុល្លារក្នុងមនុស្សម្នាក់ ប៉ុន្តែតួលេខនេះ មិនរាប់បញ្ចូលតម្លៃលក់បន្តនោះទេ។

នៅក្នុងចំណោមការសម្តែងសរុបទាំង១៤៩លើករបស់ Taylor Swift ការសម្តែងកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុងមែលប៊ើន (Melbourne) ប្រទេសអូស្ត្រាលី គឺជាការសម្តែងទទួលស្វាគមន៍អ្នកទស្សនាបានច្រើនជាងគេប្រចាំព្រឹត្តិការណ៍ Eras Tour ពោល ៩៦,០០៦នាក់។ ចំណែកឯការសម្តែង៨លើក នៅកីឡដ្ឋានជាតិ Wembley ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ទាក់ទាញអ្នកទស្សនាសរុបចំនួន ៧៥៣,១១២នាក់។

ការប្រគំតន្រ្តីទេសចរណ៍ Eras Tour របស់តារាចម្រៀង Taylor Swift ចាប់ផ្តើមដំបូងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ និងបញ្ចប់នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ដោយឆ្លងកាត់ប្រទេសសរុប១៥ប្រទេស រួមមាន សហរដ្ឋអាមេរិក ម៉ិកស៊ិក ប្រេស៊ីល ជប៉ុន អូស្ត្រាលី សិង្ហបុរី ស៊ុយអែត ព័រទុយហ្គាល់ បារាំង ស្កុតឡែន អង់គ្លេស អៀរឡង់ ប៉ូឡូញ អូទ្រីស និងកាណាដា៕ ប្រភព ៖ AsiaOne

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ