ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួង​ការងារ និង​វិទ្យាស្ថាន Bendigo Kangan នៃ​ប្រទេស​អូស្ត្រាលី ចុះ​អនុស្សរណៈ​យោគយល់​គ្នា លើ​ការ​បណ្តុះបណ្តាល​បច្ចេកទេស​យានយន្ត

4 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​វិទ្យាស្ថាន Bendigo Kangan (BKI) នៃ​ប្រទេស​អូស្ត្រាលី បាន​ចុះ​ហត្ថ​ល​ខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា…

រាជធានីភ្នំពេញ​ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​វិទ្យាស្ថាន Bendigo Kangan (BKI) នៃ​ប្រទេស​អូស្ត្រាលី បាន​ចុះ​ហត្ថ​ល​ខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​កសាង​ផ្លូវ​សិក្សា​ជំនាញ​ពេញ​មួយ​ជីវិត​ក្នុង​វិស័យ​រថយន្ត​អគ្គិសនី និង​វិស័យ​ពាក់ព័ន្ធ​នានា ដែល​ធ្វើ​ឡើង​នៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នា​ព្រឹក​ថ្ងៃ​ពុធ ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ ស្ថិត​ក្រោម​វត្តមាន​ជា​អធិបតីភាព​របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ រួម​និង​លោកស្រី សល​លី ឃូ​ថែ​ន (Sally Curtain) នាយិកា​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន Bendigo Kangan (BKI) នៃ​ប្រទេស​អូស្ត្រាលី និង​លោកស្រី ប្រ៊ី​ដ​ហ្គេ​ត ខូ​លី​យឺ (Bridget Collier) អនុប្រធាន​បេសកកម្ម​នៃ​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា ​។

ឯកឧត្តម ហេង សួរ បាន​ថ្លែង​ថា តាម​រយៈ​អនុស្សរណៈ​នៃ​ការ​យោគយល់​នេះ បង្ហាញ​អំពី​ទំនាក់ទំនង និង​ភាព​ជា​ដៃគូ​កាន់តែ​ជិត​ស្និទ្ធ​រវាង​កម្ពុជា និង​អូស្ត្រាលី ជា​ពិសេស​កិច្ច​សហប្រតិបត្តិការ​នេះ​នឹង​លើកកម្ពស់​វិស័យ TVET នៅ​កម្ពុជា និង​ចូលរួម​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​កម្លាំង​ពលកម្ម​កម្ពុជា​ប្រកបដោយ​ជំនាញ​ខ្ពស់​ក្នុង​វិស័យ​យានយន្ត​ ។

ឯកឧត្តម​រដ្ឋមន្ត្រី ជឿជាក់​ថា តាម​រយៈ​បទ​ពិសោធន៍ និង​គុណភាព​ក្នុង​ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​របស់​វិទ្យាស្ថាន Bendigo Kangan ដែល​ត្រូវ​បាន​ទទួលស្គាល់​ជា​យូរ​ឆ្នាំ​មក​ហើយ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី នឹង​មិន​ត្រឹមតែ​ចូលរួម​អភិវឌ្ឍ​ប្រព័ន្ធ​បណ្តុះបណ្តាល​បច្ចេកទេស TVET នៅ​កម្ពុជា​ស្រប​តាម​ស្តង់ដា​អន្តរជាតិ​ប៉ុណ្ណោះ​ទេ តែ​ក៏​នឹង​ចូលរួម​អភិវឌ្ឍ​កម្លាំង​ពលកម្ម​កម្ពុជា​ប្រកបដោយ​ជំនាញ​ខ្ពស់​លើ​វិស័យ​យានយន្ត ដោយ​នឹង​មានការ​ទទួលស្គាល់​សមត្ថភាព​ពី​ទីផ្សារ​ការងារ​អន្តរជាតិ​ផង​ដែរ​ ។​  

លោកស្រី សល​លី ឃូ​ថែ​ន (Sally Curtain) បាន​គូសបញ្ជាក់​ថា តាម​រយៈ​មជ្ឈមណ្ឌល​ឧត្តមភាព​យានយន្ត (Automotive Center of Excelence) ដែល​ស្ថិត​ក្រោម​កិច្ច​សហប្រតិបត្តិការ​រវាង​វិទ្យាស្ថាន Bendigo Kangan ជាមួយ​វិទ្យាស្ថាន​បច្ចេកទេស TVET នៅ​កម្ពុជា នឹង​ចូលរួម​បណ្តុះបណ្តាល​លើ​ជំនាញ​បច្ចេកទេស​យានយន្ត​ដល់​ធនធានមនុស្ស​នៅ​កម្ពុជា ដើម្បី​ទទួល​បាន​នូវ​ជំនាញ​ពេញ​មួយ​ជីវិត​ប្រកបដោយ​គុណភាព​ខ្ពស់ ​។​   

សូម​បញ្ជាក់​ថា អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា រវាង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​វិទ្យាស្ថាន Bendigo Kangan នៃ​ប្រទេស​អូស្ត្រាលី មាន​រយៈពេលតែ ​៣​ឆ្នាំ ដែល​ផ្តោត​លើ​កិច្ច​សហប្រតិបត្តិការ​កសាង​ផ្លូវ​សិក្សា​ជំនាញ​ពេញ​មួយ​ជីវិត​ក្នុង​វិស័យ​រថយន្ត​អគ្គិសនី និង​វិស័យ​ពាក់ព័ន្ធ​នានា ជាមួយ​វិទ្យាស្ថាន​បច្ចេកទេស TVET នៅ​កម្ពុជា ​៕ អត្ថបទសហការ