ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា ចុះ​អនុស្សរណៈយោគយល់​ជាមួយ Bendigo Kangan Institute Group របស់​ប្រទេស​អូស្ត្រាលី លើ​កិច្ចសហប្រតិបត្តិការ​កសាង​មាគ៌ា​នៃ​ការ​សិក្សាក្នុង​វិស័យ​យានយន្ត​នៅ​កម្ពុជា

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ, ថ្ងៃ​ទី​ ២៥ ខែវិច្ឆិកា ឆ្នាំ​ ២០២៤ ៖ ក្រុមហ៊ុន អ អិ​ម…

រាជធានី​ភ្នំពេញ, ថ្ងៃ​ទី​ ២៥ ខែវិច្ឆិកា ឆ្នាំ​ ២០២៤ ៖ ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) ម​.​ក បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយនឹង Bendigo Kangan Institute (BKI) Group របស់​ប្រទេស​អូស្ត្រាលី ស្តី​ពី «​កិច្ច​សហ​ប្រតិបត្តិ​ក្នុង​ការ​កសាង​មាគ៌ា​នៃ​ការ​សិក្សា​ក្នុង​វិស័យ​យានយន្ត និង​វិស័យ​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​»​ ។ ការ​ចុះ​អនុស្សរណៈ​យោគយល់​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​អធិបតីភាព លោក ង​ន សាំង អគ្គនាយក​ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) ម​.​ក និង​លោកស្រី Sally Curtain អគ្គ​នាយិកា BKI Group និង​វត្តមាន​ថ្នាក់ដឹកនាំ​ជា​ច្រើន​រូប​ទៀត​មក​ពី​ស្ថាប័ន​ទាំង​ពីរ​ ។

ក្រោម​កិច្ច​សហប្រតិបត្តិការ​រវាង ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) និង BKI Group និង​ការ​សហការ​គាំទ្រ​ដោយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) នឹង​បង្កើត​វិទ្យាស្ថាន អ អិ​ម អេ និង​មជ្ឈមណ្ឌល​ឧត្តមភាព​យានយន្ត​ក្នុង​ប្រទេស​កម្ពុជា ដែល​ជា​ថ្នាល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​វិស័យ​យានយន្ត​ឈានមុខ​គេ​បង្អស់​លំដាប់​អន្តរជាតិ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​នា​ពេល​អនាគត​នឹង​ត្រួសត្រាយ​កម្ពុជា​ឱ្យ​ឆ្ពោះទៅ​កាន់​មាគ៌ា​អភិវឌ្ឍន៍​វិស័យ​យានយន្ត និង​ការ​បណ្តុះបណ្តាល​កម្រិត​ខ្ពស់​ថ្នាក់​តំបន់ និង​ពិភពលោក​ ។

តាម​រយៈ​ការ​សហការ​រួម​គ្នា​ក្នុង​គម្រោង​នេះ នឹង​ផ្តល់​ឱកាស​ឱ្យ​យុវជន​កម្ពុជា អាច​ពង្រឹង​ជំនាញ និង​កសាង​សមត្ថភាព​របស់​ពួក​គេ​ថែម​មួយ​កម្រិត​ទៀត ​។ ស្រប​តាម​គំរូ​នៃ​ភាព​ជោគជ័យ​នៃ​គម្រោង​ពី​មុន​ៗ​មក​ដែល​វិទ្យាស្ថាន Bendigo Kangan បាន​អនុវត្ត​នៅ​ប្រទេស​អូស្ត្រាលី និង​ប្រទេស​ឥណ្ឌា គម្រោង​បង្កើត​មជ្ឈមណ្ឌល​ឧត្តមភាព​យានយន្ត​នៅ​កម្ពុជា​នេះ នឹង​ជួយ​ការ​លើកកម្ពស់​ការ​អភិវឌ្ឍ​កម្លាំង​ពលកម្ម​ផ្នែក​យានយន្ត ឱ្យ​ទទួល​បាន​នូវ​ជំនាញ​ច្បាស់លាស់​មួយ​ដែល​អាច​ទ្រទ្រង់​សហគមន៍ និង​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សង្គម​ជាតិ​ទាំងមូល​ប្រកបដោយ​និរន្តរភាព ​។

និស្សិត​គ្រប់​រូប​នឹង​ទទួល​បាន​ឱកាស​សិក្សា​រៀនសូត្រ​ជំនាញ​បច្ចេកទេស​ជាមួយនឹង​បច្ចេកវិទ្យា​ចុង​ក្រោយបង្អស់​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ហើយ​សិក្ខាកាម​ទាំងអស់​នឹង​មាន​សមត្ថភាព និង​ជំនាញ​ខ្ពស់​ក្នុង​ការ​ទទួល​បាន​នូវ​ឱកាស​ការងារ​ក្នុងស្រុក និង​ក្រៅ​ស្រុក​។ វគ្គ​សិក្សា​ជំនាញ​ដែល​មជ្ឈមណ្ឌល​នឹង​ផ្តល់​ជូន រួម​មាន​ ៖ មេកានិច​យានយន្ត តោន ជួសជុល​តួ​ខាងក្រៅ​រថយន្ត និង​បា.ញ់ថ្នាំ​ពណ៌ គ្រប់គ្រង​ឃ្លាំង និង​ស្តុក ជាដើម​ ។ គម្រោង​នេះ មិន​ត្រឹមតែ​ផ្តល់​ការ​រីក​ចម្រើន​ដល់​ធនធានមនុស្ស​របស់​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​ចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​យានយន្ត សហគមន៍ និង​សេដ្ឋកិច្ច​ទាំងមូល បូក​រួម​ជាមួយនឹង​កំណើន​វិស័យ​ទេសចរណ៍​តាម​រយៈ​ចំណូលស្រុក​និស្សិត​បរទេស​ ។

ថ្លែង​ក្នុង​កម្មវិធី លោក ង​ន សាំង អគ្គនាយក​ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) បាន​មាន​ប្រសាសន៍​ថា​៖ «​ស្រប​តាម​ចក្ខុវិស័យ​របស់​ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) ការ​បង្កើត​នូវ​វិទ្យាស្ថាន អ អិ​ម អេ និង មជ្ឈមណ្ឌល​ឧត្តមភាព​យានយន្ត​នៅ​កម្ពុជា​នេះ នឹង​ផ្តល់​ឱកាស​ឱ្យ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទទួល​បាន​នូវ​បទ​ពិសោធន៍​ថ្មីស្រឡាង​មួយ ហើយ​ក្នុង​ពេល​អនាគត​នឹង​ប្រែក្លាយ​កម្ពុជា​ឱ្យទៅ​ជា​បណ្តុំ​មជ្ឈមណ្ឌល​អប់រំ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​វិស័យ​យានយន្ត​ថ្នាក់​អន្តរជាតិ​នៅ​អាស៊ី​អាគ្នេយ៍» ​។​ លោក​បាន​បន្ត​ថា ​៖ «​យើង​តែងតែ​សិក្សា ស្រាវជ្រាវ និង​ស្វែងរក​នូវ​អ្វី​ដែល​ថ្មី ដើម្បី​យក​មក​ផ្គួប​ផ្សំគ្នា បង្កើត​បាន​ចេញ​ជា​សមិទ្ធផល​វិជ្ជមាន ដល់​ការ​ពង្រឹងសមត្ថភាព​ធនធានមនុស្ស និង​ការ​អភិវឌ្ឍ​គ្រប់​វិស័យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​» ។​ បន្ថែម​ពីលើ​នេះ លោក​បាន​បញ្ជាក់​ថា តាម​រយៈ​កម្មវិធី Earn & Learn បុគ្គលិក​ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) ទាំងអស់​ទទួល​បាន​ឱកាស​ក្នុង​ការ​សិក្សា​ជំនាញ​បន្ថែម​ណាមួយ​ដែល​ត្រូវ​នឹង​ការងារ​របស់​ខ្លួន​បច្ចុប្បន្ន​ក្នុង​អំឡុង​ម៉ោង​ធ្វើការ ស្រប​ពេល​ដែល​ពួក​គេ​នៅ​តែ​ទទួល​បាន​ប្រាក់ខែ​គោល​ដូច​ធម្មតា ។

លោកស្រី Sally Curtain អគ្គ​នាយិកា BKI Group បាន​លើក​ឡើង​ថា ​៖ «​មហិច្ឆតា​រួម​របស់​យើង​សម្រាប់​មជ្ឈមណ្ឌល​ឧត្តមភាព​យានយន្ត​នៅ​កម្ពុជា គឺ​ដើម្បី​ជួយ​បង្កើន និង​លើកកម្ពស់​ទេព​កោសល្យ​ក្នុងស្រុក និង​ប្រែក្លាយ​កម្ពុជា​ឱ្យទៅ​ជា​ប្រទេស​នាំមុខ​គេ​ក្នុង​ការ​ច្នៃប្រឌិត​យានយន្ត​» ​។ «​ក្រោម​ការ​សហការ​ជាមួយ អ អិ​ម អេ គ្រុប និង​រាជរដ្ឋាភិបាល​កម្ពុជា វិទ្យាស្ថាន Bendigo Kangan ពិតជា​មាន​សេចក្តី​សោមនស្ស​រីករាយ​ក្នុង​ការ​នាំ​យក​នូវ​បទ​ពិសោធន៍ និង​គំរូ​ល្អ​ៗ​ជា​ច្រើន​របស់​យើង​ពី​ប្រទេស​អូស្ត្រាលី និង​ប្រទេស​ឥណ្ឌា មក​បម្រើ​ដល់​គម្រោង​ដ៏​មាន​សារៈសំខាន់​មួយ​នេះ ដើម្បី​ឱ្យ​ទទួល​បាន​នូវ​ផ្លែផ្កា និង​ជោគជ័យ​» ។​ លោកស្រី​ជឿជាក់ ការ​ធ្វើការ​រួម​គ្នា​ក្នុង​គម្រោង​នេះ នឹង​ផ្តល់​ឱ្យ​វិស័យ​យានយន្ត​កម្ពុជា និង​ការ​អភិវឌ្ឍ​កម្លាំង​ពលកម្ម​នៅ​ក្នុងស្រុក ទទួល​បាន​ផល​ជា​វិជ្ជមាន និង​យូរអង្វែង ​។

អំពី​ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) ម​.​ក
ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) ម​.​ក មាន​វត្ត​មាននៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​អស់​រយៈពេល ៣២ ឆ្នាំ​មក​ហើយ​ចាប់តាំងពី​ឆ្នាំ​ ១៩៩២ ហើយ​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុង​ការ​ផ្តល់​ជូន​នូវ​សេវាកម្ម និង​ផលិតផល​ល្បី​ៗ​លើ​ពិភពលោក សម្រាប់​សហគ្រាស​ពាណិជ្ជកម្ម និង​សហគ្រាស​មិនមែន​ពាណិជ្ជកម្ម រួម​មាន​ដូច​ជា ​៖ វិស័យ​យានយន្ត កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ដំណោះស្រាយ​ក្នុង​ឃ្លាំង សេវាកម្ម​ហិរញ្ញវត្ថុ សេវាកម្ម​ជួល​រថយន្ត និង​ឧស្សាហកម្ម​ចំណីអាហារ​ ។ ទន្ទឹម​នឹង​ការ​រីក​ចម្រើន​នៃ​អាជីវកម្ម ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) ផ្តល់​អាទិភាព​ជា​ចម្បង​ដល់​ការ​អភិវឌ្ឍ​ធនធានមនុស្ស តាម​រយៈ​ការ​ផ្តល់​ឱកាស​ចុះ​កម្មសិក្សា និង​ការងារ​ជំនាញ​ដល់​និយោជិត​ក្នុងស្រុក និង​និយោជិត​បរទេស ប្រមាណ ៤០០០ នាក់ ​។ ជា​និច្ចកាល ក្រុមហ៊ុន​តែងតែ​ចូលរួម​យ៉ាង​សកម្ម​ជាមួយ​អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ក្នុង​កិច្ច​ការងារ​សង្គម និង​សប្បុរសធម៌ តាម​រយៈ​សកម្មភាព​ជា​ច្រើន​ក្នុង​វិស័យ​សុខាភិបាល បរិស្ថាន អប់រំ និង​កីឡា នៅ​ប្រទេស​កម្ពុជា មាន​ដូច​ជា ការ​សាងសង់ និង​ជួសជុល​សាលារៀន​រដ្ឋ បណ្ណាល័យ សាងសង់​បន្ទប់ទឹក សាលា​ពហុបច្ចេកទេស​នានា បរិច្ចាគ​រថយន្ត​សង្គ្រោះ​បន្ទាន់ រថយន្ត​សម្រាប់​ដឹក​វ៉ាក់សាំង និង​បរិ​កា្ខ​រ​ការពារ និង​ចូលរួម​ចំណែក​ក្នុង​ការ​ថែរក្សា​បរិស្ថាន​ស្អាត​តាម​រយៈ​ការ​ដាំ​ដើមឈើ និង​បរិច្ចាគ​ធុងសម្រាម ជាដើម ​។

អំពី​ក្រុមហ៊ុន Bendigo Kangan Institute
វិទ្យាស្ថាន Bendigo Kangan គឺជា​វិទ្យាស្ថាន​ឈានមុខ​គេ ដែល​មាន​ឯកទេស​ក្នុង​ការ​បណ្តុះបណ្តាល វាយតម្លៃ កសាង​សមត្ថភាព និង​អភិវឌ្ឍ​កម្មវិធី​សិក្សា​នៅ​ក្នុង​វិស័យ​អប់រំ និង​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី និង​ក្នុង​បណ្តា​ប្រទេស​ជា​ច្រើន​ទៀត​ក្នុង​សកលលោក ​។ ក្រុមហ៊ុន BKI Group មាន​អាជីវកម្ម​ធំ​ៗ​ចំនួន ៤ គឺ Bendigo TAFE, Kangan Institute, VETASSESS ហើយ​និង eWorks ដែល​បង្កើត​ឡើង​ក្នុង​គោលបំណង​ដើម្បី​ផ្សារ​ភ្ជាប់​ធនធានមនុស្ស​ទាំងឡាយ​ទៅ​នឹង​អាជីព និង​វិស័យ​ដែល​ត្រូវ​នឹង​ទេព​កោសល្យ​របស់​ពួក​គេ​ ។ វិទ្យាស្ថាន Bendigo Kangan មាន ៩ សាខា នៅ​រដ្ឋ Victoria ប្រទេស​អូស្ត្រាលី​ ។ មជ្ឈមណ្ឌល​ឧត្តមភាព​យានយន្ត​របស់​វិទ្យាស្ថាន Bendigo Kangan គឺជា​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ធំ​ជាង​ក្នុង​តំបន់​អឌ្ឍគោល​ខាងជើង ដែល​បាន​ផ្តល់​នូវ​ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ដល់​និស្សិត​ជាង ៥០០០ នាក់ ជា​រៀង​រាល់​ឆ្នាំ នៅ​ទូ​ទាំង​តំបន់ សម្រាប់​វគ្គ​សិក្សា​ប្រមាណ​ជាង ២៦ វគ្គ​ ។ វិទ្យាស្ថាន Bendigo Kangan គឺជា​ដៃគូ​អប់រំ​ដ៏​គួរ​ឱ្យ​ទុកចិត្ត​បំផុត សម្រាប់​មជ្ឈមណ្ឌល​ឧត្តមភាព​រថយន្ត​អន្តរជាតិ​នៅ​រដ្ឋ Gujarat ប្រទេស​ឥណ្ឌា ក្រោម​សហការ​ជាមួយ Maruti Suzuki និង​រដ្ឋាភិបាល​ប្រទេស​ឥណ្ឌា ​៕ អត្ថបទសហការ