ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម ហេង សួរ ​ជួប​ពិភាក្សា​ជាមួយ​គណៈប្រតិភូ​វិទ្យាស្ថាន Bendigo Kangan នៃប្រទេស​អូស្ត្រាលី លើ​ការ​បណ្តុះបណ្តាល​បច្ចេកទេសយានយន្ត

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ទទួល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ ដឹកនាំ​ដោយ​លោកស្រី​បណ្ឌិត…

រាជធានី​ភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ទទួល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ ដឹកនាំ​ដោយ​លោកស្រី​បណ្ឌិត សល​លី ឃូ​ថែ​ន (Sally Curtain) នាយិកា​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន Bendigo Kangan នៃ​ប្រទេស​អូស្ត្រាលី ​។ ជំនួប​ដែល​ធ្វើ​ឡើង​នៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នា​រសៀល​ថ្ងៃ​អង្គារ ទី​ ២៦ ខែវិច្ឆិកា ឆ្នាំ​ ២០២៤​ ផ្តោត​លើ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជា​ជិ​វៈ (TVET) ជា​ពិស​ស​លើ​ការ​បណ្តុះបណ្តាល​បច្ចេកទេស​យានយន្ត នៅ​កម្ពុជា ​។

ឯកឧត្តម ហេង សួរ បាន​គូសបញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា មាន​ចក្ខុវិស័យ​ក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគ​លើ​វិស័យ​យានយន្ត​នៅ​កម្ពុជា ដូចនេះ​ការ​បង្កើន​មូលធន​មនុស្ស​ប្រកបដោយ​ជំនាញ​បច្ចេកទេស គឺជា​គោលនយោបាយ​ដ៏​សំខាន់ ​។ ទន្ទឹម​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​សម្តែង​ការ​ស្វាគមន៍​ចំពោះ​វិទ្យាស្ថាន Bendigo Kangan នៃ​ប្រទេស​អូស្ត្រាលី សម្រាប់​កិច្ច​សហប្រតិបត្តិការ​ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​វិទ្យាស្ថាន​បច្ចេកទេស TVET នៅ​កម្ពុជា ក្នុង​ការ​បណ្តុះបណ្តាល​បច្ចេកទេស​យានយន្ត ជា​ពិសេស​រថយន្ត​អគ្គិសនី​ ។

ឯកឧត្តម​រដ្ឋមន្ត្រី ជឿជាក់​ថា តាម​រយៈ​កម្មវិធី​ក្រោម​កិច្ច​សហប្រតិបត្តិការ​នេះ​នឹង​អភិវឌ្ឍន៍​មូលធន​មនុស្ស​នៅ​កម្ពុជា ប្រកបដោយ​ជំនាញ​បច្ចេកទេស​ស្រប​តាម​ស្តង់ដា​អន្តរជាតិ ដែល​មិន​ត្រឹមតែ​អាច​បំពេញតម្រូវការ​អ្នកបច្ចេកទេស​យានយន្ត​សម្រាប់​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​ក៏​អាច​ស្រប​តាម​ទីផ្សារ​ការងារ​ផ្នែក​បច្ចេកទេស​យានយន្ត​នៅ​ក្រៅប្រទេស​ផង​ដែរ​ ។

ជា​ការ​ឆ្លើយ​តប លោកស្រី​បណ្ឌិត សល​លី ឃូ​ថែ​ន (Sally Curtain) បាន​សម្តែង​ការ​ពេញចិត្ត​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​វិទ្យាស្ថាន​បច្ចេកទេស TVET នៅ​កម្ពុជា ក្នុង​ការ​ផ្តល់​នូវ​ការ​បណ្តុះបណ្តាល​បច្ចេកទេស​យានយន្ត ដល់​ប្រជាជន​កម្ពុជា ​។ លោកស្រី ជឿជាក់​ថា តាម​រយៈ​បទ​ពិសោធន៍​ក្នុង​ការ​បណ្តុះបណ្តាល​របស់​វិទ្យាស្ថាន Bendigo Kangan នៃ​ប្រទេស​អូស្ត្រាលី នឹង​អាច​សហការ​បាន​យ៉ាង​ល្អជា​មួយ​វិទ្យាស្ថាន​បច្ចេកទេស TVET នៅ​កម្ពុជា ក្នុង​ការ​លើកកម្ពស់​គុណភាព​កាន់តែ​ប្រសើរ​ក្នុង​ការ​បណ្តុះបណ្តាល​បច្ចេកទេស​យានយន្ត​នៅ​កម្ពុជា ​៕ អត្ថបទសហការ