រាជធានីភ្នំពេញ ៖ ជីវិតពិត និងការសម្តែងហាក់ខុសគ្នាឆ្ងាយ ពន្លកសិល្បៈទើបនឹងរះតួត្លុក រិទ្ធ ដារ៉ូ ប្រិយមិត្តទូរទស្សនិកជនអាចនឹងបានស្គាល់ហើយ ក្រោយលោកតែងតែបង្ហើរសំឡេង និងការសម្តែងជាមួយតួត្លុកម្នាក់ទៀត មុំវណ្ណ ដាវីន ដែលនាពេលថ្មីៗនេះ មានការចាប់អារម្មណ៍ទៅលើយុវជនទាំងពីររូបនេះជាខ្លាំង ។
ជាការពិត តាមរយៈការសម្តែងតួ ត្លុក ដារ៉ូ និងដាវីន ដែលជាមិត្តជិតស្និតជាគ្នានេះ តែងតែផ្សារភ្ជាប់ជាមួយសិល្បវប្បធម៌ខ្មែរ ដែលមហាជនតែកោតសរសើរចំពោះពួកគេអាចសម្តែងទៅសម មហាជនតែងផ្ទុះសំណើចពេញផ្ទៃរឿង និងឈុតឆាកកំប្លុកកំប្លែងនាពេលកន្លងទៅ ។
លោកអ្នកពិតជាចង់ជ្រាបហើយ ពីជីវិតតួត្លុករូបនេះ តើបានហែរឆ្លងអ្វីខ្លះ ទម្រាំបាននឹងជួបគ្នា ចាប់ដៃគូសម្តែងជាមួយ ក្រោយពេលដារ៉ូបានផ្អាកពីការសិក្សាដល់ទៅ៥ឆ្នាំនោះ ។
តាមរយៈបទសម្ភាសន៍ជាមួយសារព័ត៌មានកោះសន្តិភាព លោក រិទ្ធ ដារ៉ូ ដែលមានមាឌធំជាង ដាវីននោះ លោកថា មូលហេតុដែលលោកសម្តែងជាតួរអង្គត្លុកនោះ ដោយលោកយល់ថា រូបរាងមុខមាត់របស់លោកស័ក្តសមជាមួយតួត្លុក ដោយបូករួមជាមួយសម្តីសំដៅ និងសមត្ថភាពពីធម្មជាតិដែលបានឆ្លងកាត់សាលាវិចិត្រសិល្បៈនោះ ។
ស្ថិតក្នុងវ័យ ២៣ឆ្នាំ ដារ៉ូ ដែលមានកន្លែងកំណើតនៅខណ្ឌដូនពេញ រាជធានីភ្នំពេញ លោកថា តាំងពីតូចលោកអាចចំណង់ខាងសិល្បៈច្រើនដែលចូលការទស្សនាសិល្បៈ និងអ្វីដែលបានផ្សារភ្ជាប់ជាមួយទម្រាង់សិល្បៈវប្បធម៌ខ្មែរ ដូចជា តួត្លុក និងការសម្តែងរឿងជាដើម ។
ស្ថិតក្នុងចំណោមបងប្អូន៣នាក់ លោកមានជំនាញសមត្ថភាពជាមួយសិល្បៈ ដោយងាកវិលទៅអតីតនោះលោកក៏មានឪពុក និងយាយជាអ្នកសិល្បៈផងដែរ ។
លោក រិទ្ធ ដារ៉ូ បន្តទៀតថា ក្នុងអំឡុងឆ្នាំ២០១៨ រៀនថ្នាក់ទី១២ ដែលជាឆ្នាំទី៦ នៅសាលាមធ្យមវិចិត្រសិល្បៈ ពេលនោះលោករៀនមិនចប់ទេ ដោយសារកង្វះខាតច្រើនទើបរៀនបានពាក់កណ្តាលឆ្នាំរួចក៏ឈប់រៀន ។
លុះក្រោយមកទៀតរយៈពេល៤ឆ្នាំ លោកបានធ្វើការសន្សំលុយ ដោយគិតថា ថ្ងៃណាមួយនឹងអាចចូលរៀនម្តងទៀតរៀនផងធ្វើការផង មិនបានប៉ុន្មានលោកសន្សំលុយបានចំនួន៤០០ដុល្លារ ក៏បានបន្តការសិក្សារ និងជួបដៃគូរបស់លោក គឺដាវីន ក្រោយពេលលោកផ្អាកការសិក្សាជាច្រើនឆ្នាំ ។
តួត្លុក កំប្លែងមុខមាត់ស្ងួត ដារ៉ូ ថា ការប្រឡូងក្នុងសិល្បៈដំបូងរបស់លោកបានកម្រៃត្រឹម ៣០ដុល្លារប៉ុណ្ណោះ តែនាពេលបច្ចុប្បន្នលោកថា បានរៀងក្រែល ខណៈពេលមានការគាំទ្រពីមហាជននោះ ។
បើងាករឿងម៉ាកងាយវិញលោកថា តែងជួបខ្លះដែរ ដែលគេថា រាំរែក សិល្បៈបានប្រយោជន៍អី ដោយពាក្យទាំងនេះ ។ ពោលត្រង់ចំណុចនេះ លោកចង់បង្ហាញទៅថា ការងារអ្វីក៏ដោយក៏ល្អសំខាន់នេះជាការស្រឡាញ់ និងជាសមត្ថភាពចំណេះជំនាញពីធម្មជាតិរបស់លោក ។
គួរបញ្ជាក់ដែរថា ដារ៉ូបានបញ្ចប់ជំនាញដឹកនាំរឿង ឯកទេសរបាំប្រពៃណី នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៃមហាវិទ្យាល័យសិល្បៈនាដសាស្ត្រ ដែលមានឪកាសសម្តែង និងទទួលការចាប់អារម្មណ៍ខ្លាំងតាមរយៈរូបរាង សំឡេង និងសមត្ថភាពសម្តែង ៕ ដោយ៖លីហួ គីមឆាយ
ចែករំលែកព័តមាននេះ